Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្គត់ផ្គង់យន្តហោះចម្បាំង F-15 ទៅឲ្យ អ៊ីស្រាអែល

បានផុស

នៅ

ក្រសួងការពារជាតិអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទទី ២៩ ខែធ្នូថា ក្រុមហ៊ុន Boeing (BA.N) ទើបតែទទួលបានកិច្ចសន្យាតម្លៃ ៨,៦ ពាន់លានដុល្លារសម្រាប់កម្មវិធីយន្តហោះចម្បាំង F-15 អ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋផ្លរីដា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយដោយ Reuters ក្រសួងការពារជាតិ​អាមេរិកថា កិច្ចសន្យា​នេះ​ផ្តល់​នូវ​ការ​រចនាការ​ធ្វើ​សមាហរណកម្ម សម្រាប់ការរចនា ការរួមបញ្ចូលបច្ចេកវិទ្យា ការដំឡើងឧបករណ៍ ការធ្វើតេស្ត ផលិត និងដឹកជញ្ជូនយន្តហោះចម្បាំងធុនធ្ងន់ F-15IA ចំនួន ២៥ គ្រឿងទៅឲ្យកងទ័ពអាកាសអ៊ីស្រាអែល ជាមួយនឹងជម្រើសអនុញ្ញាតឲ្យអតិថិជនទិញយន្តហោះបន្ថែមចំនួន ២៥ គ្រឿងទៀត។

មន្ទីរបញ្ចកោណបានបញ្ចាក់ទៀតថា កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការលក់អាវុធយោធាបរទេសទៅឲ្យអ៊ីស្រាអែល ខណៈសហរដ្ឋអាមេរិកជាយូរមកហើយ គឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។

ក្រសួងការពារជាតិអ៊ីស្រាអែលកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសពីការចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៥,២ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង F-15IA ចំនួន ២៥គ្រឿង ជាមួយនឹងជម្រើសក្នុងការបញ្ជាទិញបន្ថែមចំនួន ២៥គ្រឿងទៀត ប្រសិនបើចាំបាច់។ កិច្ចព្រមព្រៀងនេះត្រូវបានបង់ដោយថវិកាជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុង Tel Aviv។ យន្តហោះចម្បាំងចំនួន ២៥គ្រឿងនេះ នឹងត្រូវបានដឹកជញ្ជូនជាបាច់ៗចំនួន ៤-៦គ្រឿងក្នុងមួយឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០៣១។

យន្តហោះចម្បាំង F-15 គឺជាយន្តហោះចម្បាំងធុនធ្ងន់មួយគ្រឿង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន McDonnell Douglas Corporation ក្នុងឆ្នាំ១៩៦៧ និងបានចូលបម្រើការងារជាមួយកងទ័ពអាកាសអាមេរិកក្នុងឆ្នាំ ១៩៧៦។ នេះគឺជាយន្តហោះចម្បាំងសំខាន់មួយរបស់អាមេរិក ដែលធ្វើឲ្យប្រសើរឡើងសម្រាប់ភារកិច្ចនៃឧត្តមភាពផ្លូវអាកាស និងការគ្រប់គ្រងដែនអាកាស។

ចំណែក យន្តហោះចម្បាំង F-15IA បានបង្កើតឡើងពីយន្តហោះចម្បាំង F-15EX ជំនាន់ទំនើបបំផុតនៅក្នុងសេវាកម្មសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ហើយក្នុងពេលជាមួយគ្នានេះ បានអនុវត្តការកែតម្រូវមួយចំនួនតាមការស្នើសុំរបស់អ៊ីស្រាអែល។

ដោយឡែក ចំពោះយន្តហោះចម្បាំង F-15EX បានប្រើប្រាស់ម៉ាស៊ីន F110 ដោយជំនួសគ្រួសារ F100 នៅក្នុងកងនាវា F-15C/D និង F-16។ រចនាសម្ព័ន្ធស្លាបត្រូវបានកែលម្អដើម្បីបង្កើនភាពធន់ ខណៈពេលដែលប្រព័ន្ធគ្រប់គ្រងបានផ្លាស់ប្តូរពីការគ្រប់គ្រងដោយប្រព័ន្ធធារាសាស្ត្រសុទ្ធទៅជាការគ្រប់គ្រងដោយខ្សែ។ យន្តហោះនេះត្រូវបានបំពាក់ដោយរ៉ាដាអារេអេឡិចត្រូនិចស្កេនសកម្ម អេក្រង់បង្ហាញការបង្រួម និងឧបករណ៍ទំនាក់ទំនងថ្មី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សមយុទ្ធចិនថ្ងៃទី២ ជុំវិញ តៃវ៉ាន់ ក្ដៅខ្លាំងជាងម្សិលមិញ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម