Connect with us

ព័ត៌មានអន្ដរជាតិ

​នាយករដ្ឋមន្ត្រី ប៉ូឡូញ ព្រមានពី «កំហុសយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់» ក្រោយ​ការ​ទាស់​គ្នារវាង​ប្រធានាធិបតីប៉ូឡូញ និងសមភាគីអ៊ុយក្រែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមានថា ភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្នរវាងប៉ូឡូញ និងអ៊ុយក្រែន គឺជា «កំហុសយុទ្ធសាស្ត្រដ៏ធំមួយ» ដែលនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសទាំងពីរ ទាំងលើផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងកេរ្តិ៍ឈ្មោះ។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានជម្លោះការទូតដ៏ស្រួចស្រាវ ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមលោកលើកទី២ ដោយសារ​តែ​អ៊ុយក្រែន​ដាក់ឈ្មោះ​​កងកម្លាំង​មួយ​យក​ឈ្មោះ​​​តាមអតីត​សហភាពសូវៀត​ ដែលសម្លាប់​ជន​ជាតិប៉ូឡូង​ប្រមាណ​១០ម៉ឺននាក់ ហើយ ប្រធានា​ធិបតី​ប៉ូឡូញ បាន​ប្រកាសដក​​​ពានកិត្តិយស​ពី​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី​​។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និង លោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាកងារសារព័ត៌មាន Reuters បានស្រង់សម្តី​ លោកនាយករដ្ឋមន្ត្រី​ប៉ូឡូញ ដែល​បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ថា «ការបែកបាក់គ្នារវាងអ្នកនយោបាយប៉ូឡូញ និងអ៊ុយក្រែន គឺជាកំហុសយុទ្ធសាស្ត្រ និងបង្កការខូចខាតដល់ភាគីទាំងសងខាង។ ដូចដែលយើងបានដឹងស្រាប់ហើយថា នៅក្នុងឆាកនយោបាយ ការដើរខុសជំហានយុទ្ធសាស្ត្រ គឺមានគ្រោះថ្នាក់ជាងការប្រព្រឹត្តបទឧក្រិដ្ឋទៅទៀត»។

លោក Donald Tusk បានគូសបញ្ជាក់ថា ពេលនេះលោកកំពុងពិភាក្សាជាមួយដៃគូអឺរ៉ុប ដើម្បីកាត់បន្ថយការខាតបង់ និងធ្វើឲ្យស្ថានភាពនេះស្ងប់ស្ងាត់ឡើងវិញ ប៉ុន្តែវា មិនមែនជាការងារងាយស្រួលនោះទេ។

ឆ្លើយតបនឹងបញ្ហានេះ នៅក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែន និងប៉ូឡូញ មានតែផ្លូវធ្វើជាដៃគូ និងជាមិត្តនឹងគ្នាប៉ុណ្ណោះ ហើយលោកក៏ចេញការព្រមានដែរថា ភាពតានតឹងនយោបាយនេះអាចនាំទៅរក «ការកើនឡើងកម្តៅដ៏គ្រោះថ្នាក់បំផុត»។

ប្រមុខដឹកនាំអ៊ុក្រែន បានថ្លែងការពារការសម្រេចចិត្តរបស់លោកថា «ទាហានរបស់យើងមានសិទ្ធិជ្រើសរើសឈ្មោះនិមិត្តរូបវីរភាពដោយខ្លួនឯង សម្រាប់កងឯកភាពរបស់ពួកគេ។ ក្នុងនាមជាប្រធានាធិបតី និងជាមេបញ្ជាការកំពូល ខ្ញុំត្រូវតែគាំទ្រពួកគេ។ បើគ្មានអ៊ុយក្រែនទេ គ្មាននរណាម្នាក់អាចការពារប៉ូឡូញបានឡើយ»។

យ៉ាងណាមិញ ដើមចមនៃភាពតានតឹងនេះ បានផ្ទុះឡើងបន្ទាប់ពីប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានប្រកាសកាលពីថ្ងៃទី១៩ ខែមិថុនា ក្នុងការដកហូតគ្រឿងឥស្សរិយយស «The Order of the White Eagle» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ប៉ូឡូញ ពីប្រធានាធិបតីអ៊ុយក្រែន ហើយការសម្រេចចិត្តដកហូតនេះ ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បានប្តូរឈ្មោះកងឯកភាពយោធាអ៊ុយក្រែនមួយទៅជា «វីរបុរសនៃកងទ័ព UPA»។

កងទ័ព UPA គឺជាក្រុមឧទ្ទាមជាតិនិយមអ៊ុយក្រែន កាលពីសម័យសង្គ្រាមលោកលើកទី២ ដែលបានវាយប្រយុទ្ធប្រឆាំងទាំងកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ កងទ័ពសូវៀត និងកងទ័ពប៉ូឡូញ។ ប្រជាជនអ៊ុយក្រែនមួយចំនួនចាត់ទុកក្រុម UPA នេះជា «វីរបុរស» ប៉ុន្តែភាគីប៉ូឡូញបានចោទប្រកាន់ក្រុមនេះថា បានចូលរួមនៅក្នុងការសម្លាប់រង្គាលនៅតំបន់ Volhynia ចន្លោះឆ្នាំ១៩៤៣ ដល់ឆ្នាំ១៩៤៥ ដែលបណ្តាលឲ្យជនជាតិប៉ូឡូញប្រមាណ ១០០,០០០ នាក់ត្រូវបាត់បង់ជីវិត។ ជាមួយគ្នានោះ ជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយបកសងសឹកជាបន្តបន្ទាប់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ុយក្រែន​អភិវឌ្ឍដ្រូន​ប្រភេទថ្មី អាចវាយប្រហារបានចម្ងាយដល់ទៅ ៣០០០ គីឡូម៉ែត្រ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម