Connect with us

ព័ត៌មានអន្ដរជាតិ

តំណាង​ចិន និង អាមេរិក ប៉ះសម្តីគ្នាយ៉ាងក្តៅគគុកនៅ ​ឯកិច្ចប្រជុំ​​ក្រុមប្រឹក្សា​សន្តិសុខ​ UN

បានផុស

នៅ

​អនុប្រធា​ន​​តំណាង​អចិន្ត្រៃយ៍​របស់​​ប្រទេស​ចិន​​​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក Sun Lei បានចោទប្រកាន់សហរដ្ឋ​អាមេរិក នៅ​​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការសហប្រជាជាតិ កាលពីថ្ងៃ ទី១៤ ខែកក្កដា ថា ​សហរដ្ឋ​អាមេរិក​កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ចូលទៅក្នុង «មាត់ជ្រោះដ៏គ្រោះថ្នាក់» តាមរយៈសង្គ្រាមប្រឆាំង​នឹងអ៊ីរ៉ង់។ យោង​ការ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP

ប្រេសិតរបស់ចិនប្រចាំអង្គការសហប្រជាជាតិ លោក Sun Lei (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអំឡុងពេលកិច្ចពិភាក្សាដេញដោលមួយស្តីពីក្រុមហ៊ូធី នៅយេម៉ែន លោក Sun Lei បាននិយាយថា អាមេរិកមានការទទួលខុសត្រូវដែលមិនអាចប្រកែកបាន ចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែន និងសមុទ្រក្រហម។

លោក Sun Lei បានបន្តថា «គឺអាមេរិកនេះឯង ដែលកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការបញ្ចប់អរិភាព និងបណ្តោយឲ្យវិបត្តិនៅហ្គាហ្សាកើតមានបន្ត ព្រមទាំងធ្វើឲ្យភាពតានតឹងកាន់តែរីករាលដាលខ្លាំងឡើង»។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ហើយស្របពេលដែលការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងប្រព្រឹត្តទៅ អាមេរិកបានបើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដែល​បានរុញច្រានស្ថានភាពនៅក្នុងតំបន់ឲ្យធ្លាក់ចូលទៅក្នុងមាត់ជ្រោះដ៏គ្រោះថ្នាក់ម្តងទៀត។

ការលើកឡើងរបស់ប្រេសិត​របស់ចិន បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់លើប្រទេសចិន ពីសំណាក់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz ដែលទើបតែបានចោទប្រកាន់​ទីក្រុង​ប៉េកាំងថា បានរំលោភលើទណ្ឌកម្មហាមឃាត់ការដឹកជញ្ជូនអាវុធរបស់ UN ដែលកំពុងអនុវត្តលើក្រុមហ៊ូធី។

លោក Waltz បានលើកឡើងថា បណ្តារដ្ឋនានាដូចជាអ៊ីរ៉ង់ ហើយក្នុងកម្រិតណាមួយ គឺក្រុមហ៊ុន និងអង្គភាពនានានៅក្នុងប្រទេសចិន បានរំលោភលើសេចក្តីសម្រេចលេខ ២២១៦ ដោយមិនសូវមានការទទួលទោសទណ្ឌអ្វីឡើយ។

សេចក្តីសម្រេចចិត្តលេខ ២២១៦ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ តម្រូវឲ្យក្រុមហ៊ូធីបញ្ឈប់អរិភាព និងដកខ្លួនចេញពីទឹកដីដែលពួកគេបានរឹបអូសនៅយេម៉ែន។ សេចក្តីសម្រេចនេះបានដាក់ទណ្ឌកម្មហាមឃាត់ការផ្តល់អាវុធចំគោលដៅលើក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ និងសម្ព័ន្ធមិត្តរបស់ពួកគេ ព្រមទាំងទណ្ឌកម្មលើបុគ្គលម្នាក់ៗ រួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរផងដែរ។

យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំ UN ចុងក្រោយនេះ ជំហររបស់ប្រទេសចិន តាមរយៈប្រេសិត Sun Lei គឺបានចូលមកគាំទ្រ និងពង្រឹងការតវ៉ារបស់អ៊ីរ៉ង់យ៉ាងពេញទំហឹង។ ចិនបានប្រើប្រាស់វេទិកា UN វាយបកសម្តីគ្នាយ៉ាងក្តៅគគុក ដើម្បីទម្លាក់កំហុសទាំងស្រុងទៅលើអាមេរិក ដោយលើកឡើងដូចអ៊ីរ៉ង់ដែរថា អាមេរិកគឺជាអ្នកបង្កសង្គ្រាម និងរុញមជ្ឈិមបូព៌ាចូលមាត់ជ្រោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម