ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្កើនការវាយលើតំបន់គ្រីមៀ ដល់ថ្នាក់រុស្ស៊ីលែងមានប្រេងលក់ឱ្យពលរដ្ឋប្រើ
អាជ្ញាធរគាំទ្រដោយរុស្ស៊ី បានប្រកាសផ្អាកការលក់ប្រេងឥន្ធនៈជូនសាធារណជន នៅក្នុងតំបន់គ្រីមៀ (Crimea) ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាលើខ្សែត្រៀមផ្គត់ផ្គង់របស់ក្រុងមូស្គូ។

យោងតាម Gulf News លោក Sergey Aksyonov អភិបាលតំបន់ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បានថ្លែងកាលពីថ្ងៃអាទិត្យថា ចាប់ពីម៉ោង ៩:០០ព្រឹកថ្ងៃទី២១ ខែមិថុនាតទៅ ការលក់ប្រេងនៅតាមស្ថានីយនានាក្នុងតំបន់គ្រីមៀ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយទុកប្រេងលក់ជូនតែសហគ្រាសរបស់រដ្ឋតែប៉ុណ្ណោះ។
កន្លងមក ប្រេងឥន្ធនៈនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយ និងបែងចែកតាមកូតារួចទៅហើយ ដោយសារកង្វះខាតដែលបង្កឡើងដោយយុទ្ធនាការវាយប្រហាររបស់អ៊ុយក្រែនលើផ្លូវដឹកជញ្ជូនក្នុងទឹកដីដែលរុស្ស៊ីកាន់កាប់។ លោក Aksyonov បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវកម្មឯកជនទាំងអស់ នឹងមិនត្រូវបានអនុញ្ញាតឱ្យទិញប្រេងពីស្ថានីយឡើយ ពោលគឺប្រេងទាំងនោះត្រូវរក្សាទុកសម្រាប់តែទីភ្នាក់ងាររដ្ឋាភិបាល ដែលបំពេញភារកិច្ចធានាដល់សន្តិសុខ និងកិច្ចការចាំបាច់របស់តំបន់គ្រីមៀ។
ការសម្រេចចិត្តដ៏តឹងរ៉ឹងនេះ បានធ្វើឡើង បន្ទាប់ពីមានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនទៅលើដេប៉ូស្តុកប្រេងមួយកន្លែង នៅក្នុងទីក្រុង Kerch កាលពីយប់រំលងអធ្រាត្រ ដែលបានបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និង ២៨នាក់ផ្សេងទៀតរងរបួស។ ជុំវិញករណីនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានលើកឡើងថា វាជា «ការឆ្លើយតបដ៏សមស្របទៅនឹងការវាយប្រហារដ៏សាហាវឃោរឃៅរបស់រុស្ស៊ី»។
គ្រីមៀ ដែលត្រូវបានរុស្ស៊ីកាត់បញ្ចូលជាទឹកដីរបស់ខ្លួនដោយខុសច្បាប់តាំងពីឆ្នាំ២០១៤មកនោះ បានជួបប្រទះបញ្ហាផ្នែកដឹកជញ្ជូន និងកង្វះខាតទំនិញជាបន្តបន្ទាប់ ប៉ុន្តែវិធានការផ្អាកលក់ប្រេងនាពេលនេះ ហាក់ដូចជាការរឹតត្បិតដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។
ក្រៅពីការវាយប្រហារនៅគ្រីមៀ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថា ទីក្រុងកៀវក៏បានវាយប្រហារចំកន្លែងស្តុក និងដឹកជញ្ជូនប្រេងមួយកន្លែងទៀត ក្នុងតំបន់ Krasnodar របស់រុស្ស៊ី ដែលស្ថិតនៅជាប់នឹងតំបន់គ្រីមៀ ឆ្លងកាត់ច្រកសមុទ្រ Kerch។ អាជ្ញាធរមូលដ្ឋានរុស្ស៊ី បានរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់នៅលើទូកចម្លងអ្នកដំណើរក្នុងហេតុការណ៍នោះ។ ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា ទីតាំងភស្តុភារយោធា និងប្រព័ន្ធរ៉ាដារបស់រុស្ស៊ី ក៏ត្រូវបានវាយប្រហារផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ចំទីតាំងពិតប្រាកដនោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


