Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីស៊ីរី ច្រានចោលសម្តី ត្រាំ ហើយអះអាងថា មិនលូកដៃចូលសង្គ្រាម លីបង់ ដាច់ខាត

បានផុស

នៅ

ប្រធានាធិបតីស៊ីរី លោក អាម៉េត អាល់ហ្សារ៉ា (Ahmed al-Sharaa) បានបញ្ជាក់ទៅកាន់ក្រុមប្រតិភូកាលពីថ្ងៃទី១២ ខែមិថុនា ថា ទីក្រុងដាម៉ាសគ្មានបំណងចូលជ្រៀតជ្រែកក្នុងប្រទេសលីបង់នោះឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបកាលពីពេលថ្មីៗនេះថា ស៊ីរីអាចនឹងមានឆន្ទៈធ្វើបែបនោះក៏ដោយ។

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីររូបដែលបានចូលជួបប្រធានាធិបតីស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក អាម៉េត អាល់ហ្សារ៉ា បានប្រាប់ទៅកាន់ឥស្សរជន និងឥស្សរជនជាន់ខ្ពស់រាប់សិបនាក់មកពីរដ្ឋធានីដាម៉ាសថា «អ្វីដែលកំពុងត្រូវបានចែកចាយអំពីការដែលស៊ីរីចូលទៅក្នុងលីបង់ គឺមិនមានអ្វីក្រៅពីពាក្យចចាមអារ៉ាមនោះឡើយ»។

កាលពីថ្ងៃព្រហស្បតិ៍ វិមានប្រធានាធិបតីស៊ីរីបានប្រកាសថា លោក អាល់ហ្សារ៉ា បានទទួលជួបគណៈប្រតិភូនៅវិមានប្រធានាធិបតី ក្នុងកិច្ចប្រជុំមួយដែលផ្តោតលើបញ្ហាសេវាកម្ម និងការអភិវឌ្ឍន៍នានាដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងខេត្ត ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ មិនមានការលើកឡើងអំពីសម្តីរបស់លោក អាល់ហ្សារ៉ា ជុំវិញបញ្ហាប្រទេសលីបង់នោះទេ។

ការបញ្ជាក់នេះបានធ្វើឡើង ខណៈពេលដែលអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាមានការប្រកាសពីបទឈប់បាញ់ដែលមានលក្ខខណ្ឌមួយ កាលពីដើមខែនេះនៅទីក្រុងវ៉ាស៊ីនតោន ដោយប្រកាសដោយបេសកជនលីបង់ និងអ៊ីស្រាអែលក៏ដោយ។ ក្រុមហេសបូឡាបានបដិសេធកិច្ចព្រមព្រៀងនោះ ដោយសារតែវាមិនបានចែងថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារ ឬដកទ័ពរបស់ខ្លួនចេញពីលីបង់នោះទេ។

ជាពិសេស កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រាប់បណ្តាញផ្សព្វផ្សាយ NBC ថា លោក អាល់ហ្សារ៉ា មានឆន្ទៈក្នុងការជួយប្រឆាំងនឹងក្រុមហេសបូឡា ដែលបានផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលតាំងពីថ្ងៃទី២ ខែមីនាមក។ យ៉ាងណា ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី លោក Noureddine al-Baba បានផ្តល់បទសម្ភាសន៍តាមទូរទស្សន៍វិញថា ទីក្រុងដាម៉ាសឈរនៅខាងប្រធានាធិបតីលីបង់ លោក Joseph Aoun ក្នុងការ រក្សាសន្តិសុខរបស់លីបង់ និងអធិបតេយ្យភាពនៃរដ្ឋលីបង់។

គួររំលឹកផងដែរថា ប្រទេសស៊ីរី ក្រោមការដឹកនាំរបស់ត្រកូល អាល់អាសាដ ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា និងបានគ្រប់គ្រងលើលីបង់អស់រយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីការចូលជ្រៀតជ្រែកខាងយោធាក្នុងសង្គ្រាមស៊ីវិលលីបង់ឆ្នាំ ១៩៧៥-១៩៩០ ហើយទើបតែបានដកទ័ពចេញវិញនៅក្នុងឆ្នាំ ២០០៥។ ហេតុនេះ ការចូលពាក់ព័ន្ធខាងយោធាជាថ្មីណាមួយ នឹងក្លាយជាបញ្ហាដ៏រសើបបំផុត ខណៈដែលក្រុមហេសបូឡាក៏ធ្លាប់បានជួយប្រយុទ្ធការពាររដ្ឋាភិបាលស៊ីរី នៅក្នុងសង្គ្រាមស៊ីវិលរបស់ស៊ីរីផ្ទាល់ផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម