Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ បោះពាក្យថា៖ ណេតាន់យ៉ាហ៊ូ ដឹងច្បាស់ណាស់ថា នរណាជាមេ!

បានផុស

នៅ

ស្របពេលមានការនិយាយតៗគ្នាថា ទំនាក់ទំនងអាមេរិក-អ៊ីស្រាអែល កំពុងប្រេះឆានោះ ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អត់មានបញ្ហាអ្វីជាមួយគ្នាឡើយ ព្រោះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដឹងច្បាស់ថា នរណាជាមេ។

លោក ត្រាំ ជាមួយ ណេតាន់យ៉ាហ៊ូ (រូប៖ Reuters)

ក្នុងបទសម្ភាសជាមួយ Axios កាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បាននិយាយសំ​ដៅទៅមេដឹកនាំអ៊ីស្រាអែល ថា អ្នកទាំងពីរ ចុះសម្រុងនឹងគ្នាណាស់។ លោក ណេតានីយ៉ាហ៊ូ ដឹងច្បាស់ថា នរណាជាមេ ហើយថែមទាំងស្នើសុំ ជួបខ្លួន នៅឯសេតវិមាន នាពេលខាងមុខទៀតផង។

តាមសេចក្តីរាយការណ៍ លោក ណេតាន់យ៉ាហ៊ូ បានទូរស័ព្ទទៅលោក ត្រាំ កាលពីថ្ងៃសុក្រ ដើម្បីអបអរសាទរ ខួបឯករាជ្យលើកទី២៥០ របស់សហរដ្ឋអាមេរិក ដែលក្នុងកំឡុងពេលនោះ មេដឹកនាំទាំងពីរ បានព្រមព្រៀង នឹងជួបពិភាក្សាគ្នានៅពេលដ៏ខ្លីខាងមុខ។

លោក ត្រាំ កត់សម្គាល់ថា ទស្សនកិច្ច អាចនឹងកើតឡើងយ៉ាងឆាប់បំផុត នៅសប្តាហ៍ក្រោយ ខណៈមានប្រភពខ្លះទម្លាយថា ជំនួបអាចកើតឡើង បន្ទាប់ពីលោក ត្រាំ ត្រូវធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីចូលរួមសន្និសីទកំពូល អង្គការណាតូ នៅថ្ងៃទី៧-៨ ខែកក្កដា។

លោក ត្រាំ ជាមួយ ណេតាន់យ៉ាហ៊ូ (រូប៖ Reuters)

ទោះលោកត្រាំ អះអាងពីភាពត្រូវរ៉ូវគ្នា ប៉ុន្តែបទសម្ភាសនេះ កើតឡើង ចំពេលមានភាពរកាំរកូសគួរឲ្យកត់សម្គាល់ រវាងទីក្រុងវ៉ាស៊ីនតោន និងហ្សេរុយសាឡឹម។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក ត្រាំ បានអនុម័តលើ MoU ដើម្បីបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ និងស្តារ កិច្ចចរចានុយក្លេអ៊ែរឡើងវិញ ដែលជាវិធានការមួយ ដើរបញ្ច្រាស់ពីការជំទាស់របស់លោក ណេតាន់យ៉ាហ៊ូ។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ បានរិះគន់ជាសាធារណៈ ចំពោះវិធីសាស្ត្រយោធារបស់លោក ណេតាន់យ៉ាហ៊ូ លើក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ដោយប្រមុខសេតវិមាន បានសម្តែងការខកចិត្តថា ជម្លោះដែលកំពុងបន្តនៅលីបង់ បានគំរាមកំហែងខ្លាំងឡើងៗ ដល់កិច្ចពិភាក្សាសន្តិភាពក្នុងតំបន់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម