Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុ ៤យ៉ាង ធ្វើឲ្យទុរេន ថៃ លក់មិនដាច់នៅកូរ៉េខាងត្បូង សូម្បី​មានពលរដ្ឋថៃរស់នៅជាង ១៣ម៉ឺននាក់​នៅទីនោះ​

បានផុស

នៅ

វិស័យនាំចេញផ្លែឈើរបស់ថៃបានជួបប្រទះនូវរបត់ដ៏គួរឲ្យព្រួយកង្វល់​មួយ នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង នៅពេលដែលផ្លែទុរេនថៃដែលធ្លាប់តែមានភាពល្បីល្បាញ បែរជាត្រូវជួបវិបត្តិលក់មិនដាច់ និងមានការធ្លាក់ចុះនៃការនាំចូលយ៉ាងគំហុក។

ស្ថានភាពនេះបានបង្កើតជាចម្ងល់យ៉ាងខ្លាំង ព្រោះបច្ចុប្បន្នមានប្រជាជនថៃរហូតដល់ទៅជាង ១៣ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ ដែលតាមទ្រឹស្តីពួកគេគួរតែជាក្រុមអតិថិជនគាំទ្រដ៏ធំបំផុត។

ផ្អែកតាមរបាយការណ៍របស់ សារព័ត៌មាន Bangkok Post ដោយលើកយកការវិភាគលើកត្តាទីផ្សារ សេដ្ឋកិច្ច គេបានរកឃើញមូលហេតុចម្បងៗចំនួន ៤ ដែលធ្វើឲ្យទុរេនថៃ មិនអាចវាយលុកទីផ្សារកូរ៉េបានជោគជ័យ។

រូបភាព៖ហ្វេសបុក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដំបូងបង្អស់ គឺពាក់ព័ន្ធទៅនឹងកត្តាតម្លៃ និងថ្លៃដឹកជញ្ជូនខ្ពស់ហួសហេតុ ដែលធ្វើឲ្យទុរេនស្រស់ក្លាយជាទំនិញប្រណីតភាពសម្រាប់តែអ្នកមាន។ ដោយសារតែកូរ៉េខាងត្បូង មានចម្ងាយឆ្ងាយពីថៃ និងមានវិធានការត្រួតពិនិត្យអនាម័យដ៏តឹងរ៉ឹងបំផុត ការដឹកជញ្ជូនទុរេនស្រស់តាមផ្លូវអាកាសតម្រូវឲ្យចំណាយថ្លៃដើមខ្ពស់ខ្លាំង ដែលធ្វើឲ្យតម្លៃលក់រាយទុរេនស្រស់នៅលើទីផ្សារទីក្រុងសេអ៊ូលហក់ឡើងខ្ពស់កប់ពពក។ តម្លៃដ៏ថ្លៃនេះមិនត្រឹមតែធ្វើឲ្យប្រជាជនកូរ៉េ កម្រហ៊ានចំណាយលុយទិញនោះទេ សូម្បីតែពលករថៃជាង ១៣ម៉ឺននាក់ដែលកំពុងស្នាក់នៅទីនោះ ក៏ត្រូវបង្ខំចិត្តលះបង់ការចង់ហូបចុករបស់ខ្លួនដែរ ដើម្បីសន្សំសំចៃប្រាក់ផ្ញើត្រឡប់មកផ្ទះវិញ។

កត្តាទីពីរ ដែលជាឧបសគ្គដ៏ធំគឺទម្លាប់ និងវប្បធម៌រស់នៅរបស់ប្រជាជនកូរ៉េផ្ទាល់តែម្តង។ ជនជាតិកូរ៉េភាគច្រើនមិនចូលចិត្ត និងមិនអាចទ្រាំទ្រនឹងក្លិនដ៏ខ្លាំង និងប្លែករបស់ទុរេនបានឡើយ ដោយពួកគេតែងតែប្រៀបធៀបក្លិននោះទៅនឹងរបស់រលួយ ឬខ្ទឹមបារាំងផ្អួរ។ លើសពីនេះ វប្បធម៌រស់នៅកូរ៉េភាគច្រើន គឺផ្ដោតលើការស្នាក់នៅតាមអាផាតមិនរួមគ្នា និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរការណ៍សាធារណៈដ៏ណែនណាន់តាប់ ដែលទីកន្លែងទាំងនោះមានការរឹតត្បិត និងហាមឃាត់ដាច់ខាតមិនឲ្យមានទំនិញដែលមានក្លិនរំខានដូចជាទុរេនឡើយ។ ក្លិនដែលជាប់នៅក្នុងបន្ទប់ ឬទូទឹកកកក្នុងរយៈពេលយូរ បានធ្វើឲ្យពួកគេមានការរារែកចិត្តក្នុងការទិញយកទៅរក្សាទុក ឬបរិភោគនៅក្នុងផ្ទះ។

មូលហេតុទីបី គឺការកើនឡើងនៃជម្រើសជំនួស ពិសេសគឺការវាយលុកពីសំណាក់ទុរេនបង្កកមកពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី។ ទីផ្សារកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរទម្លាប់ ដោយសារពួកគេមិនចូលចិត្តទិញទុរេនស្រស់ទាំងមូល ដែលមានបន្លាមកគាស់ដោយខ្លួនឯង នាំឲ្យពិបាក និងសល់សំបកបង្កើតជាសំរាមមានក្លិនស្អុយ។ ផ្ទុយទៅវិញ ពួកគេចូលចិត្តទិញទុរេនបង្កកដែលបកសាច់រួចស្រេច។ ក្នុងចំណោមនោះ ទុរេនពូជ Musang King របស់ម៉ាឡេស៊ីដែលនាំចូលជាប្រភេទបង្កក ត្រូវបានគេកែច្នៃធ្វើជាបង្អែម ឬការ៉េមលក់តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចទំនើបៗដូចជា Coupang ដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់យុវជនកូរ៉េ ធ្វើឲ្យទុរេនស្រស់ធម្មតារបស់ថៃត្រូវបាត់បង់ចំណែកទីផ្សារស្ទើរតែទាំងស្រុង។

ចំណែកមូលហេតុចម្បងចុងក្រោយ គឺបញ្ហាប្រឈមផ្នែកស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។ វិធានការត្រួតពិនិត្យរបស់កូរ៉េ ទៅលើកសិផលនាំចូលគឺមានភាពម៉ត់ចត់ខ្លាំង ស្របពេលដែលកន្លងមក ផ្លែទុរេនថៃធ្លាប់បានជួបប្រទះនូវព័ត៌មានអវិជ្ជមានមួយចំនួនទាក់ទងនឹងការរកឃើញសារធាតុគីមី សារធាតុកាត់មីញ៉ូម (Cadmium) ឬការប្រើប្រាស់ថ្នាំលាបពណ៌លឿង (Basic Yellow 2) ពីសំណាក់អាជ្ញាធរនៃប្រទេសជាដៃគូនាំចេញផ្សេងទៀត។

ជាក់ស្ដែង ទោះបីជាមានការខិតខំប្រឹងប្រែងកែទម្រង់ និងរឹតបន្តឹងស្តង់ដារគុណភាពពីសំណាក់ក្រសួងកសិកម្មថៃយ៉ាងណាក៏ដោយ ក៏ព័ត៌មានទាំងនេះបានធ្វើឲ្យផ្សារទំនើប និងអ្នកចែកចាយទំនិញនៅក្នុងប្រទេសកូរ៉េខាងត្បូង បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកាត់បន្ថយការបញ្ជាទិញទុរេនស្រស់ពីថៃ ដើម្បីចៀសវាងការខាតបង់ ប្រសិនបើទំនិញទាំងនោះមិនឆ្លងកាត់ស្តង់ដារសុវត្ថិភាពណាមួយរបស់អាជ្ញាធរកូរ៉េ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ទុរេនថៃ លក់មិនដាច់​នៅផ្សា​រកូរ៉េខាងត្បូង ថៅកែ​កូរ៉េ​​ខាតលុយច្រើន បញ្ជាឲ្យប្រមូល បោះចោលក្នុងឡានសំរាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម