Connect with us

ព័ត៌មានអន្ដរជាតិ

តើវាសនានយោបាយ​ លោក Starmer នឹងទៅជាយ៉ាងណា ខណៈរលកបះបោរ​ផ្ទៃក្នុងបក្សផ្ទុះឡើងខ្លាំង?

បានផុស

នៅ

ជោគវាសនានយោបាយរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងស្ថិតនៅលើមាត់ជ្រោះនៃភាពមិនច្បាស់លាស់ ខណៈដែលសម្ពាធទាមទារឲ្យលោកលាលែងពីតំណែង បានកើនឡើងដល់កម្រិត​ក្តៅ​បំផុត ក្រោយការ​បរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតក្នុងស្រុកកាលពីសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer (រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ ជោគវាសនារបស់លោកអាចនឹងត្រូវសម្រេចតាមរយៈលទ្ធភាពបីយ៉ាង រួម​មាន ការឈានទៅរកការបោះឆ្នោតទម្លាក់មេដឹកនាំ, ការលាលែងពីតំណែងដោយស្ម័គ្រចិត្ត ដើម្បីបញ្ចៀសភាពចលាចល និង ការបន្តកាន់អំណាច ប្រសិនបើសុន្ទរកថា «ទិសដៅថ្មី» ទទួលបានជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ មានសមាជិកសភាគណបក្សពលករ (Labour Party) ប្រហែល ៧០ រូបទៅហើយ ដែលបានបង្ហាញការប្រឆាំងជាចំហ។ តាមច្បាប់បក្ស ប្រសិនបើចំនួននេះកើនដល់ ៨១ រូប (ស្មើនឹង២០%) នោះការបោះឆ្នោតទម្លាក់មេដឹកនាំនឹងត្រូវចាប់ផ្ដើមភ្លាមៗ។ ប្រសិនបើលោកចាញ់នៅក្នុងការបោះឆ្នោតផ្ទៃក្នុងនេះ លោកនឹងត្រូវបង្ខំចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ។

ទោះបីជាលោក Starmer ប្រកាសថា «មិនដើរចេញ» ក៏ដោយ ប៉ុន្តែប្រសិនបើរដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ដូចជាលោកស្រី Shabana Mahmood នឹងបន្តដាក់សម្ពាធឲ្យលោកកំណត់កាលបរិច្ឆេទចុះចេញ លោកអាចនឹងជ្រើសរើសផ្លូវ «លាលែងពីតំណែងដោយកិត្តិយស» ដើម្បីរក្សាសាមគ្គីភាពក្នុងបក្ស និងបញ្ចៀសការបែកបាក់ជាតិ។

ជោគវាសនារបស់លោកក៏អាស្រ័យលើសមត្ថភាពក្នុងការបញ្ចុះបញ្ចូលសមាជិកបក្សឡើងវិញផងដែរ។ ប្រសិនបើសុន្ទរកថាដែលលោកគ្រោងថ្លែងក្នុងសប្តាហ៍នេះ អាចបង្ហាញពីយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការស្ដារប្រជាប្រិយភាព និងបញ្ចប់វិបត្តិសេដ្ឋកិច្ច លោកអាចនឹងទទួលបានឱកាសចុងក្រោយដើម្បីបន្តអាណត្តិ។

យ៉ាងណាមិញ ប្រសិនបើលោក Starmer មិនអាចបន្ធូរបន្ថយការខឹងសម្បាររបស់សមាជិកសភាបក្សខ្លួនឯងបានទេ ចក្រភពអង់គ្លេសអាចនឹងត្រូវមាន នាយករដ្ឋមន្ត្រីថ្មីទី៧ ក្នុងរយៈពេល ១០ឆ្នាំ នៅត្រឹមចុងខែឧសភានេះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

សមាជិកសភា ៧០រូប ជំរុញ លោក Keir Starmer ឲ្យ​បោះបង់តំណែង​មេបក្ស​ពលករ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម