Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ទោះបី​​មិនចុះសម្រុង​ក្នុង​សង្រ្គាមអ៊ីរ៉ង់ និងពន្ធគយ

បានផុស

នៅ

មន្ត្រីសេតវិមានម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារទី១៩ ខែឧសភា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងក្នុងខែក្រោយនេះ ទោះបីជាមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងបណ្តាសម្ព័ន្ធមិត្ត​ លើបញ្ហាជាច្រើន ចាប់តាំងពីបញ្ហាប្រទេសអ៊ីរ៉ង់ រហូតដល់រឿងពន្ធគយយ៉ាងណាក៏ដោយ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ការចូលរួមរបស់លោក ត្រាំ មិនធ្លាប់ត្រូវបានបញ្ជាក់ជាផ្លូវការពីមុនមកនោះទេ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរមណីយដ្ឋានមាត់បឹង Evian នៃតំបន់ភ្នំ Alpine នៃប្រទេសបារាំង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា។

កាលពីខែមករា សេតវិមានបានបញ្ជាក់ថា ប្រទេសបារាំងបានផ្លាស់ប្តូរកាលបរិច្ឆេទនៃកិច្ចប្រជុំនេះ ដើម្បីសម្របសម្រួលទៅតាមកាលវិភាគរបស់លោក ត្រាំ។ ជាក់ស្ដែង មេដឹកនាំអាមេរិក នឹងត្រូវរៀបចំការប្រកួតប្រដាល់ក្នុងទ្រុង ឬគុនចម្រុះ នៅសេតវិមាន នៅថ្ងៃទី ១៤ ខែមិថុនា ដែលជាថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក។

បើតាមការរាយការណ៍របស់សារព័ត៌មាន Axios ប្រធានាធិបតីអាមេរិករូបនេះ ចង់ពិភាក្សាលើប្រធានបទនានា រួមមានបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងនឹងបទល្មើស នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងនោះ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅចំពេលដែលមានភាពរកាំរកូសរវាងសហរដ្ឋអាមេរិក និងសមាជិក G7 ផ្សេងទៀត ជាពិសេសជុំវិញសង្រ្គាមដែលលោក ត្រាំ បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈកន្លងទៅ។

លោក ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់បណ្តាសម្ព័ន្ធមិត្តរបស់អាមេរិក ចំពោះការបរាជ័យក្នុងការជួយបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ ហើយត្រូវបានប្រទេសអ៊ីរ៉ង់បិទជាធរមាន ដែលបណ្តាលឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់។ ជាការឆ្លើយតបវិញ បណ្តាសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងសមាជិក G7 ផងនោះ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ទៅលើសេដ្ឋកិច្ចរបស់ពួកគេ ជាពិសេសនៅពេលដែលពួកគេកំពុងតែដោះស្រាយជាមួយនឹងបញ្ហាពន្ធគយដែលត្រូវបានដាក់ដោយលោក ត្រាំ។

ដោយឡែក ការចូលរួមរបស់លោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសទួកគី នាដើមខែកក្កដាខាងមុខនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

សូមបញ្ជាក់ថា ក្រុមប្រទេស G7 រួមមាន អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និងសហរដ្ឋអាមេរិក។ ប្រទេសនីមួយៗត្រូវទទួលវេនធ្វើជាប្រធានប្តូរវេនរបស់ក្រុម ដោយទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

គូស្នេហ៍​ស្ម័គ្រចិត្ត​ប្រមាណ​១០០០គូ ដែល​ប្រថុយ​ «​លះបង់ជីវិត» ក្នុងសង្គ្រាម​​អ៊ីរ៉ង់​​ ​រៀបការ​ក្នុងថ្ងៃ​តែមួយ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម