ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ កើតចលាចល និងផ្ទុះការវាយប្រហារញឹកញាប់ សឹងរាល់ថ្ងៃ
មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។

ក្នុងសេចក្តីរាយការណ៍ដែលដកស្រង់ពី Khaosod, Amarin និង Bangkok Post, នៅដើមខែតែម្តង ពោលគឺថ្ងៃទី១ មន្ត្រីវ័យក្មេង ថៃ ត្រូវក្រុមផ្តាច់ខ្លួន បាញ់សម្លាប់ក្នុងខេត្ត Narathiwat។ រូបគេមានឈ្មោះ Wuttipong Chumchua ជាមន្ត្រីល្បាតស្ម័គ្រចិត្ត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសាររបួសគ្រាប់កាំភ្លើង ក្នុងការវាយឆ្មក់នៅភូមិ Ruepoh នៃឃុំ Dusongnyo ស្រុក Chanae។
ភ្លាមៗនោះ កងកម្លាំងថៃ ជឿថា ក្រុមខ្មាន់កាំភ្លើង គឺមានទំនាក់ទំនង ទៅនឹងករណីធ្វើឃាតអភិបាលរងស្រុក Chanae កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិ Sue។

រំលងបានជាងមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺនៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ គ្រាប់បែកតាមចិញ្ចើមផ្លូវ បានផ្ទុះក្បែរសាលារៀន ក្នុងស្រុក Raman នៃខេត្ត Yala វាយប្រហាររថយន្តប៉ូលិស ធ្វើឲ្យក្រឡាប់ ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ គ្រាន់តែបណ្តាលឲ្យប៉ូលិស ២នាក់ ព្រមទាំងជនស៊ីវិល ម្នាក់ រងរបួស។
ហេតុការណ៍នោះ កើតឡើង នាវេលាម៉ោង ៨:៣៥នាទីព្រឹក នៅពេលរថយន្តធ្វើដំណើរឆ្លងកាត់សាលាមួយ ក្នុងបេសកកម្ម ការពារគ្រូបង្រៀនក្នុងតំបន់ មានហានិភ័យ។ យ៉ាងណា សំឡេងផ្ទុះយ៉ាងទ្រហឹង ធ្វើឲ្យក្មេងៗភិតភ័យ និងឆោឡោ ហើយបុគ្គលិកសាលារៀន បាននាំពួកគេ ទៅកាន់បន្ទប់សុវត្ថិភាព ព្រោះតែមានហានិភ័យខ្លាំងពេក។

ក្រោយនោះបាន១ថ្ងៃ ជនផ្តាច់ខ្លួនមួយក្រុម មានប្រដាប់ដោយអាវុធ និងគ្រាប់បែក បានបើកការវាយប្រហារលើមន្ត្រីល្បាត ចំនួន ១២នាក់ទៀត នៅឧទ្យានមួយ ក្នុងខេត្ត Narathiwat ប៉ុន្តែ មន្ត្រីទាំងនោះ អាចរួចរស់ជីវិតបាន។
ការផ្ទុះអាវុធ កើតឡើងនាវេលាម៉ោង ២:៤០នាទី រសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិលេខ៧ ឃុំ Riko នៃស្រុក Suai Padi។

យោងតាមសេចក្តីរាយការណ៍ មន្ត្រីទាំង ១២នាក់នេះ គឺមកពីក្រុមល្បាតឧទ្យាន Budo-Suai Padi ដែលត្រូវរងការបាញ់ប្រហារយ៉ាងសន្ធាប់ ពីសំណាក់ក្រុមផ្តាច់ខ្លួនមូស្លីម ប៉ុន្តែមិនបញ្ជាក់ថា មានគ្នាប៉ុន្មាននាក់ឡើយ។
មិនធូរស្រាលឡើយ! រំលងបាន ២ថ្ងៃប៉ុណ្ណោះ ក្រុមផ្តាច់ខ្លួន ភាគខាងត្បូង ថែមទាំងបំផ្ទុះគ្រាប់បែក វាយប្រហារក្បួនរថយន្ត ចៅហ្វាយស្រុក ក្នុងខេត្ត Pattani បន្តទៀត។

ការវាយប្រហារ កើតឡើងនៅម៉ោង ៤:៤០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ សំដៅលើក្បួនរថយន្ត របស់ចៅហ្វាយស្រុក លោក Danuch Naksanga ដែលធ្វើដំណើរវិលត្រឡប់ មកពីពិធីបើកកម្មវិធីប្រកួតកីឡាបាល់ទាត់ ក្នុងឃុំ Lubo Yirai។
យ៉ាងណា លោក Danuch មិនរងគ្រោះឡើយ ប៉ុន្តែគ្រាប់បែក បានបណ្តាលឲ្យមន្ត្រីប៉ូលិស ៦នាក់ ត្រូវរបួស មានធ្ងន់មានស្រាល។

ចុងក្រោយបំផុត ក្រុមផ្តាច់ខ្លួនលេងឈុតធំតែម្តង តាមរយៈការដុតបំផ្លាញរោងចក្រ ផលិតផ្ទាំងសូឡា នៅខេត្ត Pattani បង្កការបំផ្លិចបំផ្លាញ ធំធេង។
ក្រុមផ្តាច់ខ្លួន បានដុតកម្ទេចរោងចក្រផលិតផ្ទាំងសូឡា របស់ក្រុមហ៊ុន Gunkul Solar Power Generation Co., Ltd នៅឃុំ Talo Kapo នៃស្រុក Yaring នាវេលាម៉ោង ៣:៤៥ នាទី ទាបភ្លឺ ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦។

បញ្ជាការដ្ឋានជួរមុខ ភូមិភាគ៤ នៃបញ្ជាការដ្ឋានប្រតិបត្តិការរក្សាសន្តិសុខផ្ទៃក្នុង របស់ប្រទេសថៃ បានបញ្ជាក់ថា ការដុតបំផ្លាញនេះ បង្កការខូចខាតយ៉ាងដំណំ ដល់រោងចក្រ ហើយមានចេតនា កាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ ជំរុញឲ្យមានចលាចល។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ ឬរបួសរបួស ត្រូវបានរាយការណ៍នោះទេ ហើយសមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ជនបង្ក ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោស។

សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា ដែលបើគិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មិនតិចទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


