ព័ត៌មានជាតិ
អតីតមន្ត្រីការទូតជើងចាស់៖ យន្តការផ្សះផ្សាក្រោម UNCLOS ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា-ថៃលើដែនសមុទ្រត្រួតស៊ីគ្នា
អតីតមន្ត្រីការទូតជើងចាស់ បណ្ឌិត ពូ សុធីរៈ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) បានលើកឡើងថា យន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា និងថៃ ប៉ុន្តែលទ្ធផលនឹងអាស្រ័យលើឆន្ទៈនយោបាយរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី បណ្ឌិត ពូ សុធីរៈ បានលើកឡើងថា មេរៀនសំខាន់បំផុតពីបទពិសោធន៍នៃការប្រើយន្តការផ្សះផ្សាក្រោម UNCLOS គឺការជឿជាក់លើនីតិរដ្ឋអន្តរជាតិ។ លោកបញ្ជាក់ថា នៅក្រោម UNCLOS ប្រទេសជាសមាជិកទាំងអស់ មិនថាជាប្រទេសតូច ឬប្រទេសធំ សុទ្ធតែមានសិទ្ធិស្មើគ្នាក្រោមច្បាប់អន្តរជាតិ។ ដូច្នេះ ប្រទេសតូច អាចប្រើច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដោយមិនអាស្រ័យលើទំហំ ឬកម្លាំងរបស់ប្រទេសនោះឡើយ។
លោកបានពន្យល់បន្តថា ទោះបីយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) មិនមែនជាការសម្រេចដែលមានអនុភាពចងកាតព្វកិច្ចដោយផ្ទាល់ក៏ដោយ ប៉ុន្តែប្រសិនបើភាគីទាំងពីរព្រមទទួលយក និងអនុវត្តតាមលទ្ធផលដែលបានព្រមព្រៀងគ្នា នោះកិច្ចព្រមព្រៀងអាចមានប្រសិទ្ធភាពអនុវត្តបាន។ លោកចាត់ទុកថា នេះជាផ្លូវមួយដែលអាចនាំទៅរកដំណោះស្រាយឈ្នះទាំងសងខាង ប្រសិនបើកម្ពុជា និងថៃមានឆន្ទៈនយោបាយពិតប្រាកដក្នុងការបញ្ចប់វិវាទដោយសន្តិវិធី។
បណ្ឌិត ពូ សុធីរៈ បានសង្កត់ធ្ងន់ថា ចំណុចសំខាន់មួយទៀត គឺការកសាងទំនុកចិត្តរវាងភាគីទាំងពីរ។ តាមការលើកឡើងរបស់លោក កម្ពុជា និងថៃត្រូវបន្តចូលរួមក្នុងការចរចា ការទូត និងយន្តការផ្លូវច្បាប់ ដើម្បីដោះស្រាយភាពខុសគ្នា ជាជាងងាកទៅរកការប្រើកម្លាំងយោធា។ លោកមានប្រសាសន៍ថា ដំណើរការផ្សះផ្សាក្រោម UNCLOS អាចជួយកាត់បន្ថយហានិភ័យនៃការប្រើកម្លាំង ដោយធ្វើឱ្យភាគីទាំងពីរផ្តោតលើដំណោះស្រាយតាមផ្លូវច្បាប់ និងការទូត។
ជាមួយគ្នានេះ លោកបានអះអាងថា ការដែលកម្ពុជា និងថៃយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សារួមគ្នា គឺជាជំហានដំបូងដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការកសាងទំនុកចិត្តមិនអាចកើតឡើងក្នុងរយៈពេលខ្លីទេ ប៉ុន្តែទាមទារឱ្យមានការសន្ទនា និងការចរចាប្រកបដោយភាពស្មោះត្រង់ និងបើកចំហរវាងភាគីទាំងពីរ។

បន្ថែមពីនេះ លោកបានលើកឡើងថា ភាគីទាំងពីរត្រូវប្រកាន់យកស្មារតី «ឱ្យ និងទទួល» (Give and Take) ដោយមិនអាចទាមទារផលប្រយោជន៍ទាំងអស់សម្រាប់ខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ភាគីទាំងពីរត្រូវមានការសម្របសម្រួល ផ្តល់សម្បទានខ្លះ និងមានឆន្ទៈនយោបាយរួម ដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។
លោកបញ្ជាក់ថា សម្រាប់កម្ពុជា ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS មានគោលបំណងការពារអធិបតេយ្យភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ជាតិ រួមទាំងការពិភាក្សាពាក់ព័ន្ធនឹងធនធាននៅបាតសមុទ្រ។ លោកបានបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការរក្សាការគោរពគ្នាទៅវិញទៅមក ការកសាងទំនុកចិត្ត និងការជៀសវាងការវិលត្រឡប់ទៅរកការប្រើដំណោះស្រាយដោយកម្លាំងយោធា ព្រោះនោះមិនមែនជាវិធីល្អក្នុងការបញ្ចប់វិវាទរវាងប្រទេសទាំងពីរនោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


