Connect with us

ព័ត៌មានអន្ដរជាតិ

​​អឺរ៉ុប​គាំ​ទ្រ​ប្រទេសនានា​​ក្នុង​ឈូង​សមុទ្រ​​​​ឆ្លើយ​តប​ការពារ​ខ្លួន​ ពេល​​អ៊ីរ៉ង់​បាញ់​មីស៊ីលដាក់​

បានផុស

នៅ

បណ្តា​មេ​ដឹកនាំសហភាពអឺរ៉ុប​​សម្តែងការ​គាំទ្រ ចំពោះ​ប្រទេស​ក្នុង​ឈូង​សមុទ្រ​​​អារ៉ាប់ឱ្យ​ការពារ​ខ្លួន​​​ ​ខណៈ​អ៊ីរ៉ង់​បន្ត​បាញ់​មីស៊ីលនិង​យន្តហោះគ្មាន​មនុស្សបើក ​(ដ្រូន​) ទៅ​កាន់​គោលដៅ​នានា​ទូទាំងតំបន់​សង​សឹក​​ទៅ​នឹង​ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល។

មេដឹកនាំ​អឺរ៉ុប។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Al Jazeera ចុះផ្សាយ​ថ្ងៃ​ទី​០៥ខែមីនា ឆ្នាំ​២០២៦, លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាព​អឺរ៉ុប ​និង​មេដឹកនាំអឺរ៉ុបដទៃ​ទៀត បាន​ជួបពិភាក្សា​ជាមួយមន្ត្រីក្រុមប្រឹក្សា​សហប្រតិបត្តិការឈូង​សមុទ្រ (GCC) ​នៅ​ថ្ងៃព្រហស្បតិ៍​​ ក្នុង​​ទីក្រុង​ព្រុច​សែល ដោយ​ថ្កោលទោសការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ ​ប្រឆាំង​នឹង​ប្រទេស​នានា​ក្នុង​ឈូង​សមុទ្រ​។

មេដឹកនាំ​អឺរ៉ុប​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ EU-GCC ថា​៖ «ពួក​យើង​​ថ្កោល​ទោស​យ៉ាង​​ខ្លាំង​​ចំពោះ​​ការ​វាយ​ប្រហារ​​​របស់​​អ៊ីរ៉ង់​​ដែល​​មិន​​សម​ហេតុផល​​ប្រឆាំង​នឹង​​ប្រទេស​ក្នុង​ឈូង​សមុទ្រ​ GCC ​គំរាម​កំហែង​​ដល់​សន្តិសុខ​​ក្នុង​តំបន់ និង​ពិភពលោក។ យើង​សូម​​​អំពាវ​នាវ​ឱ្យ​​អ៊ីរ៉ង់​​បញ្ឈប់​​ការ​​វាយ​ប្រហារ​ជា​បន្ទាន់»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ជាថ្មី​ថា៖ «ប្រទេសក្នុង​​​ឈូង​សមុទ្រ​​មាន​​សិទ្ធិចាត់​វិធានការ​​ចាំបាច់​​ទាំង​អស់​ ​ដើម្បី​​ការពារ​​សន្តិសុខ និង​​ស្ថិរភាព​​របស់​ខ្លួន ការពារ​ទឹកដី ប្រជាពលរដ្ឋ និង​​អ្នកស្រុក​របស់​ពួក​គេ​»។

​សារព័ត៌មាន​ Al Jazeera ​រាយការណ៍ពីរដ្ឋធានី​បែលហ្ស៊ិក​ថា​៖ «សារ​ដែល​ចេញ​ពីកិច្ចពិភាក្សា​របស់​អឺរ៉ុបគឺ​ត្រៀមខ្លួន​ជួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួននៅក្នុងឈូងសមុទ្រ ប៉ុន្តែ​ក៏​ចង់​បានដំណោះស្រាយ​​អាច​សម្រប​សម្រួលបាន​ និងជម្រុញ​ការបន្ធូរបន្ថយភាពតានតឹងផង​ដែរ​»។

លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាព​អឺរ៉ុប! រូបភាព៖ Reuters

កិច្ច​ប្រជុំនេះបានកើត​ឡើង​ ចំពេល​មានការព្រួយបារម្ភខ្លាំង​ឡើង​ពី​ផលវិបាក​កាន់តែ​ធំឡើង​នៃការវាយប្រហាររបស់​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​លើអ៊ីរ៉ង់ សម្លាប់​មនុស្សយ៉ាងហោចណាស់ ១ ២៣០នាក់​ ចាប់​តាំង​ពី​ថ្ងៃសៅរ៍ នេះ​បើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់។

គួរ​បញ្ជាក់​ថា បណ្តា​ប្រទេសនៅអឺរ៉ុបត្រូវ​បានទាញចូល​ក្នុង​ជម្លោះ​កំពុង​រីក​រាលដាលកាន់តែខ្លាំង​ឡើង ដោយ​ប្រទេសបារាំង និងចក្រភព​អង់គ្លេស​កាល​ពីថ្ងៃពុធបានប្រកាស​ពីផែនការ​បញ្ជូននាវាចម្បាំង និង​សម្ភារៈ​យោធាផ្នែក​​ការពារ​ដែនអាកាស​ទៅកាន់ប្រទេស​ស៊ីប៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម