Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ពីស្អែក ទាំងពលរដ្ឋអង់គ្លេស និងកាណាដា អាចទៅប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការ

បានផុស

នៅ

ចិនបានបញ្ជាក់ថា ទាំងពលរដ្ឋកាណាដានិងអង់គ្លេសអាចធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោយពេលមេដឹកនាំប្រទេសរៀងៗខ្លួន បានប្រកាសអំពីកិច្ចព្រមព្រៀងបែបនេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំងកន្លងមក។

លោក​ Keir Starmer និង​លោក ស៊ី​ ជីន​ពីង។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ BBC ក្រសួងការបរទេសទីក្រុងប៉េកាំងបញ្ជាក់ពីកិច្ចព្រមព្រៀងទាំងនេះ កាលពីថ្ងៃអាទិត្យម្សិលមិញថា ទាំងពលរដ្ឋកាណាដា និងអង់គ្លេស អាចធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារទី១៧ ដោយគោលនយោបាយនេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឯណោះ។

ក្រសួងការបរទេសបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំងនេះ អាចចូលទៅកាន់ទឹកដីចិន ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់អាជីវកម្ម ទេសចរណ៍ ទៅលេងសាច់ញាតិ និងមិត្តភក្តិ ការផ្លាស់ប្តូរ ឬការឆ្លងកាត់សម្រាប់រយៈពេលមិនលើសពី ៣០ ថ្ងៃ។ នេះ​គឺ​ដើម្បីសម្រួល​បន្ថែម​ដល់​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​ រវាង​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀតផងដែរ។

ការលើកឡើងទិដ្ឋាការរយៈពេល៣០ថ្ងៃនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស និងកាណាដា លោក Keir Starmer និងលោក Mark Carney សុទ្ធតែបានទៅទស្សនកិច្ចទីក្រុងប៉េកាំងកាលពីខែមករា ដោយស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន និងងាកចេញពីសហរដ្ឋអាមេរិកដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើង។ មេដឹកនាំទាំងពីរបានសាទរចំពោះវឌ្ឍនភាព បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំកំពូលៗរបស់ចិន និងប្រធានាធិបតី ស៊ី ជិនពីង រួមទាំងបញ្ហាដូចជា ការចូលប្រើប្រាស់ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅកាន់ប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម