ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាក្រុមហ៊ូធី នៅមិនទាន់លូកដៃជួយអ៊ីរ៉ង់ក្នុងសង្គ្រាមជាមួយអាមេរិក-អ៊ីស្រាអែល?
ភ្លើងសង្គ្រាមរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងខែមីនា ឆ្នាំ២០២៦នេះ ហើយពិភពលោកទាំងមូលបានសម្លឹងទៅរកសមុទ្រក្រហម ដោយរំពឹងថានឹងមានការចូលជួយភ្លាមៗពីសំណាក់ក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន។ ក៏ប៉ុន្តែ ទោះបីជាមានផ្សែងហុយចេញពីទីក្រុងតេហេរ៉ង់ និងការបាញ់មីស៊ីលតបតគ្នានៅទូទាំងមជ្ឈិមបូព៌ាក៏ដោយ ក៏ក្រុមហ៊ូធីនៅតែរក្សាភាពស្ងប់ស្ងាត់គួរឲ្យភ្ញាក់ផ្អើល។

ដ្បិតពួកគេបាននាំគ្នាចេញមកពាសពេញដងផ្លូវក្នុងទីក្រុងសាណា ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ ប៉ុន្តែដ្រូន និងមីស៊ីលរបស់ពួកគេ មិនទាន់ត្រូវបានបង្ហោះចេញនៅឡើយទេ។ ភាពស្ងប់ស្ងាត់ខុសធម្មតានេះ បានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើហេតុអ្វីបានជាក្រុមសកម្មប្រយុទ្ធដ៏ខ្លាំងក្លាមួយនេះ សុខចិត្តឈរមើលពីចម្ងាយ ស្របពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងស្ថិតក្នុងសមរភូមិដ៏ក្តៅគគុក?
មូលហេតុចម្បងនៃភាពរារែកនេះ គឺដោយសារការរក្សាតុល្យភាពអំណាចនៅក្នុងប្រទេសរបស់ខ្លួន។ របាយការណ៍ស្រាវជ្រាវមួយធ្វើឡើងដោយវិទ្យាស្ថានសិក្សាសន្តិសុខជាតិ INSS របស់អ៊ីស្រាអែល បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសយេម៉ែនទើបតែទទួលបានសន្តិភាពដ៏ផុយស្រួយ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ មេដឹកនាំក្រុមហ៊ូធីត្រូវបានគេរាយការណ៍ថា មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការលោតចូលទៅក្នុងសង្គ្រាមផ្ទាល់ជាមួយអាមេរិក និងអ៊ីស្រាអែល អាចនឹងដុតបញ្ឆេះឲ្យអារ៉ាប៊ីសាអូឌីតចូលមកក្នុងសង្គ្រាមម្តងទៀត ដែលនឹងធ្វើឲ្យយេម៉ែនធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមដែលពួកគេខំប្រឹងចាកចេញ។ ទន្ទឹមនោះ ការនៅក្រៅខ្សែបន្ទាត់នៃការវាយប្រហារនេះ ជួយឲ្យពួកគេរក្សាបាននូវសមិទ្ធផលក្នុងស្រុក ដូចជា ការបើកដំណើរការកំពង់ផែសំខាន់ៗ និងការហូរចូលនៃទំនិញចាំបាច់សម្រាប់ប្រជាជនរបស់ខ្លួន។
លើសពីនេះ អ្នកជំនាញយល់ថា ក្រុមហ៊ូធីកំពុងត្រូវបានអ៊ីរ៉ង់រក្សាទុកជា «សន្លឹកអាត់» បម្រុង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ ខណៈដែលក្រុមហេសបូឡាកំពុងជាប់ដៃក្នុងសមរភូមិជាប់ព្រំដែនអ៊ីស្រាអែល ក្រុមហ៊ូធីវិញបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រពិសេសនៅច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ គេជឿថា ទីក្រុងតេហេរ៉ង់កំពុងរក្សាផ្លូវនាវាចរណ៍មួយនេះទុកជា «ផែនការចុងក្រោយ» ប្រសិនបើសមរភូមិផ្សេងៗទៀតត្រូវបរាជ័យ ជាពិសេសបើការបិទច្រកសមុទ្រ Hormuz មិនទទួលបានផ្លែផ្កា ដើម្បីធ្វើឲ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់។
សម្រាប់ហេតុផលមួយទៀត បើតាមការចុះផ្សាយរបស់ Global Security Review ស្ថានភាពនេះត្រូវបានគេហៅថាជា «ភាពស្ងប់ស្ងាត់ជាយុទ្ធសាស្ត្រក្នុងភាពតានតឹង» របស់ហ៊ូធី។ មេដឹកនាំក្រុមហ៊ូធី លោក Abdul-Malik al-Houthi បានព្រមានថា កងកម្លាំងរបស់លោក បានដាក់ម្រាមដៃលើកៃកាំភ្លើងរួចរាល់ហើយ ហើយរបាយការណ៍បានបង្ហាញថា ពួកគេបាននិងកំពុងមមាញឹកក្នុងការបង្កើនកម្លាំងមីស៊ីលនៅតាមឆ្នេររបស់ខ្លួន។ សម្រាប់ពេលនេះ ពួកគេកំពុងជ្រើសរើសលេងល្បែងយុទ្ធសាស្ត្រវែងឆ្ងាយ ដោយជឿជាក់ថា ការអត់ធ្មត់នៅថ្ងៃនេះ នឹងផ្តល់អំណាចឲ្យពួកគេវាយបកកាន់តែខ្លាំងនៅថ្ងៃស្អែក។
ពិភពលោកកំពុងនៅតែបន្តតាមដានសមុទ្រក្រហម ដោយដឹងយ៉ាងច្បាស់ថា បើទោះបីជាក្រុមហ៊ូធីមិនទាន់ចូលរួមក្នុងសង្គ្រាម ក៏មិនមែនមានន័យថាពួកគេស្ថិតនៅក្រៅរង្វង់សង្គ្រាមនោះដែរ៕
អត្ថបទ៖ ឈាង
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


