Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ចេញសេចក្ដីប្រកាសរួម ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃ

បានផុស

នៅ

ក្រុមប្រទេសសមាជិកអង្គការណាតូកាលពីថ្ងៃពុធបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមមួយនៅក្នុងទីក្រុង វីនីញូស របស់ប្រទេសលីទុយអានី ជាកន្លែងដែលអង្គការណាតូរៀបចំកិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបានឲ្យដឹងថា “បណ្តាប្រទេសនានាបានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ពួកគេចំពោះគោលដៅយុទ្ធសាស្ត្រនៃសេរីភាព ឯករាជ្យ ប្រជាធិបតេយ្យ និងអធិបតេយ្យភាពអ៊ុយក្រែនក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិឲ្យមានសមត្ថភាពការពារខ្លួន និងទប់ស្កាត់ការលុកលុយនាពេលអនាគត” ។

យោងតាមសេចក្តីប្រកាសនោះ ប្រទេសសមាជិកនីមួយៗបានសម្តែងការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយអ៊ុយក្រែនលើសន្តិសុខទ្វេភាគី យូរអង្វែង និងការរៀបចំដើម្បីធានាសមត្ថភាពយោធារបស់អ៊ុយក្រែន, ពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងភាពធន់ដល់អ៊ុយក្រែន, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់តម្រូវការបន្ទាន់របស់អ៊ុយក្រែនជាដើម ។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា “កិច្ចខិតខំប្រឹងប្រែងនេះនឹងត្រូវបានឆ្ពោះទៅមុខ ខណៈពេលដែលអ៊ុយក្រែនបន្តផ្លូវឆ្ពោះទៅរកសមាជិកភាពនាពេលអនាគតនៅក្នុងសហគមន៍ អឺរ៉ូ-អាត្លង់ទិក ហើយប្រទេសផ្សេងទៀតដែលមានបំណងចង់រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះដើម្បីធានាឲ្យមានសេរីភាព រឹងមាំ ឯករាជ្យ និងអធិបតេយ្យភាពអ៊ុយក្រែន អាចចូលរួមក្នុងសេចក្តីប្រកាសរួមនៅពេលណាមួយក៏បានដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍ចំពោះសេចក្ដីប្រកាសនេះ ហើយលោកថែមទាំងបាននិយាយថា លទ្ធផលនៃកិច្ចប្រជុំកំពូលនៅទីក្រុងវីនីញូស គឺអ៊ុយក្រែនត្រូវការជាចាំបាច់ខ្លាំងណាស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ដឹងពីអ្វីដែលត្រូវធ្វើហើយដើម្បីតបតទៅ ហ្វាំងឡង់ និងស៊ុយអែត ដែលចូលជាសមាជិក ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម