Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ជាង​១០ រួម​ទាំង​អឺរ៉ុប​សម្តែង​ការ​ខឹង​សម្បារ​​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មន្រ្តី​អ៊ីស្រាអែល​បង្ហោះ​វីដេអូ​ធ្វើ​បាប​សកម្មជន​ ដែល​​បំណង​យក​ជំនួយ​ទៅ​ហ្គាហ្សា​

បានផុស

នៅ

សកម្មជន​ដឹកជំនួយ​​មនុស្ស​ធម៌​ ជាង​៤០០​នាក់ មក​ពី​ជុំវិញ​ពីភពលោក បាន​ព្យាយាមបំបែកការបិទ​ខ្ទប់​ផ្លូវ​សមុទ្រ​របស់​អ៊ីស្រាអែល​ ដោយ​ដឹក​យក​ជំនួយ​ ឆ្ពោះ​ទៅ​តំបន់ហ្គាហ្សា​ក្នុងអំឡុង​ពេល​​មានសេចក្តីរាយការណ៍​អំពីការ​ខ្វះខាត​ស្បៀង​អាហារ​​យ៉ាង​ខ្លាំង​ក្នុងតំបន់នោះ ប៉ុន្តែ​ ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​កងកម្លាំងអ៊ីស្រាអែល​ នៅ​ឯ​ឆ្នេរ​សមុទ្រ​ស៊ីបក្នុង​សមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃចន្ទ​​។

សារព័ត៌មានអន្តរជាតិ​ជាច្រើន​ រួម​ទាំង​ CNN, ABC និង​សារព័ត៌មាន​ដទៃទៀត​ បាន​ផ្សាយ​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០២៦ ឲ្យ​ដឹង​ថា​ រដ្ឋ​មន្ត្រី​សន្តិ​សុខ​ជាតិ​ស្តាំ​និយម​របស់អ៊ីស្រាអែល លោក Itamar Ben-Gvir បាន​បង្ហោះវីដេអូ​មួយ​ក្នុង​ន័យ​សើច​ចំអក​ឱ្យសកម្មជនដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​ បន្ទាប់​ពី​ការ​ចាប់​រឹបអូស​ ​​នាវា Global Sumud Flotilla ខណៈសមាជិកមួយចំនួន​នៃ​ក្រុម​ជំនួយ​​ត្រូវបានរុញច្រាននិងអូស​​ផ្ទាល់​ដី​យ៉ាង​កំរោល​ ដោយ​កង​កម្លាំងអ៊ីស្រាអែល​។

សកម្មភាព​អ៊ីស្រាអែល​កំពុង​ធ្វើ​បាបសកម្មជន។ រូបភាព៖ បណ្តាញ​សង្គម​ X របស់លោក Ben-Gvir ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូបង្ហោះដោយ​ដាក់​ចំណងជើងថា «សូមស្វាគមន៍មកកាន់​អ៊ីស្រាអែល» បង្ហាញពីសកម្មជន​​ដែល​បង្ខំឱ្យលុតជង្គង់​លើដី ​និង​​ដៃ​របស់​ពួកគេត្រូវបាន​ចងពីក្រោយខ្នង។

លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប​ បានរិះគន់រដ្ឋមន្ត្រីស្តាំនិយមរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir កាលពីថ្ងៃ​ពុធ បន្ទាប់ពី​កងកម្លាំង​អ៊ីស្រាអែល​បង្ខំ​សកម្មជន​ឲ្យ​លុតជង្គង់ជាជួរ ដោយ​ដៃរបស់ពួកគេចងនៅពីក្រោយខ្នង ខណៈរដ្ឋមន្ត្រីកំពុង​សម្លឹងមើល​សកម្មភាព​ទាំងនោះ​។

លោកស្រី Kallas លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការ​ប្រព្រឹត្ត​ចំពោះសកម្មជនរបស់​នាវា Global Sumud ក្នុង​ចំណោមពួកគេ​ក៏​មាន​ពលរដ្ឋសហភាព​អឺរ៉ុបដែរ! វា​គឺជាទង្វើដ៏អាម៉ាស់ និងខុស​ធ្ងន់​ធ្ងរ​។ អាកប្ប​កិរិយា​របស់ លោក Ben-Gvir គឺមិនសមរម្យ​សម្រាប់ប្រទេស​​លទ្ធិប្រជាធិបតេយ្យ»។

ជុំ​វិញ​ករណី​នេះ ប្រទេស​ជាង១០ មាន តួកគី កាណាដា អូស្រ្តាលី កាតា អ៊ីតាលី ប៉ូឡូញ ចក្រភពអង់គ្លេស កូរ៉េខាងត្បូង ហូឡង់ អេស្ប៉ាញ បារាំង បែលហ្ស៊ិក[…] ​បានសម្តែងការ​ខឹង​សម្បារ​យ៉ាងខ្លាំង បន្ទាប់​ពី​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ Itamar Ben-Gvir ចែករំលែកវីដេអូ​បង្ហាញ​​ពី​អំពើ​អាក្រក់និង​អាម៉ាស់​ដល់​សកម្មជន​របស់​នាវា​ Global Sumud Flotilla រាប់សិបនាក់​។

ក្នុងចំណោមអ្នក​ដែល​ត្រូវបានឃុំខ្លួន មានជនជាតិអូស្ត្រាលី​ចំនួន ១១នាក់ ពួកគេទាំង​អស់​ត្រូវបាន​នាំ​ទៅ​កាន់​ប្រទេសអ៊ីស្រាអែលតាមនាវាកងទ័ព​ជើងទឹកកាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Penny Wong ថា៖ « សកម្មភាព​ក្នុង​វីដេអូនោះ ​មិនអាចទទួលយកបាន​ទេ»។

លោកស្រីថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅ​កាន់​សារព័ត៌មាន​ ABC ថា៖ « យើងថ្កោលទោសសកម្មភាពរបស់​រដ្ឋមន្ត្រីអ៊ីស្រាអែល ​លោក Ben-Gvir ​ជា​សកម្មភាពដ៏អាម៉ាស់របស់អាជ្ញាធរអ៊ីស្រាអែល ​ចំពោះសកម្ម​ជន​»។

ដោយ​ឡែក រដ្ឋមន្ត្រី​ការបរទេសបារាំង លោក Jean-Noël Barrot បាន​ហៅទូរស័ព្ទទៅកាន់​​បេសកជនអ៊ីស្រាអែលប្រចាំទីក្រុងប៉ារីស ដោយទទូច​ថា៖ « ពលរដ្ឋ​បារាំង​ត្រូវតែ​​ទទួល​បាន​ការគោរព និង​ដោះលែងយ៉ាងឆាប់រហ័ស»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម