Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃ​នៅ​អឺរ៉ុប ឡោមព័ទ្ធប្រទេសចំនួន​៣ ខណៈ​ផ្សែងពុលហុយទ្រលោមពេញ​អាកាស

បានផុស

នៅ

បច្ចុប្បន្ននេះ ប្រទេសព័រទុយហ្គាល់ ក្រិក និងអេស្ប៉ាញ កំពុងតែជួបគ្រោះមហន្តរាយភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យកងពន្លត់អគ្គិភ័យរាប់រយនាក់ចេញប្រតិបត្តិការទាំងយប់ទាំងថ្ងៃ។

ភ្លើងឆេះព្រៃនៅក្រិក (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP ចុះផ្សាយ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦ ស្ថានភាពនៅព័រទុយហ្គាល់ហាក់ធ្ងន់ធ្ងរជាងគេ ដោយសារភ្លើង បានឆេះអស់រយៈពេលជាងបីថ្ងៃមកហើយ រហូតដល់ថ្នាក់ប្រទេសជិតខាង ដូចជា អេស្ប៉ាញ និងអ៊ីតាលី ត្រូវប្រញាប់បញ្ជូនទាំងកម្លាំងមនុស្ស និងយន្តហោះទៅ​ជួយអន្តរាគមន៍បន្ថែម។

ចំណែក​ឯ​នៅទីក្រុង Thessaloniki របស់ប្រទេសក្រិក អាជ្ញាធរបានប្រកាសសុំឱ្យប្រជាពលរដ្ឋសម្ងំនៅក្នុងផ្ទះ និងបិទទ្វារបង្អួចឱ្យជិត ដោយសារមានផ្សែងពុលយ៉ាងខ្លាំងហុយចេញពីរោងចក្រកែច្នៃកាកសំណល់មួយ ដែលត្រូវបានភ្លើងឆេះព្រៃ​លេបត្របាក់។ មិនតែប៉ុណ្ណោះ នៅភាគខាងលិចទីក្រុង Athens ក៏មានភ្លើងឆេះព្រៃធំមួយទៀតបានផ្ទុះឡើងក្នុងព្រៃស្រល់ ដោយមានកងពន្លត់អគ្គិភ័យជាង ២០០នាក់ និងយន្តហោះជិត ៣០គ្រឿង កំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីពន្លត់ភ្លើងឱ្យបានមុនពេលមេឃងងឹត។

ចំណែកឯនៅតំបន់ Vouzela នៃប្រទេសព័រទុយហ្គាល់ ភ្លើងព្រៃបានបំផ្លាញដីអស់ប្រមាណ ១២ ០០០ហិកតាទៅហើយ ដោយមានកម្លាំងពន្លត់អគ្គិភ័យជាង ១ ២០០នាក់ ចូលរួមជួយសង្គ្រោះ ទើបធ្វើឱ្យស្ថានភាពនៅទីនោះ ចាប់ផ្តើមធូរស្រាលបន្តិចវិញ។ ដោយឡែក នៅតំបន់ Girona របស់ប្រទេសអេស្ប៉ាញ ភ្លើងព្រៃ ក៏បានលេបត្របាក់ដីអស់ជិត ២ ២០០ហិកតាដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបន្តធ្វើការទាំងលំបាក ដោយសារខ្សែបន្ទាត់ភ្លើងឆេះ មានប្រវែងវែងពេក។

អាជ្ញាធរក្រិក បានប្រាប់ថា ភ្លើងឆេះព្រៃប្រហែល ៨៥ភាគរយ នៅក្នុងប្រទេស គឺបង្កឡើងដោយភាពខ្ជីខ្ជារបស់មនុស្ស ដូចជា ការបោះកន្ទុយបារីចោល ផ្សារដែកបង្កឱ្យខ្ទាតផ្កាភ្លើង ឬការដើរកំសាន្តអាំងសាច់ក្រៅផ្ទះជាដើម៕

ភ្លើងឆេះព្រៃនៅក្រិក (រូបថត៖ AP)
ភ្លើងឆេះព្រៃនៅក្រិក (រូបថត៖ AP)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម