Connect with us

ព័ត៌មានអន្ដរជាតិ

ពេលសវនាការ​ជាមួយប្រមុខ​ណាតូ លោក ត្រាំ លើករឿងខកចិត្ត​ជាថ្មី​ទៀត ក្នុងសង្គ្រាម​នៅអ៊ីរ៉ង់​

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្ត ដែលបណ្តាសម្ព័ន្ធមិត្តណាតូ មិនបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់យុទ្ធនាការយោធារបស់អាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន france24

អគ្គលេខាធិការណាតូ លោក Mark Rutte ជជែកជាមួយលោកត្រាំ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅសេតវិមាន កាលពីថ្ងៃទី២៤ ខែមិថុនា ប្រធានាធិបតី​ ដូណាល់ ត្រាំ បានថ្លែងថា៖ «យើងមានការខកចិត្ត! អាមេរិកបានកម្ចាត់អ៊ីរ៉ង់ទាំងស្រុងនៅក្នុងសប្តាហ៍ដំបូង ប៉ុន្តែវាជារឿងល្អ ប្រសិនបើពួកគេ (សម្ព័ន្ធមិត្ត) និយាយថា ពួកគេចង់ជួយជ្រោមជ្រែងខ្លះ»។ លោក ត្រាំ​ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ពិតជាមិនត្រូវការជំនួយក្នុងរឿងនេះទាល់តែសោះ។

ជាការឆ្លើយតប ​អគ្គលេខាធិការ​​អង្គការណាតូ លោក Mark Rutte បានការពារបណ្តាប្រទេសជាសមាជិកណាតូ ដោយ​លើក​ឡើង​ថា យន្តហោះចម្បាំងរបស់អាមេរិកចន្លោះពី ៤០០០ ទៅ ៥០០០ គ្រឿង បានហោះចេញពីមូលដ្ឋានទ័ពនានាក្នុងតំបន់អឺរ៉ុប អំឡុងពេលធ្វើសង្គ្រាមនោះ។

ក្រោយបញ្ចប់ជំនួប មេដឹកនាំណាតូរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ប្រធានាធិបតី ត្រាំ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះសម្ព័ន្ធភាពណាតូ ហើយបានអះអាងថា អាមេរិកនឹងការពារអឺរ៉ុប «យ៉ាងពិតប្រាកដ» ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។

ការរិះគន់របស់លោកត្រាំ មកលើណាតូ បានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលមេដឹកនាំនៃប្រទេសជាសមាជិកទាំង ៣២ ត្រៀមលក្ខណៈចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី នាថ្ងៃទី៧-៨ ខែកក្កដាខាងមុខ។

គួរបញ្ជាក់ថា ប្រធានាធិបតីត្រាំ មិនបានពិគ្រោះយោបល់ជាមួយណាតូឡើយ មុនពេលអាមេរិក និងអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ សម្ព័ន្ធមិត្តសំខាន់ៗនៅអឺរ៉ុប ក៏បានបង្ហាញការមន្ទិលសង្ស័យជាបន្តបន្ទាប់អំពីគោលបំណងនៃសង្គ្រាមនេះផងដែរ។

ក្រៅពីជម្លោះជាមួយអ៊ីរ៉ង់ អាមេរិកក៏មានភាពតានតឹងជាមួយសម្ព័ន្ធមិត្តណាតូផ្សេងទៀត រួមទាំងកោះហ្គ្រីនឡែន ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលលោក ត្រាំ ធ្លាប់បានគំរាមកំហែងកាត់យកជាដែនដីរបស់ខ្លួន មុនពេលមានការសម្របសម្រួលគ្នាកាលពីខែមករា។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានថ្លែងចំៗថា ប្រទេសជាសមាជិកណាតូនៅអឺរ៉ុប ត្រូវតែទទួលខុសត្រូវចម្បងលើកិច្ចប្រឹងប្រែងការពារជាតិបែបធម្មតាៗ។ ក្រសួងការពារជាតិអាមេរិក បានប្រកាសពីការកាត់បន្ថយចំនួនឧបករណ៍យោធាដែលបានដាក់ពង្រាយនៅជុំវិញពិភពលោក ដែលឧបករណ៍ទាំងនោះភាគច្រើនត្រូវបានផ្គត់ផ្គង់ដល់ប្រតិបត្តិការរបស់ណាតូ។

យ៉ាងណា ចំណាត់ការនេះបានបង្កើតឲ្យមានក្តីបារម្ភថា តំបន់អឺរ៉ុប អាចនឹងងាយរងគ្រោះដោយសារការគំរាមកំហែង ដោយហេតុថាសម្ព័ន្ធមិត្តទាំងនោះនៅតែបន្តពឹងផ្អែកលើអាមេរិកសម្រាប់អាវុធគន្លឹះមួយចំនួន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អាមេរិក និង អ៊ីរ៉ង់ ឈានដល់បង្កើតក្រុមការងារ​​កម្រិតបច្ចេកទេស​ចំនួន ៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម