Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​រាប់រយនាក់នៅ​អឺរ៉ុប ស្លាប់ដោយសារ​កត្តា​អាកាសធាតុក្តៅខ្លាំងពេក ​ដល់​បំបែក​កំណត់ត្រា​

បានផុស

នៅ

រលកកម្តៅដ៏​សែនក្តៅ​មិន​ធ្លាប់​មាន បានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ដោយក្នុង​នោះប្រទេសអេស្ប៉ាញមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេ ខណៈសីតុណ្ហភាពបានហក់ឡើង​លើស​​ ៤០​អង្សាសេ និងបានបំបែកកំណត់ត្រានានានៅទូទាំងទ្វីប។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT​ ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពនៅអេស្ប៉ាញ អាជ្ញាធរបានផ្សាភ្ជាប់ការស្លាប់របស់មនុស្សជាង ២០០នាក់ ទៅនឹងកត្តា​អាកាសធាតុក្តៅខ្លាំងនេះ។ ជាក់ស្ដែង អាល្លឺម៉ង់ បានរាយការណ៍ពីអ្នកស្លាប់ជាង ២០នាក់ ដែលភាគច្រើនជាករណីលង់ទឹក ដោយសារតែ​ពួកគេទៅរកភាពត្រជាក់នៅក្នុងទន្លេ បឹង និងអាងហែលទឹក ដើម្បី​​ទ​ប់​ទល់​នឹងកម្តៅ​​។

បារាំងបានបញ្ជាក់ពីការស្លាប់របស់មនុស្សមួយចំនួនដោយសារកម្តៅ ក្នុងនោះរួមមានទាំងកុមារផងដែរ ចំណែកឯអ៊ីតាលីក៏បានរាយការណ៍ពីការស្លាប់ជាច្រើននាក់ ខណៈមន្ទីរពេទ្យនានាបានទទួលព្យាបាលអ្នកជំងឺកាន់តែច្រើនឡើង ដែលរងគ្រោះដោយសារការដាច់សរសៃឈាមខួរក្បាលព្រោះកម្តៅខ្លាំង និងការបាត់បង់ជាតិទឹក។

រលកកម្តៅនេះបានគ្របដណ្តប់លើផ្នែកភាគច្រើននៃអឺរ៉ុបខាងលិច និងអឺរ៉ុបខាងត្បូង ដោយទីក្រុងប៉ារីសបានកត់ត្រាថ្ងៃក្តៅបំផុតមិនធ្លាប់មានក្នុងខែមិថុនា គឺរហូតដល់ ៤០.៩អង្សាសេ ចំណែកឯអង់គ្លេសបានចុះបញ្ជីសីតុណ្ហភាពខ្ពស់បំផុតក្នុងខែមិថុនា គឺ ៣៦.៤អង្សាសេ។ ប្រទេសស្វីសក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខែមិថុនាផងដែរ ខណៈអាជ្ញាធរនៅទូទាំងតំបន់បានប្រកាសអាសន្នពណ៌ក្រហម បិទសាលារៀន លុបចោលសេវាកម្មរថភ្លើង និងបានជម្រុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលដែលក្តៅខ្លាំងប្រចាំថ្ងៃ។

ក្រុមអ្នកឧតុនិយមបានសន្មតថា សីតុណ្ហភាពដ៏ក្តៅខ្លាំងនេះបណ្តាលមកពីបាតុភូត «ដំបូលកម្តៅ» ជាប់លាប់ ដែលបានឃុំខ្យល់ក្តៅឲ្យនៅជាប់ពីលើតំបន់អឺរ៉ុប និងរារាំងប្រព័ន្ធអាកាសធាតុត្រជាក់មិនឲ្យចូលមកបាន។ ស្ថានភាពនេះបានបង្កគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅក្រាស់ក្រែល ដែលជាកន្លែងបេតុង និងកៅស៊ូថ្នល់រក្សាកម្តៅទុកនៅពេលយប់ ធ្វើឲ្យមានភាពត្រជាក់តិចតួចប៉ុណ្ណោះបន្ទាប់ពីថ្ងៃលិច។

ក្រុមអ្នកជំនាញនិយាយថា អឺរ៉ុបនៅតែងាយរងគ្រោះជាពិសេស ដោយសារតែលំនៅឋានភាគច្រើនត្រូវបានរចនាឡើងដើម្បីរក្សាកម្តៅក្នុងរដូវរងាដ៏ត្រជាក់ ជាជាងការរក្សាផ្ទះឲ្យត្រជាក់ក្នុងរដូវក្តៅ។ វាខុសពីអាមេរិកខាងជើង និងផ្នែកជាច្រើននៃអាស៊ី ដោយសារម៉ាស៊ីនត្រជាក់តាមផ្ទះនៅតែមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេនៅទូទាំងទ្វីបនេះ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងអូសបន្លាយពេលយូរ។

រដ្ឋាភិបាលនានាបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈរលកកម្តៅនៅតែបន្តកើតមាន ហើយពួកគេកំពុងជម្រុញឲ្យប្រជាជនរក្សាជាតិទឹកក្នុងខ្លួន ចៀសវាងសកម្មភាពក្រៅផ្ទះក្នុងអំឡុងពេលសីតុណ្ហភាពឡើងខ្ពស់បំផុត និងជួយពិនិត្យមើលសាច់ញាតិវ័យចំណាស់ ក៏ដូចជាអ្នកងាយរងគ្រោះផ្សេងទៀត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម