Connect with us

ព័ត៌មានអន្ដរជាតិ

Rubio បន្ទោស UN ថា «គ្មានចំណែក» ដោះស្រាយជម្លោះណាបានសោះ

បានផុស

នៅ

ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានរិះគន់អង្គការសហប្រជាជាតិកប់ៗមាត់ ដោយបន្ទោសថា ស្ថាប័នមួយនេះ គ្មានចំណែកក្នុងការដោះស្រាយជម្លោះណាបានសោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូប៖ Reuters)

តាមការផ្សាយរបស់គេហទំព័រ DW, លោក Rubio និយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ពង្រឹងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ដើម្បីឲ្យអឺរ៉ុបដែលរឹងមាំអាចជួយសហរដ្ឋអាមេរិកក្នុងបេសកកម្មស្តារឡើងវិញជាសកលរបស់ខ្លួន។ ទន្ទឹមនោះ លោកបានរិះគន់ UN ថា ស្ទើរតែគ្មានតួនាទីអ្វីសោះ ក្នុងការដោះស្រាយជម្លោះនានា រួមទាំងនៅតំបន់ហ្គាហ្សាផងដែរ។ 

ជុំវិញភាពបែកបាក់គ្នានៅអឺរ៉ុប លោក Rubio បញ្ជាក់ថា៖ «យើងមិនចង់ឲ្យមានការបែកបាក់នោះទេ ប៉ុន្តែគឺដើម្បីធ្វើឲ្យមិត្តភាពចាស់ស្អិតរមួតជាថ្មី និងស្តារអរិយធម៌ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិឡើងវិញ។ យើងចង់ឲ្យអឺរ៉ុបរឹងមាំ! ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជារបស់គ្នាទៅវិញទៅមក»។

លើសពីនេះ លោកចោទថា UN បានក្លាយជាវេទិកាមួយដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល និងជាស្ថាប័នដែលខ្វះប្រសិទ្ធភាពក្នុងការបង្ខំឲ្យមានសន្តិភាពពិតប្រាកដ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ចាប់ដៃអធិការបតីអាល្លឺម៉ង់ Friedrich Merz (រូប៖ Reuters)

នេះមិនមែនជារឿងថ្មីឡើយដែលសហរដ្ឋអាមេរិក បន្ទោស UN ចំពោះភាពអសកម្មក្នុងការដោះស្រាយជម្លោះ។ កាលពីខែកញ្ញាឆ្នាំមុន មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ក៏ពន្លះខ្លាំងៗដែរថា UN គ្មានជួយបញ្ចប់សង្គ្រាមណាមួយបានសោះ រួមទាំងជម្លោះ កម្ពុជា-ថៃផងដែរ។

កាលនោះ លោកត្រាំ ថ្លែងក្នុងសុន្ទរកថានៅឯមហាសន្និបាត UN លើកទី៨០នាទីក្រុងញូវយ៉កថា ស្ថាប័នពិភពលោកមួយនេះ គ្មានជួយដោះស្រាយសង្គ្រាមអ្វីបានទេ។

ប្រធានាធិបតីអាមេរិកនិយាយថា លោកទេដែលបានបញ្ចប់សង្គ្រាមដល់ទៅ៧។ វាអាក្រក់មើលណាស់ដែលលោកត្រូវធ្វើរឿងទាំងនេះ ជំនួស UN។ ក្នុងជម្លោះទាំង៧ដែលលោកត្រាំអះអាងថាបានបញ្ចប់ មានដូចជា៖ កម្ពុជា-ថៃ, អាមេនី-អាស៊ែរបៃហ្សង់, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ-រវ៉ាន់ដា, ឥណ្ឌា-ប៉ាគីស្ថាន, អ៊ីស្រាអែល-អ៊ីរ៉ង់, អេហ្ស៊ីប-អេត្យូពី និង កូសូវ៉ូ-ស៊ែប៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម