Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ផ្តល់សិទ្ធឲ្យអ៊ុយក្រែន ផលិតមីស៊ីល Patriot ដោយខ្លួនឯង ហើយប្រាប់ថា៖ «ឈប់ត្អូញទៀត»

បានផុស

នៅ

ខែលការពារអាកាស បានក្លាយជាប្រធានបទក្តៅរបស់អ៊ុយក្រែន ព្រោះថាមួយរយៈចុងក្រោយ ទីក្រុងកៀវ បានត្អូញត្អែរខ្វះប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ទើបធ្វើឲ្យគ្រាប់របស់រុស្ស៊ី ហោះបុកទម្លុះចូលវាយប្រហាររដ្ឋធានី បង្កការបំផ្លិចបំផ្លាច និងថែមទាំងសម្លាប់ជនស៊ីវិក រាប់សិបនាក់ទៀតផង។

ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot (រូប៖ Reuters)

ដោយមើលឃើញពីស្ថានការណ៍ដ៏យ៉ាប់យ៉ឺននៅនឹងមុខ ហើយមានការទទូចសុំ ពីភាគីអ៊ុយក្រែនទៀតនោះ ពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសបើកភ្លើងបៃតង ឲ្យទីក្រុងកៀវ ទទួលបានសិទ្ធក្នុងការផលិតមីស៊ីល Patriot ដោយខ្លួនឯង ដើម្បីយកទៅ ទប់ទល់ជាមួយរុស្ស៊ី ហើយប្រាប់ថា៖ «ឈប់ត្អូញទៀតទៅ» ។

ប្រមុខសេតវិមាន បានជួបទ្វេភាគី ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងកង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយក្នុងអំឡុងពេលនោះ លោកត្រាំ ប្រាប់ទៅប្រមុខរដ្ឋាភិបាលទីក្រុងកៀវ ថា៖ «យើងនឹងផ្តល់អាជ្ញាប័ណ្ណឲ្យអ្នក ដើម្បីផលិតមីស៊ីលPatriot។ នោះពិតជាឡូយណាស់! ធ្វើបែបនេះ អ្នកនឹងលែងរអ៊ូទាំទៀតហើយ ថា យើងផ្តល់ឲ្យមិនគ្រប់គ្រាន់។ យើងមាន Patriot ប៉ុន្តែមិនមានច្រើនពេកទេ! យើងក៏ត្រូវទុកប្រើខ្លួនឯងដែរ»។

លោក ហ្សេលេនស្គី (ឆ្វេង) ជាមួយលោក ត្រាំ (រូប៖ Reuters)

តើតាមសម្តីលោកត្រាំ, អ៊ុយក្រែន នឹងផលិតប្រព័ន្ធនេះ ដោយខ្លួនឯង ប៉ុន្តែអាមេរិក នឹងជួយផ្តល់បច្ចេកវិទ្យា ហើយបង្រៀនអ៊ុយក្រែន ពីរបៀបធ្វើមីស៊ីលនេះ។

យ៉ាងណា លោក ត្រាំ បញ្ជាក់ថា លោកមិនទាន់ជម្រាបជូន ក្រុមហ៊ុនការពារជាតិអាមេរិកធំៗដូចជា Lockheed Martin និង RTX Corporation (Raytheon) ដែលជាអ្នកបង្កើតប្រព័ន្ធនេះ នៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា ក្រុមហ៊ុនទាំងនោះនឹងព្រម តាមការសម្រេចចិត្តនេះ។

សូមជម្រាបជាថ្មី, កងទ័ពអាកាសអ៊ុយក្រែន បានប្រកាសថា ខ្លួនកំពុងខ្វះប្រព័ន្ធការពារដែនអាកាសយ៉ាងធ្ងន់ធ្ងរ ជាហេតុបណ្តាលឲ្យមីស៊ីលរុស្ស៊ី ជាង២០គ្រាប់ ហោះធ្លាយ ទម្លុះចូលរដ្ឋធានី សម្លាប់មនុស្ស ២៣នាក់។

ការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន (រូប៖ Reuters)

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat និយាយថា ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធស្ទាក់ចាប់ Patriot  ប្រភេទ PAC-2 និង PAC-3 បានធ្វើឲ្យរដ្ឋធានីកៀវ ធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះទាំងស្រុង ចំពោះការវាយប្រហារ តាមផ្លូវអាកាសដោយគ្រាប់មីស៊ីលបាលីស្ទិក។

និយាយទៅ មិនមែនមកពីប្រព័ន្ធការពារអាកាសអ៊ុយក្រែនអន់ទេ ប៉ុន្តែមកពីមីស៊ីលបាលីស្ទិក ត្រូវការតែប្រព័ន្ធ Patriot PAC-3 ប៉ុណ្ណោះ ទើបបាញ់ស្កាត់បាន ប៉ុន្តែបច្ចុប្បន្ន អ៊ុយក្រែនកំពុងដាច់គ្រាប់ Patriot ទៅហើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម