Connect with us

ព័ត៌មានអន្ដរជាតិ

លោក Starmer ទំនង​ប្រជែង​តំណែង​ដឹកនាំ​ណាតូ ក្នុងឆ្នាំ​២០២៨​ បើ​ លោក Mark Rutte មិនបន្ត​​​​តំណែង​

បានផុស

នៅ

លោក Keir Starmer ដែល​នឹង​ចាក​ចេញពីតំណែង​នាយករដ្ឋមន្ត្រីអង់គ្លេសនៅ​ខែកក្កដា ឬ​ក៏ខែ​សីហា​​ខាងមុខ ក្រោយ​អង់គ្លេស​រកឃើញ​នាយករដ្ឋមន្ត្រី​ថ្មី បានបង្ហាញការចាប់អារម្មណ៍ចង់​​ប្រជែង​​យក​តំណែង​​អគ្គលេខាធិការ​របស់អង្គការណាតូ ដែល​ជា​ស្ថាប័ន​សម្ព័ន្ធយោធា​​​​កំពូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Observer កាលពីថ្ងៃទី២៨ ខែមិថុនា។

លោក Keir Starmer (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ការ​ចុះ​ផ្សាយ​នោះ​​ លោក Starmer មានចំណាប់អារម្មណ៍ចង់ក្លាយជាអគ្គលេខាធិការអង្គការណាតូ នៅពេលដែលអាណត្តិរបស់លោក Mark Rutte ត្រូវផុតកំណត់នៅឆ្នាំ ២០២៨ លើកលែងតែអាណត្តិនោះត្រូវបានបន្តតែប៉ុណ្ណោះ។

សេចក្តីរាយការណ៍​នោះ​ បានលើក​ឡើង​ថា លោក Starmer នឹងត្រូវការការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាល​​នៃ​ប្រទេសនានា​​​​ជាសមាជិក​របស់​អង្គការ​ណាតូ​ ដើម្បីទទួលបានជោគជ័យក្នុង​​​​​ការ​ប្រជែង​​យក​​តំណែងដ៏សំខាន់​នោះ​។ ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកគាំទ្ររបស់លោក Starmer បានចង្អុលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយ បានអះអាង​ថា អ្នកទាំងពីរជួនកាលថែមទាំង «ច្រឡំដៃចុចទូរស័ព្ទរកគ្នា» ដោយអចេតនាទៀតផង ព្រមទាំងទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត។

ទោះជាយ៉ាងណា ការចង់បានតំណែងនេះអាចនឹងជួបភាពរអាក់រអួល ដោយសារតែទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានប្រែជាល្អក់កករផងដែរ ជុំវិញការបដិសេធរបស់លោក Starmer ក្នុងការគាំទ្រការវាយប្រហាររួមគ្នារបស់អាមេរិក និងអុីស្រាអែលលើប្រទេសអុីរ៉ង់។

ជាទូទៅ អគ្គលេខាធិការណាតូ គឺពឹងផ្អែកលើអតីតប្រមុខរដ្ឋាភិបាល ឬអ្នកការទូតជាន់ខ្ពស់ ដែលត្រូវបានជ្រើសរើសតាមរយៈការពិគ្រោះយោបល់ក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេស ច្បាប់របស់ណាតូ គឺការតែងតាំងប្រមុខថ្មីត្រូវតែមានការយល់ព្រមជាឯកច្ឆន្ទចុងក្រោយពីសមាជិកទាំង ៣២ ប្រទេស ពោលគឺបើអាមេរិកវ៉េតូ ឬមិនព្រម គឺមិនអាចឡើងបានឡើយ។

គួរបញ្ជាក់ដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ លោក Keir Starmer បានដឹកនាំបក្សពលករ ឈ្នះឆ្នោតយ៉ាងធំធេង បញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ ឆ្នាំរបស់បក្សអភិរក្សនិយម។ លោកបានសន្យាថានឹងកែទម្រង់សេដ្ឋកិច្ច និងនាំយកស្ថិរភាពមកជូនប្រទេសជាតិ។

យ៉ាងណា ក្រោយឡើងកាន់អំណាច រដ្ឋបាលរបស់លោកបានសម្រេចចិត្តដំឡើងពន្ធ និងកាត់បន្ថយការឧបត្ថម្ភធនផ្នែកសុខុមាលភាពសង្គម ដែលធ្វើឲ្យប្រជាជនអង់គ្លេសមិនពេញចិត្តយ៉ាងខ្លាំង។ លោកក៏រងការរិះគន់ថា ចំណាយពេលហោះហើរទៅបរទេសច្រើនជាងនៅមើលការខុសត្រូវសុខទុក្ខប្រជាជនក្នុងស្រុក។ ការបរាជ័យនេះ បានបង្កជាការបះបោរក្នុងជួរគណបក្ស ដោយសមាជិកសភាជិត ១០០ រូប រួមទាំងរដ្ឋមន្ត្រីជាច្រើនរូប បានដាក់សម្ពាធបង្ខំលោកឲ្យចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យអ្នកថ្មីឡើងមកស្រោចស្រង់បក្សឡើងវិញ ទើបធ្វើឲ្យលោកស្រក់ទឹកភ្នែកប្រកាសលាលែងភ្លាមៗ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ពេលសវនាការ​ជាមួយប្រមុខ​ណាតូ លោក ត្រាំ លើករឿងខកចិត្ត​ជាថ្មី​ទៀត ក្នុងសង្គ្រាម​នៅអ៊ីរ៉ង់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម