Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីអាមេរិក ចូលចិត្តវាយប្រហារអ៊ីរ៉ង់ ពេលយប់ ខ្លាំងជាងពេលថ្ងៃ?

បានផុស

នៅ

សហរដ្ឋអាមេរិក បានប្រកាសពីការវាយប្រហារ ៤យប់ជាប់គ្នាលើប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់ៗ រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas, រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈិមបូព៌ាក្នុងទីក្រុង Abadan, ទីក្រុង Mahshahr ក៏ដូចជាកោះ Qeshm, កោះ Kish និងកោះ Abu Musa ផងដែរ។

(រូប៖ Reuters)

តាមការបញ្ជាក់ពីទីក្រុងតេហេរ៉ង់, មានជនស៊ីវិលជាង ៣០នាក់ស្លាប់ ក្នុងការវាយប្រហារ នារយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈទូរទស្សន៍ Al Jazeera បានដកស្រង់របាយការណ៍ របស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ ដែលក៏ឲ្យដឹងផងដែរថា ក្រៅពីមនុស្សស្លាប់ នៅមាន ជាង ២៦០នាក់ទៀតរបួស ទូទាំងប្រទេស។

ដូច្នេះហើយ មានសំណួរថា ហេតុអ្វីអាមេរិក ចូលចិត្តវាយប្រហារអ៊ីរ៉ង់ ពេលយប់ ខ្លាំងជាងពេលថ្ងៃ?

យោងតាមអត្ថបទចេញផ្សាយដោយវិទ្យាស្ថាន សង្គ្រាមសម័យទំនើប នៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (West Point) បានឲ្យដឹងថា មូលហេតុធំ ដែលកងទ័ពអាមេរិក និយមជ្រើសរើសពេលវេលាយប់ ដើម្បីបើកប្រតិបត្តិការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ គឺដោយសារតែ «ឧត្តមភាពបច្ចេកវិទ្យាយោធាដ៏ល្អអស្ចារ្យ» របស់ខ្លួន។

(រូប៖ Reuters)

កងទ័ពអាកាស និងកងកម្លាំងពិសេសអាមេរិក ត្រូវបានបំពាក់ដោយឧបករណ៍មើលក្នុងទីងងឹត និងប្រព័ន្ធស្កេនកម្ដៅ កម្រិតខ្ពស់បំផុត។ ម្យ៉ាងនៅពេលយប់ អាកាសធាតុត្រជាក់ជាងពេលថ្ងៃ ធ្វើឲ្យប្រព័ន្ធចាប់កម្ដៅរបស់អាមេរិក អាចមើលឃើញគោលដៅយោធា (ដូចជា ម៉ាស៊ីនរថក្រោះ រ៉ាដា បាញ់មីស៊ីល ឬមនុស្ស) បានយ៉ាងច្បាស់ពីចម្ងាយ ព្រោះវត្ថុទាំងនោះបញ្ចេញកម្ដៅខុសប្លែកពីមជ្ឈដ្ឋានជុំវិញ។

លើសពីនេះ ប្រព័ន្ធការពារអាកាស និងទាហានជើងគោកអ៊ីរ៉ង់ ភាគច្រើន ត្រូវការចំណាំគោលដៅដោយភ្នែកទទេ ឬឧបករណ៍អុបទិកធម្មតា។ ការវាយប្រហារពេលយប់ ធ្វើឲ្យសត្រូវពិបាកមើលឃើញយន្តហោះចម្បាំង ជាពិសេសយន្តហោះបំបាំងកាយដូចជា B-2 ឬ F-35 ដែលអាមេរិកតែងប្រើប្រាស់។ វាកាត់បន្ថយឱកាស ដែលអ៊ីរ៉ង់អាចប្រើប្រាស់មីស៊ីលស្មា (MANPADS) ដើម្បីបាញ់ទម្លាក់យន្តហោះអាមេរិក ព្រោះពួកគេមិនអាចមើលឃើញយន្តហោះដោយភ្នែកទទេ នៅពេលយប់បានទេ។

(រូប៖ Centcom)

មិនត្រឹមប៉ុណ្ណឹង យប់ជ្រៅ ជាពេលវេលាដែលមនុស្សទូទៅ និងកងទ័ពភាគច្រើនកំពុងសម្រាក ធ្វើឲ្យការឆ្លើយតបយុទ្ធសាស្ត្រ មានភាពយឺតយ៉ាវ និងមិនទាន់សភាពការណ៍។ យោងតាមគោលការណ៍យោធា ការវាយប្រហារពេលយប់ បានបង្កើតសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បង្កជាភាពភ័យខ្លាច ភាពច្របូកច្របល់ និងធ្វើឲ្យសត្រូវបាត់បង់ការគ្រប់គ្រងស្មារតី។

អ្វីដែលកាន់តែសំខាន់ បើតាមការផ្សាយរបស់ TRT World, ការវាយប្រហារពេលយប់ គឺកាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិល។ នៅពេលយប់ ទីតាំងយោធា ឃ្លាំងអាវុធ ឬមជ្ឈមណ្ឌលបញ្ជាការ មិនសូវមានវត្តមានជនស៊ីវិល ឬបុគ្គលិករដ្ឋបាលធម្មតានៅឡើយទេ។ ដូច្នេះ ការវាយប្រហារចំពេលនេះ ជួយកាត់បន្ថយផលប៉ះពាល់ដល់ជីវិតមនុស្សស្លូតត្រង់ ដែលជាយុទ្ធសាស្ត្រនយោបាយ និងច្បាប់សង្គ្រាមអន្តរជាតិ ដើម្បីចៀសវាងការរិះគន់ពីសហគមន៍អន្តរជាតិ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម