Connect with us

ព័ត៌មានអន្ដរជាតិ

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចាក់ផ្សាយរូបភាព «ផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ» រួច​សុំទោសថាជាកំហុសបច្ចេកទេស

បានផុស

នៅ

ប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់ បានជួបប្រទះនឹងការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពីព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីស្ថានីយទូរទស្សន៍រដ្ឋ IRIB បានចាក់ផ្សាយវីដេអូប្លង់ក្រាហ្វិក 3D មួយ ដែលបង្ហាញពីទិដ្ឋភាពពន្លឺភ្លើងជះពាសពេញផ្ទៃមេឃ តាមដោយផ្សែងហុយឡើងលើរាងដូចដើមផ្សិតយក្ស ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីទិដ្ឋភាពនៃការផ្ទុះអាវុធនុយក្លេអ៊ែរនៅលើទីក្រុងមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ផ្សាយ​របស់ VN Express ដោយ​ដកស្រង់​ប្រភព​ពី​ Royal News រូបភាពដ៏គួរឱ្យខ្លាចនេះ បានធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង និងបង្កើតឱ្យមានពាក្យចចាមអារ៉ាមជាច្រើន នៅលើបណ្ដាញសង្គមថា ស្ថានីយទូរទស្សន៍ជាតិមួយនេះ អាចនឹងត្រូវក្រុមហេគឃ័រ វាយប្រហារបច្ចេកវិទ្យា និងដណ្ដើមយកសិទ្ធិ​ទៅ​ផ្សាយ។ យ៉ាង​ណាមិញ មិនយូរប៉ុន្មាន ខាងស្ថានីយទូរទស្សន៍ IRIB បានចេញមុខមកបកស្រាយ​ថា ការផ្សាយរូបភាពផ្ទុះនុយក្លេអ៊ែរនោះ គ្រាន់តែជាកំហុសឆ្គងបច្ចេកទេសក្នុងវគ្គកាត់ត និងរៀបចំកម្មវិធី​តែប៉ុណ្ណោះ ហើយអ្នកសម្របសម្រួលកម្មវិធី ក៏បានអះអាងផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ដែរថា មិនមានការវាយប្រហារពីក្រុមហេគឃ័រណាមួយឡើយ។

រឿងរ៉ាវបច្ចេកទេសនេះ បានកើតឡើងចំពេលដែលបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងតែស្ថិតក្នុងភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយសារតែបច្ចុប្បន្ន អ៊ីរ៉ង់កំពុងមានការរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់រហូតដល់ទៅជាង ៤០០គីឡូក្រាម ដែលភាគីអ៊ីស្រាអែលបានអះអាងថា វាគ្រប់គ្រាន់ ក្នុងការយកទៅផលិតជាគ្រាប់បែកបរមាណូបានដល់ទៅ ១១គ្រាប់។ ប៉ុន្តែ ទីក្រុងតេហេរ៉ង់តែងតែបដិសេធដដែលៗថា ខ្លួនមិនមានបំណងចង់បង្កើតអាវុធបំផ្លិចបំផ្លាញទ្រង់ទ្រាយធំបែបនេះឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះ គឺជាប្រធានបទស្នូល និងក្តៅបំផុតនៅលើតុចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមដែលបានផ្ទុះឡើង តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ជាច្រើនដងថា កិច្ចព្រមព្រៀងថ្មី ត្រូវតែធានាដាច់ខាតថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបាន ចំណែកឯខាងភាគីអ៊ីរ៉ង់វិញ ក៏បានដាក់លក្ខខណ្ឌតបវិញដែរ ដោយទាមទារឱ្យមានការដកទណ្ឌកម្មអន្តរជាតិ បញ្ចេញ​ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលត្រូវបានបង្កក និងទទួលស្គាល់សិទ្ធិគ្រប់គ្រងរបស់ខ្លួនលើតំបន់ច្រកសមុទ្រ Hormuz ផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម