Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ ថា ច្រកសមុទ្រ Hormuz សំខាន់ជាងគ្រាប់បែក​នុយក្លេអ៊ែរ​ទៅទៀត

បានផុស

នៅ

ទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានថ្លែង​នៅ​ថ្ងៃអាទិត្យទី១២ ខែកក្កដា ថា ច្រកសមុទ្រ Hormuz ដែលដឹក​ប្រេង​ឆ្លង​កាត់​​ពី​មជ្ឈិមបូព៌ា​ទៅកាន់ទីផ្សារ​អន្តរជាតិ គឺ​មានសារៈសំខាន់ជាង «គ្រាប់បែក​​នុយក្លេអ៊ែរ​រាប់សិបគ្រាប់»ទៅ​ទៀត​​ ដោយបានប្តេជ្ញាថានឹងការពារផ្លូវទឹកដ៏សំខាន់មួយនេះដាច់ខាត។

ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់​​ ISNA បានដកស្រង់សម្តីរបស់លោក Mohsen Rezaei ដែលជា​ទីប្រឹក្សា​​​​ប្រមុខ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ ដោយ​​​និយាយថា «ច្រកផ្លូវយុទ្ធសាស្ត្រនេះមានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ទៅទៀត ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងការពារវា»។

លោក Mohsen Rezaei ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថា ព្យាយាមបង្កើតគ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុង​តេហេរ៉ង់​បានអះអាងវិញថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិលតែប៉ុណ្ណោះ។

ភាពតានតឹងទាំងនេះបានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ តាមរយៈការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់អាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ali Khamenei។

ឧបសគ្គចម្បងក្នុងការឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ គឺអនាគតនៃច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បានបិទ មិនឲ្យមានការដឹកជញ្ជូនពាណិជ្ជកម្មអំឡុងពេលសង្រ្គាម។ ជាក់ស្ដែង ផ្លូវទឹកនេះគឺជាបំពង់បង្ហូរដ៏សំខាន់សម្រាប់ការនាំចេញប្រេង និងហ្គាសចេញពីតំបន់ឈូងសមុទ្រ ហើយការបិទច្រកសមុទ្រនេះក្នុងអំឡុងពេលសង្រ្គាម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

មិនតែប៉ុណ្ណោះ អ៊ីរ៉ង់នៅតែជម្នះទាមទារគ្រប់គ្រងលើការឆ្លងកាត់នៃនាវាទាំងឡាយ និងមានផែនការប្រមូលកម្រៃ សរុបជាជំហរមួយដែលទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនទទួលយក។

គួរបញ្ចាក់ដែរថា ក្រុងតេហេរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យ និងបានបាញ់បង្ហោះគ្រាប់មីស៊ីលព្រមទាំងដ្រូនទៅលើប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ដើម្បីជាការសងសឹកទៅនឹងការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក។ ការវាយប្រហាររបស់អាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅរហូតដល់ក្រុមនាវិកត្រូវបង្ខំចិត្តបោះបង់នាវាចោល។

ទោះជាយ៉ាងណាក៏ដោយ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសនៅក្នុងថ្ងៃអាទិត្យដដែលនោះថា ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់នាវាទាំងអស់ ហើយកងកម្លាំងយោធាអាមេរិកបាន «ត្រៀមលក្ខណៈ និងទីតាំងជាស្រេច» ដើម្បីធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម