Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងអ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម មែនទែនហើយ

បានផុស

នៅ

ជាសញ្ញាវិជ្ជមាន ឈានឆ្ពោះទៅរកសន្តិភាព! ពេលនេះ ភាគីអ៊ីរ៉ង់ បញ្ជាក់ថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយ សហរដ្ឋអាមេរិក កាន់តែខិតជិតដល់មែនទែនហើយ ពោលគឺវាកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលជិតសម្រេចបានជាងពេលណាណាទាំងអស់។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦, ក្រុមចរចា មកពីទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានឯកភាពគ្នាលើខ្លឹមសារក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នមួយ ដែលត្រូវបានគេប្រសិទ្ធនាមថា «កិច្ចព្រមព្រៀងអ៊ីស្លាម៉ាបាដ» ឬ «អនុស្សរណៈនៃការយោគយល់គ្នា ទីក្រុងអ៊ីស្លាម៉ាបាដ» ខណៈឥឡូវ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi អះអាងថា លក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនោះ គឺរួមបញ្ចូលទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរ។

ជុំវិញរឿងនេះ មន្ត្រីអាមេរិកក៏បញ្ជាក់ដែរថា កិច្ចព្រមព្រៀង នឹងនាំឲ្យបើកច្រក Hormuz ឡើងវិញភ្លាមៗ ដើម្បីដោះដូរ ទៅនឹងការដែលអាមេរិក ដកវិធានការបិទខ្ទប់ លើការដឹកជញ្ជូនតាមផ្លូវទឹករបស់អ៊ីរ៉ង់។ ដំណាក់កាលចរចារយៈពេល ៦០ថ្ងៃ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយផ្តោតលើការបំផ្លាញចោលនូវសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ នៅនឹងកន្លែង រួចដឹកជញ្ជូនវាចេញពីប្រទេស បើទោះបីជាវិធីសាស្ត្រជាក់លាក់ សម្រាប់អនុវត្តកិច្ចការនេះ មិនទាន់ត្រូវបានសម្រេចក៏ដោយ។

(រូប៖ Reuters)

យ៉ាងណា អាមេរិក បានបដិសេធចំពោះរបាយការណ៍ដែលថា មានការផ្តល់ប្រាក់ឲ្យជាមុន ឬការបញ្ចេញទ្រព្យសម្បត្តិ ដែលបង្កកភ្លាមៗ។ ផ្ទុយទៅវិញ អ៊ីរ៉ង់នឹងត្រូវធ្វើសមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោកឡើងវិញជាដំណាក់កាលៗ តាមរយៈការដកទណ្ឌកម្មបន្តិចម្តងៗ។

មិនត្រឹមប៉ុណ្ណឹង កិច្ចព្រមព្រៀងនេះ តម្រូវឲ្យប្រទេសអ៊ីរ៉ង់ បញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមប្រដាប់អាវុធតំណាង (Proxy groups) នៅក្នុងតំបន់ ដូចជាក្រុម ហេសបូឡា ជាដើម។

នៅមានលក្ខខណ្ឌមួយចំនួនទៀត មិនទាន់ត្រូវបានទម្លាយ ប៉ុន្តែបើយោងតាមលោក Araghchi, ការចរចាគ្នាលើរឿងនុយក្លេអ៊ែរ នឹងត្រូវធ្វើឡើង នាពេលក្រោយ។

(រូប៖ Reuters)

គួរបញ្ជាក់ថា គម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះ គឺជាប្រធានបទស្នូល និងក្តៅបំផុតនៅលើតុចរចារវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមដែលបានផ្ទុះឡើង តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ជាច្រើនដងរួចមកហើយថា កិច្ចព្រមព្រៀងថ្មី ត្រូវតែធានាដាច់ខាតថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបាន ចំណែកឯខាងភាគីអ៊ីរ៉ង់វិញ ក៏ដាក់លក្ខខណ្ឌតបវិញដែរ ដោយទាមទារឲ្យមានការដកទណ្ឌកម្មអន្តរជាតិ បញ្ចេញ​ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលត្រូវបានបង្កក និងទទួលស្គាល់សិទ្ធិគ្រប់គ្រងរបស់ខ្លួនលើតំបន់ច្រកសមុទ្រ Hormuz ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម