Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ដឹកដៃមហាសេដ្ឋីល្បីៗ ទៅចរចារឿងរកស៊ីធំៗ នៅស្រុកចិន

បានផុស

នៅ

នៅក្នុងដំណើរ​ទៅកាន់ទីក្រុងប៉េកាំង លើក​នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។

លោក ត្រាំ និង​លោក ស៊ី (រូបថត៖ Fox News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែ​ឧសភា ឆ្នាំ​២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង លោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង លោក Tim Cook មេធំរបស់ Apple រួមទាំងថ្នាក់ដឹកនាំមកពីក្រុមហ៊ុនល្បីៗផ្សេងទៀត ដូចជា Boeing និង BlackRock ជាដើម។

ទោះបីជាមេដឹកនាំក្រុមហ៊ុន Cisco មិនអាចចូលរួមបាន ប៉ុន្តែលោក ត្រាំ នៅតែមានជំនួយការផ្នែកសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែលមកពីក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារធំៗជាច្រើនទៀត ដូចជា Meta, Goldman Sachs, Mastercard និង Visa ជាដើម។ វត្តមានរបស់មហាសេដ្ឋី និងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនេះ គឺដោយសារតែពួកគេសុទ្ធតែមានមុខជំនួញធំៗ កំពុងដំណើរការនៅក្នុងប្រទេសចិន ដែលតម្រូវឱ្យមានការជជែកគ្នាឱ្យបានច្បាស់លាស់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច។

នៅក្នុងជំនួបដ៏សំខាន់ក្នុង​សប្តាហ៍នេះទៀតសោត​ លោក ត្រាំ មានគម្រោងជជែកអំពីបញ្ហាធំៗជាច្រើន រាប់តាំងពីរឿងពាណិជ្ជកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បញ្ហាកោះតៃវ៉ាន់ រហូតដល់រឿងសង្គ្រាមនៅអ៊ីរ៉ង់។ អ្វីដែលពិសេសនោះ គឺលោកចង់បង្កើតក្រុមប្រឹក្សាវិនិយោគ និងពាណិជ្ជកម្មរួមគ្នាជាមួយចិន ដើម្បីឱ្យការរកស៊ីរវាងប្រទេសទាំងពីរមានភាពរលូន និងចំណេញកាន់តែច្រើន។

បន្ថែម​ពី​នោះ លោក ត្រាំ បានប្រាប់ថា ការរកស៊ីជាមួយចិននៅពេលនេះ គឺជាការរកស៊ីដែលឆ្លាតវៃបំផុត។ លោកបានបញ្ជាក់ដោយក្តីជឿជាក់ថា កាលពីមុន អាមេរិកហាក់ដូចជាចាញ់ប្រៀបគេ ក្នុងរឿងជំនួញ ក្រោមការដឹកនាំរបស់ប្រធានាធិបតីមុនៗ ប៉ុន្តែសម្រាប់ពេលនេះ លោកយល់ថា អាមេរិកកំពុងដើរលើផ្លូវត្រូវ និងអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទីផ្សារប្រទេសចិនវិញ៕

លោក Musk និង​លោក Cook (រូបថត៖ ANI)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម