ព័ត៌មានអន្ដរជាតិ
ត្រាំ ត្រៀមបំបែកទម្លាប់ការទូត ជជែកផ្ទាល់ជាមួយមេដឹកនាំតៃវ៉ាន់ រឿងទិញអាវុធខ្នាតយក្ស
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) អំពីលទ្ធភាពនៃការលក់អាវុធឱ្យកោះនេះ ដែលការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ជាការដើរចេញយ៉ាងឆ្ងាយពីទំនៀមទម្លាប់ការទូត ដែលធ្លាប់មានជាច្រើនទសវត្សរ៍មកហើយ។ នេះបើតាមការផ្សាយរបស់ BBC នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

តាមពិតទៅ មេដឹកនាំអាមេរិក និងតៃវ៉ាន់ មិនដែលបានជជែកគ្នា ដោយផ្ទាល់ ម្តងណាឡើយ ចាប់តាំងពីឆ្នាំ១៩៧៩ មក ពោលគឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដើម្បីងាកទៅទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងវិញ។ ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើង ចំពេលដែលចិនតែងតែអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយថែមទាំងមិនទាត់ចោលការប្រើប្រាស់កម្លាំងបាយ ដើម្បីដណ្តើមយកកោះនេះមកវិញនោះទេ។ ដោយឡែក លោក ឡៃ ឈីងតេ ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ២០២៤ កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើនសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ឱ្យកាន់តែរឹងមាំ។
ដ្បិតអាមេរិកមានច្បាប់ ស្តីពីទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ ដែលតម្រូវឱ្យអាមេរិកផ្តល់អាវុធការពារខ្លួនដល់តៃវ៉ាន់ក៏ដោយ ក៏កន្លងមក អាមេរិកតែងតែរក្សាតុល្យភាពយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយចិន។
នៅពេលដែលអ្នកសារព័ត៌មានបានសួរលោក ត្រាំ កាលពីថ្ងៃពុធថា តើលោកមានគម្រោងជជែកជាមួយលោក ឡៃ ឈីងតេ មុនពេលសម្រេចចិត្តលក់អាវុធដែរឬទេ លោកបានឆ្លើយតបយ៉ាងខ្លីថា លោកនឹងជជែកជាមួយគាត់ ព្រោះលោកអាចជជែកជាមួយមនុស្សគ្រប់គ្នា ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់នេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោក ត្រាំ ក៏បានកោតសរសើរទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាពិតជាអស្ចារ្យណាស់ បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។

នាពេលបច្ចុប្បន្ន លោក ត្រាំ មិនទាន់សម្រេចចិត្តនៅឡើយទេថា តើនឹងត្រូវបន្តគម្រោងលក់កញ្ចប់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ដែលរួមមានប្រព័ន្ធប្រឆាំងដ្រូន និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅឱ្យតៃវ៉ាន់ដែរឬទេ។ ការណ៍នេះ បានធ្វើឱ្យទីក្រុងប៉េកាំងមិនទាន់អនុញ្ញាតឱ្យមន្ត្រីគោលនយោបាយកំពូល របស់មន្ទីរបញ្ចកោណ លោក Elbridge Colby ធ្វើទស្សនកិច្ចនៅឡើយទេ ដោយចិនរង់ចាំមើលសិនថាតើលោក ត្រាំ នឹងចាត់ការលើកិច្ចព្រមព្រៀងអាវុធនេះ តាមរបៀបណា។ កាលពីសប្តាហ៍មុន ពេលកំពុងធ្វើដំណើរត្រលប់មកវិញតាមយន្តហោះ Air Force One លោក ត្រាំ ក៏ធ្លាប់បាននិយាយដែរថា លោកនឹងធ្វើការសម្រេចចិត្តរឿងលក់អាវុធនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយលោកត្រូវតែជជែកជាមួយបុគ្គល ដែលកំពុងដឹកនាំតៃវ៉ាន់នាពេលបច្ចុប្បន្នសិន។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ភាគីចិន បានបង្ហាញយ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ គឺជាប្រធានបទដ៏ធំ និងរស៊ើបបំផុតនៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ដោយលោក ស៊ី ជីនពីង បានព្រមានពីលទ្ធភាពនៃការផ្ទុះ «ជម្លោះ» រវាងមហាអំណាចទាំងពីរ បើសិនជាដោះស្រាយមិនបានល្អ។ ទោះបីជាលោក ត្រាំ មិនសូវបារម្ភពីការផ្ទុះសង្គ្រាម ប៉ុន្តែលោកបានទទួលស្គាល់ថា លោក ស៊ី ជីនពីង មានជំហររឹងប៉ឹងខ្លាំងណាស់លើរឿងតៃវ៉ាន់នេះ ដោយលោក ត្រាំ មិនបានធ្វើការសន្យាណាមួយទៅខាងភាគីចិនឡើយ។ បន្ទាប់ពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង បានបញ្ចប់ មេដឹកនាំតៃវ៉ាន់ លោក ឡៃ ឈីងតេ បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យ ឯករាជ្យ និងមានអធិបតេយ្យភាព ហើយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ នឹងមិនត្រូវយកទៅធ្វើជាកូនអុកលះបង់ ឬដោះដូរពាណិជ្ជកម្មនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា ការលក់អាវុធរបស់អាមេរិក គឺជាកត្តាគន្លឹះ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ត្រាំ បានបំបែកច្បាប់ទម្លាប់ការទូតបែបនេះ ព្រោះកាលពីឆ្នាំ២០១៦ ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត លោកក៏ធ្លាប់បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់ នាសម័យនោះ គឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែលបង្កឱ្យចិនខឹងសម្បារ និងដាក់ពាក្យបណ្តឹងតវ៉ាយ៉ាងខ្លាំង។ ជាងនេះទៅទៀត លោក ត្រាំ បានទម្លាយថា លោកបានពិភាក្សាលម្អិត អំពីការលក់អាវុធនេះ ជាមួយលោក ស៊ី ជីនពីង ផងដែរ ដែលនេះជាការរំលោភលើការសន្យារបស់អាមេរិក កាលពីឆ្នាំ១៩៨២ ដែលធ្លាប់ធានាចំពោះតៃវ៉ាន់ថា អាមេរិកនឹងមិនពិគ្រោះយោបល់ជាមួយចិនរឿងលក់អាវុធឱ្យតៃវ៉ាន់ឡើយ។ នៅពេលត្រូវបានសួរដេញដោលពីរឿងនេះ លោក ត្រាំ បានឆ្លើយបែបហួសចិត្តថា រឿងតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ វាជាពេលវេលាដ៏យូរលង់ណាស់មកហើយ។
កាលពីខែធ្នូឆ្នាំមុន អាមេរិក បានអនុម័តការលក់អាវុធតម្លៃ ១១ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់ម្តងរួចមកហើយ ដែលជាកញ្ចប់អាវុធធំបំផុតមួយ និងបានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង។ នៅក្រោមការដឹកនាំរបស់លោក ឡៃ ឈីងតេ តៃវ៉ាន់បានស្វះស្វែងបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនយ៉ាងច្រើន ដើម្បីទប់ទល់នឹងសម្ពាធយោធាពីចិន ខណៈដែលប្រជាជនតៃវ៉ាន់ភាគច្រើន នៅតែចង់រក្សាស្ថានភាពបច្ចុប្បន្ន ពោលគឺមិនប្រកាសឯករាជ្យដាច់ខាតពីចិន ហើយក៏មិនព្រមរួមបញ្ចូលគ្នាជាមួយចិនវិញដែរ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


