Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់ទណ្ឌកម្មចៅក្រម ICC ២រូបទៀត ជុំវិញ​សំណុំរឿង​ឧក្រិដ្ឋកម្មសង្គ្រាម​អ៊ីស្រាអែលនៅហ្គាហ្សា

បានផុស

នៅ

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំនួនពីររូបទៀត ដែលនេះជាការបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះតុលាការដែលបានដេញដោលលើ​សំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម ពាក់ព័ន្ធនឹងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​រ៉យទ័រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីសាលក្រមថ្មីៗរបស់តុលាការ ICC ដែលបានចេញ​ដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant។ ចៅក្រមទាំងនោះ បានបោះឆ្នោតទាត់ចោល​សំណើ​របស់អ៊ីស្រាអែល ក្នុងការបញ្ឈប់ការស៊ើបអង្កេត​លើ​រឿង​ក្ដី​នេះ។

លោក Rubio បានចោទប្រកាន់តុលាការថាបានប្រើអំណាចជ្រុលហួសហេតុ ដោយលើកឡើងថា «យើងនឹងមិនអត់ឱនចំពោះការរំលោភអំណាចរបស់ ICC ដែលរំលោភលើអធិបតេយ្យភាពរបស់អាមេរិក និងអ៊ីស្រាអែលនោះឡើយ»។

លោក Marco Rubio (រូបថត៖​ Reuters)

យោងតាមមន្ត្រីអាមេរិក ចៅក្រមដែលរងទណ្ឌកម្មរួមមាន លោក Gocha Lordkipanidze មកពីប្រទេសហ្សកហ្ស៊ី និងលោក Erdenebalsuren Damdin មកពីប្រទេសម៉ុងហ្គោលី។ វិធានការទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន មានការហាមឃាត់ការធ្វើដំណើរចូលទឹកដី​អាមេរិក និងការបង្កកទ្រព្យសម្បត្តិទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការរបស់​អាមេរិក។

តុលាការ ICC បានថ្កោលទោសចំពោះទណ្ឌកម្មនេះ ដោយហៅវាថាជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» លើឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងបានព្រមានថា ចំណាត់ការនេះធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ។

យ៉ាង​ណា​មិញ អ៊ីស្រាអែលបានសាទរចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលចំណាត់ការនេះបានធ្វើឲ្យភាពតានតឹងរឹត​តែខ្លាំង​​ឡើង​រវាង​អាមេរិក និងតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ គួររំលឹកផងដែរថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងរុស្ស៊ី មិនមែនជាសមាជិកនៃតុលាការ ICC ហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការ​មួយ​នេះ​ដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម