Connect with us

ព័ត៌មានអន្ដរជាតិ

សព្វាវុធ​ទំនើបៗរបស់ហ៊ូធី ដែល​យកទៅវាយប្រហារអ៊ីស្រាអែល និងកាងនៅសមុទ្រក្រហម

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការកើនឡើងនូវសមត្ថភាពយោធារបស់​ហ៊ូធី (Houthis) ដែលជាក្រុមប្រដាប់អាវុធគ្រប់គ្រងទឹកដីភាគខាងជើងនៃប្រទេសយេម៉ែន។ ពីអតីតកាលដែលជាក្រុមទ័ពព្រៃប្រើប្រាស់តែអាវុធចាស់ៗសម័យសូវៀត មកទល់ពេលនេះ ពួកគេបានក្លាយជាកម្លាំងយោធាមួយ ដែលអាចបាញ់ស្រោចមីស៊ីលទៅលើទឹកដីអ៊ីស្រាអែល និងធ្វើឱ្យកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិស្ទើរតែគាំងដំណើរការទាំងស្រុង នៅក្នុងតំបន់សមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb។

ការ​តាំង​បង្ហាញ​ពី​អាវុធ​របស់​ក្រុមហ៊ូធី កាលពី​ឆ្នាំ​២០២៣ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើក្រុមមួយនេះ មានមហិទ្ធិឫទ្ធិ និងមានអាវុធទំនើបៗអ្វីខ្លះ ទើបអាចប្រឈមមុខជាមួយមហាអំណាចកំពូលៗ ដូចជា អាមេរិក និងអ៊ីស្រាអែលបាន?

របាយការណ៍ស៊ើបអង្កេត​របស់ស្ថាប័នស្រាវជ្រាវអាវុធ Conflict Armament Research (CAR) និងវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ International Institute for Strategic Studies (IISS) បានបង្ហាញថា ឃ្លាំងអាវុធរបស់ក្រុមហ៊ូធីលែងជារបស់សាមញ្ញទៀតហើយ។ អាវុធយុទ្ធសាស្ត្រសំខាន់ៗរបស់ពួកគេ មានដូចជា៖

១. មីស៊ីលបាលិស្ទិក និងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ

ក្រុមហ៊ូធី គឺជាក្រុមប្រដាប់អាវុធមិនមែនរដ្ឋដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រ ដែលបានប្រើប្រាស់មីស៊ីលបាលិស្ទិកប្រឆាំងនឹងនាវាចរណ៍នៅលើសមុទ្រ។

  • មីស៊ីលវាយប្រហារអ៊ីស្រាអែល៖ ពួកគេមានមីស៊ីលប្រភេទ Toofan និង Palestine-2 ដែលជារបស់ទំនើប មានសមត្ថភាពហោះហើរបានចម្ងាយរហូតដល់ ២ ០០០គីឡូម៉ែត្រ។ មីស៊ីលទាំងនេះ អាចហោះចេញពីយេម៉ែន កាត់តាមសមុទ្រក្រហម ទៅបុកចំគោលដៅនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
  • មីស៊ីលវាយប្រហារលើសមុទ្រ៖ សម្រាប់ការវាយប្រហារកប៉ាល់ ពួកគេប្រើប្រាស់មីស៊ីលគ្រូសប្រឆាំងនាវាប្រភេទ Quds-4 និងមីស៊ីលបាលិស្ទិក Asef និង Tankeel ដែលអាចស្វែងរក និងបំផ្លាញកប៉ាល់ចម្ងាយរាប់រយគីឡូម៉ែត្រចំគោលដៅ​ល្អ។

២. ដ្រូនអត្តឃាត និងដ្រូនស៊ើបការណ៍កម្រិតខ្ពស់

យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធចំណាយតិចតែមានប្រសិទ្ធភាពខ្ពស់របស់ហ៊ូធី។ តាមទិន្នន័យពីស្ថាប័នប្រមូលទិន្នន័យជម្លោះ ACLED ក្រុមហ៊ូធីបានអភិវឌ្ឍយុទ្ធសាស្ត្រប្រើប្រាស់ដ្រូនយ៉ាងខ្លាំងក្លា៖

  • ដ្រូនរយៈចម្ងាយឆ្ងាយ៖ ដ្រូនប្រភេទ Samad-3 និង Yaffa ត្រូវបានប្រើប្រាស់ ដើម្បីហោះចូលទៅបំផ្ទុះនៅទីក្រុងនានារបស់អ៊ីស្រាអែល ដោយវាអាចហោះក្នុងកម្ពស់ទាប ធ្វើឱ្យប្រព័ន្ធការពាររ៉ាដាពិបាកចាប់សញ្ញា។
  • ដ្រូនប្រើបានច្រើនដង (Multi-use Drones)៖ ក្រៅពីដ្រូនអត្តឃាតបុកផ្ទុះ ហ៊ូធីក៏មានដ្រូនដែលអាចហោះទៅទម្លាក់គ្រាប់បែក រួចហោះត្រឡប់មកមូលដ្ឋានវិញ ដែលជួយសន្សំសំចៃថ្លៃដើមយ៉ាងច្រើន។

៣. អាវុធបាតសមុទ្រ និងទូកគ្មានមនុស្សបើក

ដើម្បីគ្រប់គ្រង និងគំរាមកំហែងដល់កប៉ាល់ពាណិជ្ជកម្ម និងនាវាចម្បាំងរបស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ក្រុមហ៊ូធីបានងាកមកប្រើប្រាស់ «ទូកអត្តឃាតគ្មានមនុស្សបើក»។ ទូកទាំងនេះ ត្រូវបានគេបន្លំធ្វើជាទូកនេសាទធម្មតា ប៉ុន្តែផ្ទុកទៅដោយគ្រឿងផ្ទុះរាប់រយគីឡូក្រាម បើកបរក្នុងល្បឿនលឿនទៅបុកកប៉ាល់ធំៗ។ លើសពីនេះ របាយការណ៍ចុងក្រោយ បង្ហាញថា ពួកគេចាប់ផ្តើមមានប្រភេទ ដ្រូនក្រោមទឹក និងមីនក្រោមទឹកទំនើបៗ ដែលធ្វើឱ្យការការពារជើងទឹករបស់លោកខាងលិចកាន់តែមានភាពស្មុគស្មាញ។


តើអាវុធទាំងនេះបានមកពីណា?
តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The National News ដោយផ្អែកលើការរឹបអូសអាវុធបានរាប់រយតោននៅសមុទ្រក្រហម អាវុធភាគច្រើនត្រូវបានដឹកជញ្ជូនមកពី ប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណា អ៊ីរ៉ង់មិនបានដឹកមកទាំងមូលនោះទេ ប៉ុន្តែបានផ្ញើមកជាទម្រង់ «គ្រឿងបន្លាស់ជា​បំបែកៗ» ដែលមានការវាយកូដសម្ងាត់ រួចទើបក្រុមហ៊ូធីយកទៅ​ដំឡើង និងបំពាក់បច្ចេកវិទ្យាដោយខ្លួនឯង នៅក្នុងប្រទេសយេម៉ែន។ វិធីសាស្ត្រនេះ ធ្វើឱ្យការលួចលាក់ដឹកជញ្ជូនតាមសមុទ្រពិបាកនឹងចាប់បាន។


ផលប៉ះពាល់ជាសកល និងស្ថានភាពបច្ចុប្បន្ន

សកម្មភាពកាងនៅសមុទ្រក្រហមរបស់ក្រុមហ៊ូធី មិនមែនជារឿងលេងសើចឡើយ។ តាមការវិភាគរបស់ Global Security Review បើទោះបីជាមានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើមូលដ្ឋានយោធារបស់ហ៊ូធីនៅកំពង់ផែ Hodeidah ក៏ដោយ ក៏វាមិនបានធ្វើឱ្យសមត្ថភាពអាវុធរបស់ក្រុមនេះរលាយបាត់នោះដែរ។

អ្នកជំនាញយោធាយល់ឃើញថា សមុទ្រក្រហម បានក្លាយទៅជា «តំបន់សម្ពាធយុទ្ធសាស្ត្រ»។ រាល់ពេលដែលមានការឡើងកម្តៅខ្លាំងរវាង អ៊ីស្រាអែល អ៊ីរ៉ង់ និងអាមេរិក ក្រុមហ៊ូធីតែងតែប្រើប្រាស់ឃ្លាំងអាវុធដ៏ទំនើបរបស់ខ្លួន បាញ់ឆ្ពោះទៅរកអ៊ីស្រាអែល និងបិទខ្ទប់ការធ្វើដំណើររបស់កប៉ាល់ ដើម្បីជាការសងសឹក និងបង្ហាញសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម