Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្ដេជ្ញា​តាម​កម្ទេចស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ទោះបីទីក្រុងតេហេរ៉ង់ មិនប្រគល់ឲ្យក៏ដោយ

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ នៅ​ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា បានប្ដេជ្ញាថា សហរដ្ឋអាមេរិកនឹង​តាម​​​​បំផ្លាញ​​ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ប្រទេសអ៊ីរ៉ង់ នៅពេលណាមួយ ទោះបីជាមានការលើកឡើងពីភាគីទីក្រុងតេហេរ៉ង់ ថា ខ្លួននឹងមិនប្រគល់សារធាតុទាំងនោះឲ្យក៏ដោយ។

លោកត្រាំ កំពុងប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមាន (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខមេដឹកនាំអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា៖ «យើងនឹងយកវាឲ្យបាន! យើងមិនត្រូវការវាទេ ហើយយើងក៏មិនចង់បានវាដែរ។ យើងប្រហែលជានឹងកម្ទេចវាចោល បន្ទាប់ពីយើងទទួលបានវា ប៉ុន្តែយើងនឹងមិនបណ្តោយឲ្យពួកគេរក្សាទុកវាឡើយ»។

ប្រទេសអ៊ីរ៉ង់ត្រូវបានគេជឿជាក់ថា មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ប្រហែល ៩០០ ផោន (ប្រមាណ ៤០៨ គីឡូក្រាម) ដែលលោក ត្រាំ បានអះអាងថា ត្រូវបានកប់នៅក្រោមដីដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីជិតមួយឆ្នាំមុន។

ដោយឡែក ការដកហូតយកសារធាតុអ៊ុយរ៉ាញ៉ូមនេះដែរ គឺជាផ្នែកមួយនៃគោលបំណងចម្បងរបស់លោក ត្រាំ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីធានាថាទីក្រុងតេហេរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។

យោងតាមប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ចំនួនពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញសារាចរណែនាំមួយដោយបញ្ជាថា សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចយកទៅផលិតជាអាវុធបានរបស់ប្រទេសនេះ មិនគួរបញ្ជូនទៅក្រៅប្រទេសជាដាច់ខាត។

បើទោះជាបែបនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio )កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រមុខកងទ័ពប៉ាគីស្ថានទៅកាន់ប្រទេសអ៊ីរ៉ង់ នឹងជួយជំរុញកិច្ចប្រឹងប្រែងផ្នែកការទូតក្នុងការបញ្ចប់សង្គ្រាម ដោយលោកបានកត់សម្គាល់ឃើញថា មានវឌ្ឍនភាពខ្លះៗហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​រដ្ឋមន្ត្រីការបរទេស​គុយបា ព្រមាន សម្តី​ លោក រូប៊ីយ៉ូ ​អាច​បង្ក​ការបង្ហូរ​ឈាម
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម