Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេឡេនស្គី បើកភ្លើងខៀវ ត្រៀមខ្លួនជួបចរចាជាមួយអាមេរិក និងរុស្ស៊ី នៅទឹកដីអាស៊ែបៃហ្សង់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសជាសាធារណៈនូវឆន្ទៈរបស់លោក ក្នុងការចូលរួមក្នុងកិច្ចចរចាត្រីភាគី ដែលមានអាមេរិក និងរុស្ស៊ីចូលរួមផងដែរ ដោយលើកនេះ លោកចង់ឲ្យរៀបចំឡើងនៅក្នុងប្រទេសអាស៊ែបៃហ្សង់។ នេះ​បើយោងតាម​សារព័ត៌មាន UAWire ចុះផ្សាយ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៦។

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង​លោក Ilham Aliyev (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបដំបូងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ចាប់តាំងពីឆ្នាំ២០១៩មក លោក ហ្សេឡេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនតែងតែបើកចំហរចំពោះផ្លូវការទូត ហើយលោកត្រៀមខ្លួនជាស្រេច បើសិនជាភាគីខាងរុស្ស៊ីយល់ព្រមអង្គុយតុចរចាជាមួយគ្នា។

ក្រៅពីពិភាក្សារឿងសន្តិភាព ប្រទេសទាំងពីរគឺអ៊ុយក្រែន និងអាស៊ែបៃហ្សង់ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ ដែលពាក់ព័ន្ធនឹងសន្តិសុខ និងការជួញដូរ។ ថ្នាក់ដឹកនាំទាំងពីរបានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងកសិកម្មឲ្យកាន់តែទូលំទូលាយ។ បន្ថែមពីនេះ លោក ហ្សេឡេនស្គី ក៏បានជួបជាមួយក្រុមអ្នកជំនាញអ៊ុយក្រែនដែលកំពុងធ្វើការនៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការការពារដែនអាកាស ដែលជាចំណុចសំខាន់បំផុតមួយសម្រាប់ការពារជាតិ។

គួររំលឹកផងដែរថា កិច្ចចរចាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានជាប់គាំងមួយរយៈធំមកហើយ ចាប់តាំងពីមានការផ្ទុះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ មូលហេតុដែលធ្វើឲ្យការចរចានេះត្រូវផ្អាក គឺដោយសារតែអាមេរិកត្រូវងាកទៅផ្តោតអារម្មណ៍លើជម្លោះថ្មីនៅមជ្ឈិមបូព៌ា ហើយក្រុមអ្នកចរចាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ក៏កំពុងជាប់រវល់ក្នុងការដោះស្រាយបញ្ហាជាមួយទីក្រុងតេហេរ៉ង់ផងដែរ។

យ៉ាងណាមិញ បើតាមសម្តីរបស់លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ទីក្រុងមូស្គូ និងទីក្រុងកៀវ កំពុងតែខិតជិតរកគ្នាឃើញ ក្នុងកិច្ចព្រមព្រៀងសន្តិភាពហើយ។ លោកបានកត់សម្គាល់ថា ដ្បិតកន្លងមក ភាគីទាំងពីរមានលក្ខខណ្ឌតឹងរ៉ឹងរៀងៗខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែឥឡូវនេះពួកគេកំពុងព្យាយាមសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់សង្គ្រាមឲ្យ​បានឆាប់តាម ដែលអាចធ្វើទៅបាន។ វាគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា សន្តិភាពអាចនឹងកើតមានឡើងក្នុងពេលមិនយូរប៉ុន្មានខាងមុខនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម