ព័ត៌មានអន្ដរជាតិ
ការបាត់បង់ទីផ្សារកសិផលនៅក្រៅប្រទេសកាន់តែច្រើន កំពុងជំរុញកសិករថៃ ប្រឈមវិបត្តិកាន់តែច្រើន
វិស័យកសិកម្មក្នុងប្រទេសថៃ កំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងពេលនេះ ដែលទីផ្សារកសិផលបានបាត់បង់ ហើយវិបត្តិក្នុងស្រុកក៏កើតមានជាបន្តបន្ទាប់។ កសិករក្នុងស្រុកកាន់តែច្រើន បានត្អូញត្អែរ និង រអ៊ូរទាំ ថា ពួកគេស្ទើរតែដកដង្ហើមមិនរួចទៅហើយ ក្រោយពេលសេដ្ឋកិច្ចជាតិជួបការធ្លាក់ចុះដុនដាបខ្លាំង រោងចក្រឧស្សាហកម្មបិទទ្វាកាន់តែច្រើន រួមផ្សំនឹងការបាត់បង់ទីផ្សារនាំចេញសំខាន់ៗទៅក្នុងដៃប្រទេសជិតខាង។

ផ្អែកតាមរបាយការណ៍សេដ្ឋកិច្ចចុងក្រោយបង្អស់របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញថា វិបត្តិបំណុលក្នុងវិស័យកសិកម្មថៃកំពុងតែរីករាលដាលកាន់តែជ្រៅទៅៗ ដែលបង្កឡើងដោយការធ្លាក់ចុះនៃប្រាក់ចំណូល និងការកើនឡើងនៃតម្លៃធាតុចូលកសិកម្ម ដូចជា ជី និងប្រេងឥន្ធនៈជាដើម បើទោះបីជាមានការអន្តរាគមន៍និងការប្រកាសពីការជួយឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាលរបស់លោក អានុទីន ក៏ដោយ ក៏វានៅតែមិនទាន់អាចជួយស្រោចស្រង់ស្ថានភាពដោះស្រាយជីវភាពរបស់កសិករបានគ្រប់គ្រាន់នោះឡើយ។
មិនតែប៉ុណ្ណោះ សម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត នៅពេលដែលការនាំចេញកសិផល ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករ និងប្រជានេសាទថៃ បានរងការវាយប្រហារយ៉ាងដំណំពីបញ្ហាភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជាផង និង ជម្លោះលើការនាំចេញផលនេសាទទៅកាន់ប្រទេសម៉ាឡេស៊ីផង ។
យោងតាមទិន្នន័យពី ទីភ្នាក់ងារព័ត៌មាន AviNews ការនាំចេញចំណីអាហារនិងកសិផលរបស់ថៃបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងតម្លៃនៅលើទីផ្សារសកល និងការអនុវត្តគោលនយោបាយពឹងផ្អែកលើខ្លួនឯងរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម ដូចជាប្រទេសឥណ្ឌូនេស៊ីដែលបានកាត់បន្ថយការនាំចូលកសិផលសំខាន់ៗពីថៃ។
លើសពីនេះ ភាពតានតឹងផ្នែកសន្តិសុខនិងការសម្រេចចិត្តបិទច្រកព្រំដែនឯកតោភាគីពីសំណាក់អាជ្ញាធរថៃ បានជំរុញឲ្យប្រទេសកម្ពុជាចាត់វិធានការសងសឹកពាណិជ្ជកម្មភ្លាមៗ ដោយការផ្អាកនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះស្ទើរតែទាំងស្រុង ។ ការបាត់បង់ច្រកព្រំដែនកម្ពុជាដែលធ្លាប់តែជាទីផ្សារផ្ទាល់ផង និងជាផ្លូវឆ្លងកាត់កសិផលទៅកាន់ប្រទេសដទៃផងនោះ បានធ្វើឲ្យទំនិញនិងផ្លែឈើរបស់កសិករថៃរាប់រយឡានត្រូវកកស្ទះ និងខូចខាតនៅតាមព្រំដែនយ៉ាងអាណោចអាធ័ម។
ក្រៅពីបញ្ហាទីផ្សារនិងនយោបាយ កសិករថៃក៏កំពុងតែចាញ់ប្រៀបប្រទេសជិតខាងលើផ្នែកផលិតភាពដោយសារតែវិបត្តិបម្រែបម្រួលអាកាសធាតុថែមទៀតផង។ តាមការវិភាគដែលត្រូវបានលើកឡើងនៅក្នុង សារព័ត៌មាន Bangkok Post បានគូសបញ្ជាក់ថា ការកើនឡើងនៃកម្តៅភពផែនដីបានធ្វើឲ្យទិន្នផលស្រូវ កៅស៊ូ និងដំឡូងមីរបស់ថៃធ្លាក់ចុះទាបជាងបណ្តាប្រទេសជិតខាង ដូចជា ឡាវ និងកម្ពុជា ដែលបច្ចុប្បន្នកំពុងតែពង្រឹងសមត្ថភាពផលិតនិងដណ្តើមចំណែកទីផ្សារនាំចេញយ៉ាងសស្រាក់សស្រាំ។
ជាក់ស្ដែង កត្តាទាំងអស់នេះ បានរុញច្រានឲ្យកសិករថៃភាគច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពទាល់ច្រក ដោយសារតែជួបវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងផង បាត់បង់ដៃគូនាំចេញផង និងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដណ្តើមទីផ្សារយ៉ាងចាស់ដៃពីប្រទេសជិតខាងផង ដែលនោះធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែជួបភាពតានតឹង និងពិបាកដកដង្ហើមស្ទើរតែគ្រប់ៗគ្នា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


