Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ី និងចិន ប្តេជ្ញាកៀកស្មាគ្នា ការពារអធិបតេយ្យភាព និងសន្តិភាពពិភពលោក

បានផុស

នៅ

មុនពេលធ្វើដំណើរទៅ​ដល់​ប្រទេសចិននៅថ្ងៃអង្គារ ទី​១៩ ខែ​ឧសភា នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​បញ្ចេញ​​សារជាវីដេអូមួយ ដោយ​សង្កត់ធ្ងន់ថា ប្រទេសយក្សទាំងពីរ គឺរុស្ស៊ី និងចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយគ្នាទៅវិញទៅមកលើគ្រប់បញ្ហាទាំងអស់ ជាពិសេសគឺ ការការពារឯកភាពជាតិ និងអធិបតេយ្យភាពទឹកដីរបស់ខ្លួន។

លោក ស៊ី និង​លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​រ៉យទ័រ លោក ពូទីន បានបង្ហាញក្តីរំភើប និងមោទកភាពយ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះ ដោយលោកលើកឡើងថា ចំណងមិត្តភាពរវាងរុស្ស៊ី និងចិន នៅពេលនេះ បានឈានដល់កម្រិតកំពូលមួយ ដែលមិនធ្លាប់មានពីមុនមក ជាពិសេសគឺ ការមានទំនុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។

ការថ្លែងសារដ៏កក់ក្តៅនេះ ត្រូវបានធ្វើឡើង ដើម្បីត្រៀមលក្ខណៈ សម្រាប់ការជំនួបពិភាក្សាដ៏សំខាន់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ស្អែកនេះ។ នៅក្នុងឱកាសនោះ មេដឹកនាំរុស្ស៊ី បានបញ្ជាក់ច្បាស់ៗថា ប្រទេសទាំងពីរ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើគោលការណ៍ស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់បំផុតនោះ គឺពួកគេនឹងឈរនៅពីក្រោយគ្នាជានិច្ច ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ជាតិ ទាំងការការពារទឹកដី និងការរួមរួបរួមគ្នាជាធ្លុងមួយ ទោះបីជាលោកមិនបានលម្អិតស៊ីជម្រៅពីគម្រោងបន្ទាប់ក៏ដោយ។

ក្រៅពីកិច្ចសហប្រតិបត្តិការទូទៅ លោក ពូទីន ក៏បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្ន រុស្ស៊ី និងចិន កំពុងតែពង្រីកទំនាក់ទំនងរវាងគ្នាយ៉ាងសកម្ម ទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ និងវិស័យការពារជាតិ។ លោកបានចាត់ទុកថា សម្ព័ន្ធភាពដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នេះ គឺជារបាំងការពារដ៏សំខាន់មួយ ក្នុងការជួយរក្សាស្ថិរភាព និងលំនឹងនយោបាយនៅលើឆាកអន្តរជាតិ។

យ៉ាង​ណាមិញ ដើម្បីកុំឱ្យមានការយល់ច្រឡំពីមជ្ឈដ្ឋានខាងក្រៅ មេដឹកនាំរុស្ស៊ីរូបនេះ បាន​បកស្រាយ​​ថា ការចាប់ដៃគ្នាយ៉ាងណែនរវាងរុស្ស៊ី និងចិន នៅពេលនេះ មិនមែនធ្វើឡើង ក្នុងបំណងប្រឆាំង ឬបង្កើតសត្រូវជាមួយប្រទេសណាមួយនោះឡើយ។ ផ្ទុយទៅវិញ ការរួបរួមគ្នានេះ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបុព្វហេតុសន្តិភាព និងការនាំមកនូវភាពរីកចម្រើន រុងរឿង រួមគ្នាសម្រាប់មនុស្សជាតិទាំងអស់នៅលើពិភពលោក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម