ព័ត៌មានអន្ដរជាតិ
២២ប្រទេស ថ្កោលទោសអ៊ីរ៉ង់ រឿងជួល «ក្រុមបងធំ» ដើរធ្វើស៊ីអ្នកកាសែត និងសហគមន៍ជ្វីហ្វ នៅបរទេស
សម្ព័ន្ធមិត្តអន្តរជាតិចំនួន ២២ប្រទេស រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និងបណ្តាប្រទេសជាច្រើនទៀតនៅអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដ៏កម្រមួយ ដោយថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ចំពោះការប្រើប្រាស់បណ្តាញក្រុមទុច្ចរិត និងក្រុមម៉ាហ្វៀ ទាំងនៅក្នុងតំបន់ និងលក្ខណៈអន្តរជាតិ ដើម្បីរៀបចំផែនការសម្ងាត់កម្ទេចសត្រូវរបស់ខ្លួន នៅលើទឹកដីនៃប្រទេសដទៃ។ នេះបើយោងតាមការចុះផ្សាយរបស់ France24 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមប្រទេសទាំងនោះ បានសង្កត់ធ្ងន់ថា រាល់ការប៉ុនប៉ងសម្លាប់ ចាប់ជម្រិត ធ្វើទុក្ខបុកម្នេញ ឬគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ នៅលើទឹកដីរបស់ពួកគេ គឺជាការរំលោភលើអធិបតេយ្យភាពជាតិ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលអ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍រួម ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងកងកម្លាំងពិសេស Quds ត្រូវបានគេរកឃើញថា នៅពីក្រោយខ្នងនៃយុទ្ធនាការបំផ្លិចបំផ្លាញ និងផែនការបង្ហូរឈាមជាច្រើន ដែលមានគោលដៅវាយប្រហារលើក្រុមអ្នកនយោបាយប្រឆាំងអ៊ីរ៉ង់ ក្រុមអ្នកសារព័ត៌មាន រួមទាំងសហគមន៍ និងផលប្រយោជន៍របស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែលនៅជុំវិញពិភពលោក។
ប្រទេសទាំង២២ បានប្រកាសជំហររួមគ្នាយ៉ាងម៉ឺងម៉ាត់ថា នឹងការពារប្រជាជនរបស់ខ្លួន និងទប់ទល់នឹងការគំរាមកំហែងពីសំណាក់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ឱ្យដល់ទីបំផុត។ បន្ថែមពីលើនេះ អ៊ីរ៉ង់ក៏ត្រូវបានចោទប្រកាន់ថាជា អ្នកបញ្ជាពីចម្ងាយឱ្យក្រុមប្រដាប់អាវុធមួយ ឈ្មោះថា Harakat Ashab al-Yamin al-Islamiya (HAYI) ចេញមុខធ្វើសកម្មភាពវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅអឺរ៉ុប។ ក្រុមនេះ ធ្លាប់បានអះអាងទទួលខុសត្រូវលើករណីចាក់សម្លាប់ជនជាតិជ្វីហ្វពីរនាក់ និងការលួចដុតបំផ្លាញវិហារសាសនាជ្វីហ្វ និងមណ្ឌលសហគមន៍ជាច្រើនកន្លែង នៅភាគខាងជើងទីក្រុងឡុងដ៍ ព្រមទាំងការវាយប្រហារស្រដៀងគ្នានេះ នៅក្នុងប្រទេសបែលហ្ស៊ិក និងហូឡង់ផងដែរ។
ជុំវិញបញ្ហានេះ ប្រទេសអូស្ត្រាលី បានដើរតួនាទីចម្បង ដោយកាលពីខែសីហា ឆ្នាំមុន រដ្ឋាភិបាលទីក្រុងកង់ប៊េរ៉ា បានបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចេញពីប្រទេស ក្រោមការចោទប្រកាន់ថាបានដឹកនាំការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វ ដោយបានលួចដុតវិហារមួយនៅទីក្រុង Melbourne និងហាងកាហ្វេមួយនៅទីក្រុងស៊ីដនី។ មិនតែប៉ុណ្ណោះ អូស្ត្រាលីថែមទាំងបានដកទូតរបស់ខ្លួនចេញពីទីក្រុងតេហេរ៉ង់ និងបានប្រកាសចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ថាជា «ក្រុមគាំទ្រភេរវកម្ម» ទៀតផង ដោយចាត់ទុកសកម្មភាពរបស់អ៊ីរ៉ង់ថាជា ការឈ្លានពានដ៏គ្រោះថ្នាក់ដែលមិនធ្លាប់មាននៅលើទឹកដីអូស្ត្រាលី។ បើទោះបីជាក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខតវ៉ាថា វិធានការរបស់អូស្ត្រាលីជាការប្រមាថ និងរំលោភលើបទដ្ឋានអន្តរជាតិក៏ដោយ ក៏សម្ពាធពីបណ្តាប្រទេសលោកខាងលិចទាំង២២ លើកនេះ កំពុងតែរុញច្រានអ៊ីរ៉ង់ឱ្យធ្លាក់ទៅក្នុងភាពឯកោនៅលើឆាកអន្តរជាតិកាន់តែខ្លាំង៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


