Connect with us

ព័ត៌មានអន្ដរជាតិ

ការចរចាអាមេរិក-អ៊ីរ៉ង់ បរាជ័យដោយសារ លក្ខខណ្ឌ ៣ចំណុច

បានផុស

នៅ

ក្តីសង្ឃឹមរបស់ពិភពលោកនៃការបិទបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាត្រូវរលាយ បន្ទាប់ពីអាមេរិក-អ៊ីរ៉ង់មិនបានឈានដល់កិច្ចព្រមព្រៀងឡើយ ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៅប្រទេសប៉ាគីស្ថាន។

(រូប៖ Reuters)

តាមការផ្សាយរបស់ CBS News, គេដឹងថា ភាគីទាំងពីរចរចាគ្នាលើលក្ខខណ្ឌចំនួន១០ចំណុច ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌចំនួន៣ជាមូលហេតុនាំឲ្យការចរចាបរាជ័យ ព្រោះតែភាគីទាំងសងខាងខ្វែងគំនិតគ្នា។

ក្រសួងបានបញ្ជាក់នៅថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ថា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវសំណើ ១០ ចំណុចរបស់អ៊ីរ៉ង់ រួមជាមួយជំហររបស់សហរដ្ឋអាមេរិក ហើយបានឈានដល់ការយល់ឃើញរួមគ្នាលើចំណុចមួយចំនួន ប៉ុន្តែការខ្វែងគំនិតគ្នានៅតែបន្តកើតមានលើបញ្ហាធំៗចំនួន ៣ ដែលជាឧបសគ្គរារាំងមិនឲ្យមានកិច្ចព្រមព្រៀងចុងក្រោយបាន។

(រូប៖ Reuters)

ដ្បិតអ៊ីរ៉ង់ មិនទម្លាយថា លក្ខខណ្ឌទាំង ៣ នោះគឺជាអ្វីខ្លះក៏ដោយ ប៉ុន្តែបើតាមគេដឹង មួយក្នុងចំណោមលក្ខខណ្ឌ៣នោះ គឺពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយសូម្បីរឿងនេះ ក៏ត្រូវបានអនុប្រធានាធិបតីអាមេរិក JD Vance ប្រកាសទទួលស្គាល់ ជាឧបសគ្គនាំឲ្យកិច្ចព្រមព្រៀងបរាជ័យផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Vance បានបញ្ជាក់សារជាថ្មីនូវជំហររបស់សហរដ្ឋអាមេរិកថា៖ «យើងចាំបាច់ត្រូវតែឃើញនូវការប្តេជ្ញាចិត្តដោយបញ្ជាក់ច្បាស់លាស់ថា ពួកគេនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងមិនស្វែងរកឧបករណ៍ទាំងឡាយណា ដែលអាចឲ្យពួកគេសម្រេចបាននូវអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនោះឡើយ»។

ទន្ទឹមនោះ លោកបានហៅចំណុចនោះថាជា «គោលដៅស្នូល» របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការចរចានេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម