Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ UN​ ជំរុញ​ឱ្យ​អាមេរិក-អ៊ីរ៉ង់​ បើក​ច្រក​ Hormuz ​វិញ ដើម្បី​ឲ្យសេដ្ឋកិច្ច​​មានដង្ហើម​

បានផុស

នៅ

អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាន​ជំរុញ​ឱ្យមាន​ការ​បើកច្រកសមុទ្រ Hormuz ឡើង​វិញ ខណៈពេល​ដែល​ការ​ចរ​ចា​សន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ​នៅ​តែបន្ត​​ជាប់គាំង​នៅឡើយ​។ នេះបើ​យោង​តាម​សារព័ត៌មាន TRT world ផ្សាយ​ថ្ងៃ​ទី​២៧​ ខែមេសា ឆ្នាំ​២០២៦ ។

​អគ្គលេខាធិការ​​​ Guterres ដែល​នឹងផុត​អាណត្តិនៅចុងឆ្នាំនេះ​ បានថ្លែងក្នុង​កិច្ចពិភាក្សា​កម្រិត​ខ្ពស់មួយ​របស់ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ស្តីពីសន្តិសុខ​ដែនសមុទ្រ​ កាលពី​ថ្ងៃ​ចន្ទថា៖ « ខ្ញុំ​សូមអំពាវនាវដល់ភាគីនានា បើកច្រក​សមុទ្រ​ [Hormuz]  អនុញ្ញាត​ឱ្យកប៉ាល់ឆ្លង​កាត់ដោយគ្មាន​​ការបង់ពន្ធ​! គ្មានការរើសអើង​ និង​អនុញ្ញាតឱ្យពាណិជ្ជកម្មរស់​ឡើងវិញ ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ដកដង្ហើម»។

អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres. រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា ច្រកសមុទ្រ Hormuz មាន​ប្រេងនិងឧស្ម័នធម្មជាតិរាវ​ប្រហែល​មួយ​ភាគប្រាំ​នៃ​​តម្រូវការ​ក្នុង​សកលលោក​ កំពុង​ប្រឈម​មុខ​នឹង​ការ​រំខាន​យ៉ាង​ខ្លាំង ​ចាប់​តាំងពីដើម​ខែ​មីនា បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​រួមគ្នា​ប្រឆាំងនឹង​អ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។

លោក Guterres លើក​ឡើង​ថា៖ « ចាប់តាំងពី​ដើម​ខែ​មីនាមក ការ​រំខានដល់ការដឹកជញ្ជូន​តាមច្រកសមុទ្រ Hormuz បាន​វាយ​ប្រហារ​សន្តិសុខថាមពលសកល ការផ្គត់ផ្គង់ស្បៀងអាហារ និងពាណិជ្ជកម្ម។ ច្រកសមុទ្រ Hormuz គឺជាផ្លូវ​សមុទ្រ​ដ៏សំខាន់​​បំផុត​មួយរបស់ពិភពលោក»។

លោកបន្ថែម​ថា​៖ « ការឆ្លងកាត់​ដោយសុវត្ថិភាព និងគ្មានឧបសគ្គ គឺ​ជាតម្រូវការ​ចាំបាច់ ទាំង​ខាងសេដ្ឋកិច្ច និងមនុស្សធម៌។ ការប៉ះ​ទង្គិច​សេដ្ឋកិច្ច​បានកើតឡើងភ្លាមៗ ហើយមនុស្សគ្រប់គ្នា​កំពុងចំណាយ​ខ្ពស់​លើ​តម្លៃ​ថាមពល​ ប្រេង​ សកល​»។

ក្រៅ​ពីសូចនាករ​សេដ្ឋកិច្ច លោក Guterres គូសបញ្ជាក់ពីការចំណាយ​លើ​មនុស្ស​នៃវិបត្តិនេះ។ នាវិកជាង ២០ ០០០នាក់​ នៅតែជាប់គាំង​នៅលើសមុទ្រ ខណៈនាវាពាណិជ្ជកម្មជាង ២ ០០០គ្រឿង​ ជាប់​គាំង​ក្នុងស្ថានភាពមិនប្រាកដប្រជានិងមានគ្រោះថ្នាក់​។

លោក Guterres សង្កត់​ធ្ងន់​ថា​៖ « បុរស និងស្ត្រីទាំងនោះ​ មិនមែនជាភាគី​នៃ​ជម្លោះណាមួយឡើយ។ ពួកគេជាកម្មករស៊ីវិល​ដែល​ជួយ​ពិភពលោកប៉ុណ្ណោះ​។ មហា​សមុទ្រត្រូវតែជា​តំបន់​សន្តិភាព ​និង​សម្រាប់​កិច្ចសហប្រតិបត្តិការ មិនមែនជាការ​ប្រឈមមុខដាក់គ្នា ឬការ​បង្ខិតបង្ខំនោះទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម