Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អង់គ្លេស ច្រាន​ចោល​លទ្ធ​ភាព​បង្ខំ​លោក​ឲ្យ​​ចុះ​ចេញ​ពីអំណាច​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី២៧ ខែមេសា ថា លោកនឹងបន្តកាន់តំណែងនេះ ហើយនឹងដឹកនាំគណបក្សពលករ (Labour Party) ទៅកាន់ការបោះឆ្នោតសកលលើកក្រោយ បើទោះបីជា ភាពចម្រូងចម្រាសជុំវិញការតែងតាំង លោក Peter Mandelson ជាឯកអគ្គរាជទូត​អង់គ្លេស ប្រចាំសហរដ្ឋអាមេរិក នៅតែបន្តកើតមានមិនព្រម​​ស្ងប់​ស្ងាត់​ក៏ដោយ។

នាយករដ្ឋមន្ត្រី Keir Starmer (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Sunday Times លោក Starmer បានច្រានចោលការប៉ាន់ស្មានដែលថា លោកនឹងត្រូវបានបង្ខំឲ្យលាលែងពីតំណែង ឬនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដណ្ដើមតំណែងដឹកនាំ ដោយលោកបានចាត់ទុកការលើកឡើងទាំងនោះថា គ្រាន់តែជា «ពាក្យចចាមអារ៉ាម» (ឬការនិយាយលេងសើច) ប៉ុណ្ណោះ។

ខណៈពេលដែលលោក បានទទួលស្គាល់សារជាថ្មីម្តងទៀតថា ការតែងតាំងលោក Mandelson គឺជាកំហុសមួយ លោកក៏បានបង្ហាញពីការខកចិត្តចំពោះរបៀបដែលរឿងអាស្រូវនេះ កំពុងតែបិទបាំង (ឬទាញការចាប់អារម្មណ៍ចេញពី) បញ្ហា «បន្ទាន់» ផ្សេងៗ ដែលរដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខ។

នាយករដ្ឋមន្ត្រីអង់គ្លេស បាន​លើកឡើង​នៅក្នុងបទសម្ភាសន៍នោះថា៖ «ខ្ញុំយល់ថាហេតុអ្វីបានជាមានការចោទសួរច្រើនបែបនេះ។ ខ្ញុំបានឆ្លើយសំណួរទាំងនោះមិនដឹងជាប៉ុន្មានដងរួចមកហើយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំមានកិច្ចការជាច្រើនមហាសាលដែលត្រូវធ្វើ ក្នុងសង្គ្រាមលើសមរភូមិទាំងពីរ»។

បណ្តាគណបក្សប្រឆាំង បាននិងកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតលើ លោក Starmer ជុំវិញសេចក្តីថ្លែងការណ៍របស់លោកនៅក្នុងសភា ដែលថា «នីតិវិធីត្រឹមត្រូវ« ត្រូវបានអនុវត្តក្នុងការតែងតាំងលោក Mandelson ហើយក៏គ្មាន ការដាក់សម្ពាធណាមួយទៅលើក្រសួងការបរទេស ដើម្បីឲ្យយល់ព្រមលើការតែងតាំងលោក Mandelson នោះដែរ។

យ៉ាងណាមិញ រឿងអាស្រូវដ៏រ៉ាំរ៉ៃនេះ បានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើលោក Starmer នៅមុនការបោះឆ្នោតក្នុងស្រុកនាខែឧសភាខាងមុខ ដែលក្នុងនោះគណបក្សពលករ (Labour) ត្រូវបានគេព្យាករណ៍ថានឹងទទួលរងការខាតបង់យ៉ាងខ្លាំង ហើយវាថែមទាំងបានធ្វើឲ្យខូចខាតដល់ទំនាក់ទំនងរបស់នាយករដ្ឋមន្ត្រីរូបនេះ ជាមួយមន្ត្រីរាជការស៊ីវិលរបស់អង់គ្លេសទៀតផង។ លើសពីនេះ វាក៏បានទាញការចាប់អារម្មណ៍ចេញពីកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់លោកចំពោះវិបត្តិនៅប្រទេសអ៊ីរ៉ង់ផងដែរ។៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម