Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev៖ រុស្ស៊ី«មិនមែនឆ្កួត» ដែល​ចង់បានសង្គ្រាមលោកនោះ​ទេ

បានផុស

នៅ

លោក Dmitry Medvedev មន្ត្រីសន្តិសុខជាន់ខ្ពស់ និងជាអតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ​នា​ថ្ងៃច​ន្ទ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​នេះ​ថា ប្រទេសរុស្ស៊ី «មិនមែនឆ្កួតឡើយ» ហើយក៏គ្មានបំណងចង់​ឲ្យ​មានសង្គ្រាម​លោក​នោះដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

លោក Dmitry Medvedev (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីគេហដ្ឋានរបស់លោកនៅក្រៅទីក្រុងមូស្គូ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាបរិយាកាសអន្តរជាតិបច្ចុប្បន្នគ្រោះថ្នាក់ខ្លាំង ហើយកម្រិតនៃការអត់ធ្មត់ចំពោះការបង្កើនភាពតានតឹងកំពុងធ្លាក់ចុះក៏ដោយ ក៏ទីក្រុងមូស្គូមិនមានចំណាប់អារម្មណ៍ក្នុងការបង្កសង្គ្រាមលោកនោះទេ។ យ៉ាង​ណា លោកបានព្រមានថា ការប្រឈមមុខដាក់គ្នាបែបនេះនៅតែអាចកើតមាន បើមហាអំណាចលោកខាងលិចនៅតែបន្តមើលរំលងផលប្រយោជន៍សន្តិសុខជាមូលដ្ឋានរបស់រុស្ស៊ី។

សម្ដីរបស់លោក Medvedev បានកើតឡើងចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងការទូតជាថ្មី ខណៈដែលប្រធានរដ្ឋបាលរបស់ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុងព្យាយាមចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោក Medvedev បានសរសើរចំពោះការបន្តទំនាក់ទំនងកម្រិតខ្ពស់ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយហៅកិច្ចសន្ទនានេះថាជាសញ្ញាលើកទឹកចិត្ត បន្ទាប់ពីភាពតានតឹងបានឈានដល់កម្រិតកំពូលអស់រយៈពេលជាច្រើនឆ្នាំ។ ថ្វី​ដ្បិត​​តែ​បែប​​នេះក្ដី លោកបានច្រានចោលការព្រមានរបស់លោកខាងលិចដែលថា ជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងនាំ​ឲ្យ​មានការវាយប្រហារលើដែនដីអង្គការ​ណាតូ ដោយលោកបានហៅការភ័យខ្លាចទាំងនោះថាជា «រឿងឥតន័យ» ដែលបង្កើតឡើងដើម្បីបង្ហាញភាពត្រឹមត្រូវដល់ការជ្រៀតជ្រែកយោធារបស់លោកខាងលិច។

នៅពេលឆ្លុះបញ្ចាំងពីការប្រែប្រួលនៃព្រឹត្តិការណ៍ពិភពលោកក្នុងរយៈពេលមួយខែកន្លងមកនេះ លោក Medvedev បានរិះគន់សកម្មភាពនាពេលថ្មីៗរបស់សហរដ្ឋអាមេរិកនៅបរទេស ជាពិសេសអន្តរាគមន៍ក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរុស្ស៊ី គឺ​លោក Nicolás Maduro។ លោកបានប្រកែកថា លោកខាងលិចនៅតែបន្តប្រឌិត«រឿងគួរឲ្យខ្លាច» ពាក់ព័ន្ធនឹងឥទ្ធិពលរបស់រុស្ស៊ី និងចិន ដើម្បីបិទបាំងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ពួកគេផ្ទាល់។ ទោះបីជាលោក Medvedev ត្រូវបានគេស្គាល់ថាជាអ្នកមានមតិរឹងរូស​ក៏ដោយ ក៏ក្រុមអ្នកការទូតបរទេសមើលឃើញថា សម្ដីចុងក្រោយរបស់លោកគឺជាការឆ្លុះបញ្ចាំងពីការគិតរបស់ក្រុមឥស្សរជនស្នូលនៅក្នុងវិមានក្រឹមឡាំង ខណៈដែលពួកគេកំពុងស្វែងរកលទ្ធភាពនៃកិច្ចចរចាសន្តិភាពជាមួយរដ្ឋបាលថ្មីរបស់​អាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម