Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍អាមេរិក៖ មេដឹកនាំកំពូល​ អ៊ីរ៉ង់ Mojtaba កំពុងក្ដាប់យុទ្ធសាស្ត្រសង្គ្រាម​យ៉ាងសម្ងាត់​

បានផុស

នៅ

សេចក្តី​រាយការណ៍​របស់បណ្តាញព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសុក្រទី៨ ខែឧសភា បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងមានវត្តមានដ៏​សំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រសង្គ្រាម និងការចរចាជាមួយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទោះបីជា លោកមិនទាន់បង្ហាញខ្លួនជាសាធារណៈចាប់តាំង​ពីការ​ប្រកាស​​ជាមេដឹកនាំ​កាល​ពី​ដើម​ខែ​មិនា​មកម្ល៉េះ​។

មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍​ដែលស្រង់សម្តីពីប្រភពជិតស្និទ្ធនឹងការវាយតម្លៃសម្ងាត់របស់អាមេរិក បានបញ្ជាក់ថា នៅមានមន្ទិលសង្ស័យនៅឡើយ អំពីកម្រិតនៃអំណាចពិតប្រាកដដែល លោក Khamenei កំពុងកាន់កាប់នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារក្នុងសង្គ្រាម បានសម្លាប់មន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមទាំងឪពុករបស់លោកផងដែរ។

មន្ត្រីអាមេរិកជឿជាក់ថា លោក Khamenei នៅតែបន្តធ្វើការទាក់ទងតាមរយៈអ្នកនាំសារដែលទុកចិត្ត និងការជួបដោយផ្ទាល់ ក្នុងអំឡុងពេលដែលលោកកំពុងសម្រាកព្យាបាលរបួស ដែលរួមមានរបួសរលាក និងរបួសដោយសារអំបែងគ្រាប់បែក។

ដោយឡែក មន្ត្រីអ៊ីរ៉ង់បានអះអាងថា លោកកំពុងមានសភាពធូរស្រាលឡើងវិញហើយ។ លោក Mazaher Hosseini ប្រធានពិធីការនៃការិយាល័យមេដឹកនាំកំពូល បានបញ្ជាក់កាលពីថ្ងៃសុក្រថា ស្ថានភាពសុខភាពរបស់លោក Khamenei បានប្រសើរឡើងច្រើន ហើយលោកបានច្រានចោលរាល់ការប៉ាន់ស្មានជុំវិញបញ្ហាសុខភាពនេះ។

របាយការណ៍ដដែលបានបន្ថែមថា ការវាយតម្លៃរបស់ភ្នាក់ងារសម្ងាត់អាមេរិកបានរកឃើញថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានចុះខ្សោយ ប៉ុន្តែមិនទាន់ត្រូវបានកម្ទេចទាំងស្រុងដោយការវាយប្រហាររបស់អាមេរិកនោះទេ ដោយក្នុងនោះមានគ្រឿងបាញ់មីស៊ីលជាច្រើននៅតែអាចដំណើរការបាន។

ប្រភពដដែលបានឲ្យដឹងទៀតថា សមាជិកជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងប្រធានសភា លោក Mohammad Bagher Ghalibaf នាពេលនេះ កំពុងកាន់កាប់កិច្ចការប្រតិបត្តិការប្រចាំថ្ងៃរបស់រដ្ឋាភិបាល ស្របពេលដែលកិច្ចប្រឹងប្រែងផ្នែកការទូតជាមួយរដ្ឋបាលលោក ត្រាំ កំពុងបន្តធ្វើឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម