Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ​ហិរញ្ញ​វត្ថុ​អឺរ៉ុប ​​​ព្រមាន​ថា សង្រ្គាម​​ផ្តើម​ដោយ លោក ត្រាំ លើ​អ៊ីរ៉ង់ ​កំពុង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​សកល​​ចួប​វិបត្តិ

បានផុស

នៅ

មក​ទល់​​ពេល​នេះ សង្រ្គាម​ដែល​ផ្តើម​ដោយ​សហរដ្ឋ​អាមេរិក-អ៊ីស្រាអែល​ លើ​អ៊ីរ៉ង់ ទ្រង់​ទ្រាយ​ធំ​កាល​ពី​​ចុង​ខែ​កុម្ភៈ ​មាន​រយៈ​ពេល​ជិត​៣ខែ​ទៅ​ហើយ​។ សង្រ្គាម​នោះ​​ បាន​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន​ភាគី​ទាំង​បី​យ៉ាង​ធ្ងន់​ធ្ងរ​ ​សម្លាប់​មនុស្ស​រាប់​សិប​រយនាក់​និង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ពិភពលោក​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ដោយសារ​តែ​អ៊ីរ៉ង់​​បិទ​ច្រក​ហ័រ​មូស ដែល​​ជា​ផ្លូវ​ទឹក​នាំ​ចេញ​ប្រេង​ទៅ​សកល​។

អង្គ​ការ​ឃ្លាំមើលហិរញ្ញវត្ថុ​កំពូលរបស់អឺរ៉ុប​ ព្រមានកាល​ពី​ថ្ងៃ​ពុធ​ថា សង្គ្រាម​របស់ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ជាមួយអ៊ីរ៉ង់និងគោលនយោបាយ​ពន្ធគយ​​របស់​លោក ​កំពុង​ជំរុញ​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ឆ្ពោះ​ទៅ​រក​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំមួយ​។

ប្រធានា​ធិប​តី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ​។ រូបភាព៖ The Washington Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទី​ភ្នាក់​សារព័ត៌មាន AFP ចុះ​ផ្សាយ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៦ ធនាគារ​កណ្តាលអឺរ៉ុប(ECB) ធ្វើ​ការ​វាយតម្លៃយ៉ាងទូលំទូលាយ​ពីស្ថិរភាព​ហិរញ្ញវត្ថុ​ពិភពលោកលើក​ឡើង​ថា ជម្លោះ​​ដែល​កំពុង​កើន​ឡើង​របស់​ លោក ត្រាំ​ ជាមួយអ៊ីរ៉ង់និងគោល​នយោបាយ​ពាណិជ្ជកម្ម​ដែល​​មិនស្ថិតស្ថេររបស់​លោកកំពុងសាកល្បង ​លើភាព​តានតឹង​នៃ​​ភាពធន់​ប្រព័ន្ធហិរញ្ញវត្ថុ​ពិភពលោក ពេលបំណុល​រដ្ឋបាល​កំពុងកើនឡើង ហើយ​តម្លៃ​ទ្រព្យ​សកម្មត្រូវបាន​លាតសន្ធឹង​យ៉ាង​ហួសហេតុរួចទៅហើយ។

លោក Luis de Guindos អនុ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ ​ថ្លែង​សារ​​​ដ៏​កម្រ​​មួយ​​មុន​​ពេល​ចាកចេញ​​ពី​​តំណែង​​​​នៅ​ចុង​ខែ​ឧសភា ​ថា៖ « សង្គ្រាម​នៅ​អ៊ីរ៉ង់ ដែល​មាន​ប្រតិបត្តិការ​ Operation Epic Fury កំពុង​​សាកល្បង​​​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​ពិភពលោក។ ខណៈ​​ផល​​ប៉ះ​ពាល់​​ពេញលេញ​នៃ​សង្គ្រាម​នៅ​​មិន​ទាន់​ច្បាស់លាស់​ ​ក្នុង​​ដំណាក់កាល​​ណាមួយ​ទេ​ ហើយ​ផល​វិបាក​​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក និង​ស្ថិរភាព​ហិរញ្ញវត្ថុ​​កាន់តែ​ធ្ងន់ធ្ងរ​​ទៅ​ៗ ​​ពេល​ដែល​វា​[សង្រ្គាម​]​​ មាន​រយៈពេល​យូរ​»។

ធនាគារ​នេះ​​ក៏បានព្រមាន​ដែរថា ការដកថយ​របស់ លោក ត្រាំ​ ពី​កិច្ច​សហប្រតិបត្តិ​ការ​ពហុ​ភាគី ​កំពុង​ធ្វើឱ្យការខូចខាត​កាន់តែធ្ងន់ធ្ងរឡើង​។ ភាពមិនប្រាកដប្រជា​ជុំវិញ​ការប្តេជ្ញាចិត្ត​របស់រដ្ឋបាលសហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីក៏​កំពុងបង្កើនហានិភ័យ​ផ្នែក​គោលនយោបាយ​​ ដែល​វា​នឹង​រំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ។ ការ​ប្រកាសពន្ធ ការផ្អាក ​និង​ភាព​មិន​ច្បាស់​លាស់​នៃ​ពន្ធ​​បាន​ក្លាយជាលក្ខណៈពិសេសនៃ​បរិយាកាស​សកល។

កាល​ពីខែមេសា ឆ្នាំមុន លោក ត្រាំ​ បាន​បំបែក​សម្ព័ន្ធភាព​​ដែល​ធ្លាប់​មាន​ ដោយ​ដាក់​ពន្ធ​គយ​យ៉ាងច្រើន​លើប្រទេសរាប់សិប ប៉ុន្តែក្រោយ​មកតុលាការកំពូល​បានលុបចោល​ចលនានេះវិញ​ ដោយ​អះ​អាង​​ថា លោក ត្រាំ​ បាន​បំពានសិទ្ធិអំណាច​​ជា​ប្រធា​នាធិប​តី​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម