Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជន​​​សក្តានុពល ដែល​អាច​បន្តតំណែង ពី​លោក Starmer

បានផុស

នៅ

នយោបាយរបស់អង់គ្លេស បានឈានចូលដល់របត់ថ្មីមួយទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រី Keir Starmer បានប្រកាសលាលែងពីតំណែងជាផ្លូវការ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ក្រោយបាត់បង់ការគាំទ្រពីសមាជិកសភា និងមន្ត្រីក្នុងបក្សពលកររបស់លោក។

ការចាកចេញរបស់លោក Starmer ដែលបានកាន់តំណែងមិនបានដល់ពីរឆ្នាំផងនោះ បានធ្វើឲ្យអង់គ្លេសត្រៀមខ្លួនស្វាគមន៍នាយករដ្ឋមន្ត្រីទី៧ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ចុងក្រោយនេះ ពោលគឺគិតចាប់តាំងពីការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប កាលពីឆ្នាំ២០១៦។

លោក Andy Burnham និងលោក Keir Starmer (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកលើ​សេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បេក្ខជនឈានមុខគេដែលអាចនឹងឡើងមកបន្តតំណែងពីលោក Starmer គឺលោក Andy Burnham ដែលជាអតីតអភិបាលក្រុង Greater Manchester និងជាសមាជិកសភាថ្មីតំណាងឲ្យមណ្ឌល Makerfield ហើយក៏ជាម្ចាស់រហស្សនាម «ស្តេចភាគខាងជើង» ។

លោក Burnham ត្រូវបានគេមើលឃើញថាជាអ្នកនយោបាយដែលមានប្រជាប្រិយភាពខ្លាំង និងអាចទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតគ្រប់និន្នាការនយោបាយ។ ផ្អែកតាមនីតិវិធីផ្ទៃក្នុងរបស់បក្សពលករ ការតែងតាំងនឹងត្រូវបើកនៅថ្ងៃទី៩ ខែកក្កដា ហើយបើលោកក្លាយជាបេក្ខជនតែម្នាក់គត់ដែលទទួលបានការគាំទ្រគ្រប់គ្រាន់ នោះនឹងត្រូវប្រកាសជានាយករដ្ឋមន្ត្រីថ្មីដោយស្វ័យប្រវត្តិនាពាក់កណ្តាល ឬចុងខែកក្កដា ឆ្នាំ២០២៦ នេះតែម្តង ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្ទៃក្នុងពេញលេញនោះឡើយ។

ទោះបីជាមានការលើកឡើងពីឈ្មោះអ្នកនយោបាយផ្សេងទៀតដូចជាលោក Al Carns ឬលោក Darren Jones ក៏ដោយ ក៏គូប្រជែងសំខាន់គឺអតីតរដ្ឋមន្ត្រីសុខាភិបាលលោក Wes Streeting បានប្រកាសមិនចូលរួមប្រកួតប្រជែង និងបានងាកមកគាំទ្រលោក Burnham រួចជាស្រេចហើយ។

ដោយឡែក ចំពោះការផ្លាស់ប្តូរមេដឹកនាំអង់គ្លេសជាញឹកញាប់បែបនេះ បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបទាំងមូល។ ក្នុងរយៈពេល ១០ ឆ្នាំ ក្រោយការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប សម្ពាធសេដ្ឋកិច្ច ការកើនឡើងនៃអតិផរណា និងបញ្ហាចំណាកស្រុកខុសច្បាប់ បានក្លាយជាកត្តាជំរុញឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងឡុងដ៍ជាបន្តបន្ទាប់ ដែលបង្កើតជាភាពមិនច្បាស់លាស់សម្រាប់ដៃគូសហការនៅទ្វីបអឺរ៉ុប។

មិនតែប៉ុណ្ណោះ វិបត្តិនយោបាយបានធ្វើឲ្យយុទ្ធសាស្ត្រស្តារទំនាក់ទំនងឡើងវិញរវាងអង់គ្លេស និងសហភាពអឺរ៉ុប ត្រូវគាំងមួយកន្លែង។ លោក Starmer ធ្លាប់បានប្តេជ្ញានាំយកអង់គ្លេសឲ្យកាន់តែខិតជិតទៅរក «បេះដូងនៃអឺរ៉ុប» តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការចល័តកម្លាំងពលកម្ម ប៉ុន្តែការលាលែងពីតំណែងភ្លាមៗរបស់លោក បានបង្កើតឲ្យមានក្តីបារម្ភជាថ្មីអំពីភាពជាដៃគូដែលអាចទុកចិត្តបាន។

ហេតុដូច្នេះ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ត្រូវបង្ខំចិត្តរង់ចាំមើលថាតើមេដឹកនាំថ្មី នឹងបន្តយុទ្ធសាស្ត្រការបរទេសបែបណា ខណៈពេលដែលអឺរ៉ុបកំពុងត្រូវការភាពឯកច្ឆន្ទ និងស្ថិរភាពដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសវិបត្តិភូមិសាស្ត្រនយោបាយ និងសង្គ្រាមថាមពល។

បន្ថែមពីលើនេះ របាយការណ៍សេដ្ឋកិច្ចពី Reuters បានបង្ហាញថា ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅអង់គ្លេសក៏បានជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបផងដែរ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុញឹកញាប់ ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ ដែលធ្លាប់តែចាត់ទុកអង់គ្លេសជាចំណុចកណ្តាលនៃសេដ្ឋកិច្ចអឺរ៉ុប។ នៅពេលដែលទីក្រុងឡុងដ៍ជួបវិបត្តិនយោបាយ ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រេចចិត្តវិនិយោគរវាងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតត្រូវបានពន្យារពេល ដែលវាកាន់តែបន្ថែមបន្ទុកដល់កំណើនសេដ្ឋកិច្ចអឺរ៉ុបដែលកំពុងតែមានភាពយឺតយ៉ាវស្រាប់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ការ​​​លាលែងពីតំណែង​របស់​នាយករដ្ឋមន្ត្រី​​​អង់គ្លេស​ ប៉ះពាល់​ដល់​កិច្ច​ប្រជុំកំពូល​អឺរ៉ុប​-អង់គ្លេស​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម