Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្តល់រង្វាន់ ១៥លានដុល្លារ សម្រាប់ព័ត៌មាន ឈានដល់ ការកាត់ផ្តាច់ប្រភពចំណូលរបស់ IRGC

បានផុស

នៅ

ស្របពេលកិច្ចចរចាសន្តិភាព អាមេរិក-អ៊ីរ៉ង់ កំពុងជាប់គាំង និងលេចចេញសញ្ញា នៃការផ្ទុះសង្គ្រាមជាថ្មីនោះ ពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីប្រកាស ផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ ១៥លានដុល្លារអាមេរិក ឲ្យអ្នក ដែលផ្តល់ព័ត៌មាន ឈានដល់ការកាត់ផ្តាច់ ប្រភពចំណូលរបស់ កងឆ្មាំបដិវត្តឥស្លាម (IRGC)។

កងឆ្មាំបដិវត្តឥស្លាម (រូប៖ Reuters)

ជាការដាក់សម្ពាធ មិនដកដៃ លើអ៊ីរ៉ង់, ក្រសួងការបរទេសអាមេរិក បានដាក់គោលដៅសំខាន់ បំផ្លាញប្រភពចំណូលរបស់អង្គភាព IRGC, កងកម្លាំង Qods, សាខារបស់ពួកគេ ជាពិសេស រួមទាំងក្រុមហ៊ុនឬ បុគ្គលទាំងឡាយណា ដែលផ្តល់ប្រាក់ ឬជួយ IRGC ឲ្យគេចផុតពីទណ្ឌកម្ម ឬស្ថាប័នហិរញ្ញវត្ថុ ដែលធ្វើអាជីវកម្មជាមួយពួកគេ ផងដែរ។

តាមការផ្សាយរបស់ CNN នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ប្រាក់នេះ ត្រូវបានផ្តល់ជូនតាមរយៈកម្មវិធី «រង្វាន់ សម្រាប់យុត្តិធម៌» របស់ក្រសួង ដើម្បីសង្កត់សេដ្ឋកិច្ចអ៊ីរ៉ង់ មិនឲ្យរើរួច និងដាក់សម្ពាធឲ្យ ទីក្រុងតេហេរ៉ង់ ចូលមកកាន់តុចរចា ឈានដល់ការចុះកិច្ចព្រមព្រៀង សន្តិភាព។

សូមជម្រាបថា «រង្វាន់សម្រាប់យុត្តិធម៌» គឺជាកម្មវិធី ផ្តល់ប្រាក់រង្វាន់ឈានមុខគេ របស់ក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងដោយ សេវាសន្តិសុខការទូត (Diplomatic Security Service)។

កម្មវិធី រង្វាន់សម្រាប់យុត្តិធម៌ (រូប៖ The Record)

កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ ក្នុងគោលបំណង ប្រមូលព័ត៌មានដើម្បី បង្ការអំពើភេរវកម្មអន្តរជាតិ, ចាប់ខ្លួនមេដឹកនាំភេរវករ, រំខានដល់បណ្តាញហិរញ្ញវត្ថុ របស់ក្រុមភេរវករ ឬរដ្ឋដែលគាំទ្រភេរវកម្ម, ទប់ស្កាត់ការជ្រៀតជ្រែកការបោះឆ្នោត និងការវាយប្រហារតាមប្រព័ន្ធ អ៊ីនធឺណិត ពីសំណាក់រដ្ឋបរទេស។

សម្រាប់ចំនួនទឹកប្រាក់ដែលផ្តល់ឲ្យ គឺវាអាស្រ័យលើ ទម្ងន់នៃព័ត៌មាន និងកម្រិតគ្រោះថ្នាក់នៃមុខសញ្ញា។ ឧទាហរណ៍៖ ៥ លានដុល្លារ សម្រាប់ព័ត៌មានទាក់ទងនឹង សកម្មភាពភេរវកម្មទូទៅ, ១០-១៥ លានដុល្លារ សម្រាប់មេដឹកនាំកំពូលៗ ឬការរំខានដល់ប្រព័ន្ធហិរញ្ញវត្ថុធំៗ និង ២៥ លានដុល្លារ សម្រាប់មុខសញ្ញាគ្រោះថ្នាក់បំផុត។

ចាប់តាំងពីបង្កើតមក កម្មវិធីនេះ បានទូទាត់ប្រាក់រង្វាន់ជាង ២៥០ លានដុល្លារហើយ ទៅឲ្យមនុស្ស ១២៥ នាក់ នៅជុំវិញពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម