Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បើកផ្លូវឲ្យ​រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បង់ថ្លៃមេធាវីការពារក្តីជូនលោក ម៉ាឌូរ៉ូ

បានផុស

នៅ

ក្នុងព្រឹត្តិការណ៍ផ្លូវច្បាប់ដ៏គួរឲ្យ​ចាប់អារម្មណ៍មួយនៅសហរដ្ឋអាមេរិក ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចធ្វើការកែសម្រួលលើទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីអនុញ្ញាត​ឲ្យ​រដ្ឋាភិបាលប្រទេសវ៉េណេស៊ុយអេឡា អាចមានសិទ្ធិចំណាយថវិកាបង់ថ្លៃសេវាកម្មមេធាវីជូន លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់ New York Times កាល​ពីថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៦ ការសម្រេចចិត្តនេះ ត្រូវបានបង្ហាញឡើងតាមរយៈលិខិតរបស់រដ្ឋអាជ្ញាសហព័ន្ធផ្ញើទៅកាន់តុលាការក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែមេសា បន្ទាប់ពីកន្លងមក អាមេរិកធ្លាប់បានហាមឃាត់ការបង់ប្រាក់បែបនេះ ដោយសារបារម្ភថា វានឹងធ្វើឲ្យ​ប៉ះពាល់ដល់ប្រសិទ្ធភាពនៃទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ។

ដើមចមនៃរឿងរ៉ាវនេះ បានចាប់ផ្តើមឡើងកាលពីដើមខែមករា នៅពេលដែលកងកម្លាំងពិសេសអាមេរិក បានបើកប្រតិបត្តិការតាមអាកាសនៅទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយា បញ្ជូនមកកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទល្មើសគ្រឿងញៀន។ ចាប់តាំងពីពេលនោះមក ប្តីប្រពន្ធមេដឹកនាំរូបនេះ ត្រូវបានឃុំខ្លួននៅទីក្រុង Brooklyn ហើយពួកគេតែងតែអះអាងពីភាពស្អាតស្អំរបស់ខ្លួន។ ទោះជាយ៉ាងណា ក្នុងសវនាការកាលពីខែមីនា លោក ម៉ាឌូរ៉ូ និងលោកស្រី Flores បានជម្រាបតុលាការថា ពួកគេមិនមានលទ្ធភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីជួលមេធាវីការពារក្តីនោះទេ ខណៈដែលទណ្ឌកម្មអាមេរិកបានរារាំងមិនឲ្យ​រដ្ឋាភិបាលវ៉េណេស៊ុយអេឡាចេញមុខមកជួយបង់ថ្លៃសេវាទាំងនេះ។

មេធាវីការពារក្តីរបស់លោក ម៉ាឌូរ៉ូ បានព្យាយាមតស៊ូមតិយ៉ាងខ្លាំង ដោយស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះតែម្តង ប្រសិនបើអាមេរិកនៅតែបន្តរារាំងការបង់ថ្លៃមេធាវី។ លោកមេធាវីបានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលអាមេរិកគឺជាការរំលោភលើរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទ្ធិឲ្យជនជាប់ចោទគ្រប់រូប មានសិទ្ធិជ្រើសរើសមេធាវីការពារក្តី។ បញ្ហានេះបានធ្វើ​ឲ្យ​ចៅក្រមសហព័ន្ធ លោក Alvin Hellerstein បង្ហាញជំហរទន់ភ្លន់ ដោយលោកយល់ឃើញថា សិទ្ធិមានមេធាវីការពារក្តីគឺជាសិទ្ធិដ៏សំខាន់បំផុត ហើយនៅពេលដែលជនជាប់ចោទស្ថិតក្នុងដៃតុលាការអាមេរិកទៅហើយ ពួកគេលែងជាការគំរាមកំហែងដល់សន្តិសុខជាតិទៀតហើយ។

ទោះបីជាខាងតំណាងអយ្យការធ្លាប់បានជែកវែកញែកថា ការដាក់ទណ្ឌកម្មគឺជាបញ្ហានយោបាយក្រៅប្រទេស និងសន្តិសុខជាតិដែលតុលាការមិនគួរលូកដៃក៏ដោយ ក៏ចុងក្រោយអាមេរិកបានសម្រេចបន្ធូរបន្ថយ ដើម្បីឲ្យដំណើរការក្តីតាមផ្លូវច្បាប់អាចទៅមុខរួច។ ការសម្រេចចិត្តនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញផងដែរពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស បន្ទាប់ពីលោក ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួន។ ឥឡូវនេះ លោក ម៉ាឌូរ៉ូ និងភរិយា នឹងអាចបន្តតតាំងតាមផ្លូវច្បាប់ដោយមានមេធាវីពេញសិទ្ធិ ខណៈដែលពិភពលោកកំពុងតាមដានមើលថា តើលទ្ធផលនៃរឿងក្តីប្រវត្តិសាស្ត្រនេះនឹងទៅជាយ៉ាងណា៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម