Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ចុះហត្ថលេខាលើច្បាប់ ឲ្យរឹបអូសទ្រព្យសម្បត្តិ ជនជាតិរុស្ស៊ី រូបណា ដែលធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ពីក្រៅប្រទេស

បានផុស

នៅ

ទីបំផុត មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការរឹបអូសទ្រព្យសម្បត្តិ និងគណនីធនាគារ របស់ជនជាតិរុស្ស៊ីទាំងឡាយណា ដែលប្រព្រឹត្តល្មើស នឹងផលប្រយោជន៍រដ្ឋ ទោះពួកគេរត់ទៅនៅបរទេស អត់រស់នៅក្នុងប្រទេសរុស្ស៊ី ក៏ដោយ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

តាមការផ្សាយរបស់ RBC Ukraine កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦, ច្បាប់នេះនឹងចូលជាធរមានផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខ ជាមួយការកំណត់មុខសញ្ញាជាក់លាក់ ទៅលើអ្នកដែលរិះគន់វិមានក្រឹមឡាំង ប្រមាថប្រមុខរដ្ឋ ឬថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន ពីក្រៅប្រទេស។

ច្បាប់នេះចែងថា អាជ្ញាធររុស្ស៊ី អាចបង្កក និងរឹបអូសអចលនទ្រព្យ ក៏ដូចជាគណនីធនាគារទុកជា «វិធានការបង្ការជាមុន» សូម្បីតែមុនពេល តុលាការចេញសាលក្រមចុងក្រោយ ក៏ដោយ។

វិសោធនកម្មច្បាប់ ដែលអនុម័តដោយសភារុស្ស៊ី បានធានាថា តម្លៃនៃទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស គឺមិនត្រូវបានកំណត់ទៅតាមទំហំនៃប្រាក់ពិន័យនោះទេ ពោលគឺតុលាការ អាចបង្កកទ្រព្យសម្បត្តិដែលមានតម្លៃរាប់លានរូប្ល៍ បើទោះជាការផាកពិន័យរដ្ឋបាលជាមូលដ្ឋាន មានកម្រិតតិចតួចក៏ដោយ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

អ្វីដែលសំខាន់ក្នុងច្បាប់នេះ គឺថា ប្រសិនបើអ្នកនៅក្រៅស្រុក មិនអាចទាក់ទងបាន ឬមិនអាចជូនដំណឹងអំពីដំណើរការនីតិវិធីនេះ តុលាការនឹងចាត់តាំងមេធាវីការពារក្តីរបស់រដ្ឋ ហើយបន្តចាត់ការលើសំណុំរឿងនេះ ក្នុងស្ថានភាពកំបាំងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ក្រុមអ្នកវិភាគនយោបាយឯករាជ្យ និងអ្នកជំនាញខាងច្បាប់ នាំគ្នាលើកឡើងថា ច្បាប់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំបិទមាត់ ក្រុមអ្នករិះគន់ដែលហ៊ានបញ្ចេញមតិនៅក្រៅប្រទេស និងបង្កើតជាសម្ពាធផ្នែកហិរញ្ញវត្ថុ ទៅលើប្រជាពលរដ្ឋរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២ មក។

ទន្ទឹមនោះ ក្រុមអ្នកសង្កេតការណ៍កត់សម្គាល់ថា ច្បាប់នេះជាការព្រមានចុងក្រោយបង្អស់ ទៅកាន់ក្រុមអ្នករិះគន់ ដែលកំពុងនិរទេសខ្លួនថា ផ្លូវរបស់ពួកគេ ត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ គឺត្រូវបានកាត់ផ្តាច់ទាំងស្រុងហើយ ដែលជំរុញឲ្យមនុស្សជាច្រើន ប្រញាប់ប្រញាល់លក់ទ្រព្យសម្បត្តិ ដែលនៅសេសសល់ក្នុងស្រុក យ៉ាងប្រញាប់ប្រញាល់ មុនពេលឱសានវាទខែកញ្ញា ចូលមកដល់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម