Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ ​ទាមទារ​លុយ​បង្កក ​៦ប៊ីលានដុល្លារ​​នៅ​​កាតា ​និង​បន្ត​​ចម្រាញ់​ធាតុអ៊ុយរ៉ាញ៉ូម​​

បានផុស

នៅ

ក្រោយ​កិច្ច​ព្រម​ព្រៀង​សហរដ្ឋ​អាមេរិក​-អ៊ីរ៉ង់​​ជិត​ឈាន​ចូល​ទី​បញ្ចប់ ប្រធានា​ធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian លើក​ឡើង​ថា ទ្រព្យ​សម្បត្តិ​ចំនួន ៦ប៊ីលានដុល្លារដែល​​ត្រូវ​បានបង្កក​នៅ​ក្នុង​ប្រទេស​កាតា ​នឹង​ត្រូវប្រគល់​ជូន​ទីក្រុងតេហេ​រ៉ង់វិញ បន្ទាប់​ពី​ឈាន​ដល់​​កិច្ចព្រមព្រៀង​បឋម​រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។

លោក Pezeshkian ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍​មួយ ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់​ IRIB និង​ផ្សាយ​បន្ត​ដោយទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu កាល​ពីថ្ងៃ​អាទិត្យ​ថា៖ « ជាមួយ​នឹង​ការ​ចាប់​ផ្តើម​នៃ​ការ​ចរចា​ចាប់ពីថ្ងៃនេះ​តទៅ ទ្រព្យសម្បត្តិចំនួន ៦ប៊ីលាន​ដុល្លារ​ដែល​យើងមាននៅ​ក្នុងប្រទេសកាតា ក៏នឹងត្រូវដោះលែង[​ឈប់​បង្កក​] ហើយ​ប្រគល់ជូនប្រទេសរបស់​យើងវិញ»។

ប្រធានា​ធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បន្ថែម​ថា៖ « អ្វីដែល​ប្រាកដ​នោះគឺថា យើងនឹង​មិនបោះបង់​ចោលសិទ្ធិរបស់យើង​ក្នុងការបង្កើន​ជាតិអ៊ុយរ៉ាញ៉ូមឡើយ ហើយ​ភាគី​ម្ខាងទៀត​នឹងត្រូវបង្ខំឱ្យទទួលយកវា»។

ដោយ​លើកឡើងពីក្តីបារម្ភរបស់​ទីក្រុងវ៉ាស៊ីនតោនលើ​កម្មវិធីនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ លោក Pezeshkian ឆ្លើយ​តប​ថា៖ « អ៊ីរ៉ង់មិន​មាន​បំណង​ក្នុង​ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​នោះទេ​»។

ប្រធានា​ធិបតីអ៊ីរ៉ង់​សង្កត់ធ្ងន់​​ថា​៖ «​ នេះ​មិនមែន​ជាបញ្ហាថ្មី​ទេ ហើយ​វា​ត្រូវ​បានលើកឡើងដោយ​មេដឹកនាំបដិវត្តន៍​អ៊ី​រ៉ង់ច្រើន​ឆ្នាំ​កន្លងមក​ហើយ​»។

គួរ​បញ្ជាក់​ថា គណៈ​ប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​បាន​ទៅ​ដល់​ប្រទេសស្វីសសម្រាប់​ការចរចាបច្ចេក​ទេស​ក្រោម​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា​ដែលបើក​ផ្លូវទៅរកការចរចា និង​ដែល​​បានចុះហត្ថលេខាកាល​ពីថ្ងៃពុធ​សប្តាហ៍​មុន​ ដើម្បីបញ្ចប់​ជម្លោះមជ្ឈិមបូព៌ា​រយៈពេលជាច្រើន​ខែ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ​។

ការចរចា​នៅ​សណ្ឋាគារ​ Burgenstock ប្រទេស​ស្វីស​ ​ដឹក​នាំ​ដោយ​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ JD Vance និង​ប្រធាន​សភា​អ៊ីរ៉ង់​ លោក Mohammad Bagher Ghalibaf និង​រដ្ឋ​មន្ត្រីការបរទេស​ Abbas Araghchi ក្រោម​ការសម្របសម្រួលរបស់​ប៉ាគីស្ថាន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម