Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកម្តៅនៅ UN! រុស្ស៊ី ចេញមុខកាន់ជើងអ៊ីរ៉ង់ និងហៅប្រទេសលោកខាងលិច ថាជា «ចោរ»

បានផុស

នៅ

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិ ប្រែជាឡើងកម្តៅភ្លាមៗ នៅពេលតំណាងរុស្ស៊ី ចេញមុខកាន់ជើងអ៊ីរ៉ង់ ហើយពន្លះខ្លាំងៗ ទៅបណ្តាប្រទេសលោកខាងលិច ថាជា «ចោរ»។

លោក Vassily Nebenzia នៅ UN (រូប៖ Reuters)

តំណាងរុស្ស៊ី លោក Vassily Nebenzia ត្រូវបានដកស្រង់សម្តីដោយ CNN នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលនិយាយថា៖ «អ៊ីរ៉ង់មានសិទ្ធិពេញលេញ ក្នុងការរឹតត្បិតចរាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។ ប្រទេសលោកខាងលិច ព្យាយាមទម្លាក់ការទទួលខុសត្រូវ ទាំងស្រុងទៅលើអ៊ីរ៉ង់។ ក្នុងគ្រាមានសង្គ្រាម រដ្ឋជាប់ឆ្នេរសមុទ្រដែលរងការវាយប្រហារ សុទ្ធតែអាចកំណត់ការធ្វើនាវាចរណ៍ នៅក្នុងដែនទឹករបស់ខ្លួនក្នុងគោលបំណងសន្តិសុខ»។

ស្របពេលជាមួយគ្នានោះដែរ លោក Nebenzia ថ្លែងថា៖ «ខុសពីចោរសមុទ្រ ដែលលើកទង់ខ្មៅនិងក្បាលខ្មោច, បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមលាក់បាំងសកម្មភាពខុសច្បាប់ របស់ពួកគេ ដោយយោងទៅលើវិធានការបង្ខិតបង្ខំឯកតោភាគី ប៉ុន្តែតាមពិត អឺរ៉ុប កំពុងចូលរួមក្នុងអំពើប្លន់ នៅសមុទ្រទាំងកណ្តាលវាល»។

វោហារស័ព្ទដ៏ក្តៅគគុកនេះ កើតឡើងចំពេល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបមន្ត្រីកំពូលៗ រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ផងដែរ។

លោក Abbas Araghchi នៅ រុស្ស៊ី (រូប៖ Reuters)

ជំនួបដ៏សំខាន់នេះ បានបង្ហាញ​ឲ្យ​ឃើញនូវការរួមកម្លាំងគ្នារវាងរុស្ស៊ី និងអ៊ីរ៉ង់ ក្នុងពេលដែលស្ថានភាពពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ក្នុងអំឡុងពេលនោះ លោក ពូទីន បានចេញមុខមកធានាថា នឹងធ្វើគ្រប់យ៉ាងដើម្បីសន្តិភាព ដែលនេះត្រូវបានគេមើលឃើញថា មិនមែនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់ទីក្រុងតេហេរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយបង្ហាញទៅកាន់ពិភពលោកថា ទីក្រុងមូស្គូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការសម្រេចជោគវាសនានៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម