Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តីការ​ពារជាតិ ​អ៊ីស្រាអែល អះអាង​ថា អាមេរិក មិន​ដាក់សម្ពាធ​ឲ្យ​​ដកទ័ពចេញពី​លីបង់​ទេ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យ​ដឹង​ នៅថ្ងៃទី២៤ ខែមិថុនា ថា សហរដ្ឋអាមេរិកមិនបានទាមទារឲ្យអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងលីបង់នោះទេ ដែល​លក្ខខណ្ឌដកទ័ពនេះ គឺជាអ្វីដែលភាគីលីបង់ បានកំណត់នៅក្នុងកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្តធ្វើឡើងតែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឯមហាសន្និបាតនៃថ្នាក់ដឹកនាំមូលដ្ឋានក្នុងទីក្រុង Tel Aviv លោក Katz បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ ថា «យើងបានប្រកាសហើយថា ទោះស្ថិតក្នុងករណីណាក៏ដោយ ក៏យើងមិនដកទ័ពថយនោះដែរ ហើយគិតមកទល់ពេលនេះ ដែលវាជាសមិទ្ធផលការទូតមួយ គឺមិនទាន់មានការទាមទារណាមួយពីអាមេរិកឲ្យអ៊ីស្រាអែលដកទ័ពចេញពីលីបង់ឡើយ»។ នេះបើយោងការចេញផ្សាយពី សារព័ត៌មាន middleeasteye

នៅពេលគេសួរថា តើកងទ័ពនឹងអនុវត្តតាមដែរឬទេ ប្រសិនបើមានការស្នើសុំបែបនេះពីអាមេរិកមែននោះ លោក Katz បានឆ្លើយតបថា លោកបានប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានប្រាប់ទៅប្រធានាធិបតី ដូណាល់ ត្រាំ ដូចគ្នាដែរថា «យើងនៅទីនោះគឺដើម្បីការពារប្រជាជននៅភាគខាងជើង» នៃប្រទេសអ៊ីស្រាអែល។

ស្របពេលដែលកិច្ចចរចាជុំទី៥ រវាងអ៊ីស្រាអែល និងលីបង់ បានចាប់ផ្តើមធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាល​ពីថ្ងៃអង្គារ ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) បានបដិសេធមិនទទួលយកការឈ្លានពានទឹកដី​របស់អ៊ីស្រាអែលនៅភាគខាងត្បូងឡើយ​ និងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោក ដែលការលើកឡើងនេះគឺដៅសម្តៅទៅលើប្រទេសអ៊ីរ៉ង់ ដែលជាអ្នកកាពារនៅពីក្រោយខ្នងរបស់ក្រុមហេសបូឡា។

ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់ក៏បានបញ្ជាក់ជាថ្មីផងដែរថា សន្តិភាពនៅលីបង់ គឺជាសសរទ្រូងដ៏សំខាន់ក្នុងការឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅមជ្ឈិមបូព៌ា។ ជាក់ស្ដែង នាបច្ចុប្បន្ន ទាំងអ៊ីស្រាអែល និងលីបង់ កំពុងស្ថិតក្នុងកិច្ចចរចាដែលមានអាមេរិកជាអ្នកសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះ ក៏ដូចជាការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការដកកងទ័ពរបស់អ៊ីស្រាអែលចេញ។

គួរបញ្ជាក់ដែរថា អាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីសប្តាហ៍មុន ក្នុងគោលបំណងស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីសង្គ្រាមដែលបានបើកការវាយប្រហារដោយអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ចង់រំដោះ​​ខ្លួន​ពីការ​ពឹង​វិស័យ​យោធាអាមេរិក ងាកមក​ផលិតអាវុធដោយខ្លួនឯង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម