Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្តូរពីយុទ្ធសាស្ត្រការពារ ទៅជាការបោស​សម្អាត​សត្រូវ​ដល់ក្នុងទឹកដី!

បានផុស

នៅ

កាលពីថ្ងៃពុធ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៦ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាស​អំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អ៊ីស្រាអែលទាំងស្រុង ដោយឈប់អនុវត្តគោលនយោបាយអង្គុយរង់ចាំការពារខ្លួនដូចមុនទៀតហើយ ប៉ុន្តែបែរជាសម្រេចចិត្តចេញមុខវាយលុក និងបោសសម្អាតសត្រូវដល់ក្នុងទឹកដីរបស់ពួកគេផ្ទាល់តែម្តង។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន New York Post ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសពិធីរំឭកវិញ្ញាណក្ខន្ធមេដឹកនាំចលនាហ្ស៊ីយ៉ូនីស្ត លោក Ze’ev Jabotinsky នៅឯទីបញ្ចុះសពយោធាភ្នំ Herzl ដោយលោក ណេតាន់យ៉ាហ៊ូ បានព្រមានយ៉ាងខ្លាំងៗទៅកាន់មេដឹកនាំអ៊ីរ៉ង់ថា កុំឱ្យមានការយល់ច្រឡំជាដាច់ខាត បើហ៊ានបើកការវាយប្រហារមកលើអ៊ីស្រាអែល លើកនេះនឹងមិនមែនជារឿងលេងសើចឡើយ ប៉ុន្តែនឹងក្លាយជាការឆ្លើយតបដ៏ខ្លាំងក្លា និងខុសប្លែកពីអ្វីដែលធ្លាប់កើតឡើងកន្លងមក។

លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលបានសម្រេចចិត្តបែបនេះ បន្ទាប់ពីការវាយប្រហារដ៏រន្ធត់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមប្រដាប់អាវុធរាប់ពាន់នាក់ បានសម្រុកចូលព្រំដែន បណ្តាលឱ្យមានមនុស្សស្លាប់ ១ ២០០នាក់ រងរបួសរាប់ពាន់នាក់ និងចាប់ខ្លួនចំណាប់ខ្មាំង ២៥១នាក់។ ដើម្បីការពារកុំឱ្យព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀត ពេលនេះកងទ័ពអ៊ីស្រាអែលបានបង្កើត «តំបន់ទ្រនាប់» សន្តិសុខនៅខាងក្នុងទឹកដីហ្កាហ្សា ភាគខាងត្បូងលីបង់ និងតំបន់ហ្គោឡាននៃប្រទេសស៊ីរី ដើម្បីធានាថា គ្មានក្រុមប្រដាប់អាវុធណាមួយអាចមកឈរជើងកៀកព្រំដែនរបស់ខ្លួនបានទៀតឡើយ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថា អ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ ដើម្បីកម្ចាត់ចោលនូវហានិភ័យភ្លាមៗ។ លោកបានបញ្ជាក់ថា ខ្លួនបានដោះស្រាយបញ្ហាជាមួយគ្រប់ភាគី ដែលចង់បង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល ចាប់តាំងពីតំបន់ហ្កាហ្សា យេមែន លីបង់ រហូតដល់អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ជម្លោះនេះ មិនត្រឹមតែស្ថិតនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរាលដាលដល់ការប៉ះទង្គិចគ្នាជាមួយក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ ការប្រយុទ្ធជាមួយក្រុមភេរវករនៅតំបន់យូដា និងសាម៉ារី ការវាយប្រហារតាមផ្លូវអាកាសក្នុងស៊ីរី ការប្រឈមមុខនឹងក្រុមហ៊ូធីនៅយេមែន រួមទាំងការឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់។ ជាចុងក្រោយ លោកបានប្ដេជ្ញា​ថា ដរាបណា​លោក​នៅកាន់តំណែងជានាយករដ្ឋមន្ត្រី អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម