Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​អភិវឌ្ឍដ្រូន​ប្រភេទថ្មី អាចវាយប្រហារបានចម្ងាយដល់ទៅ ៣០០០ គីឡូម៉ែត្រ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា ដ្រូនរបស់អ៊ុយក្រែនឥឡូវនេះអាចវាយប្រហារចំគោលដៅនៅតំបន់ជួរក្រោយរបស់សត្រូវ ក្នុងចម្ងាយរហូតដល់ ៣០០០ គីឡូម៉ែត្រ។ មេដឹកនាំរូបនេះ បានថ្លែងអំណរគុណដល់ក្រុមវិស្វករក្នុងស្រុកសម្រាប់សមិទ្ធផលដ៏អស្ចារ្យ នេះបើយោងតាមការថ្លែងសាររបស់លោកនៅលើឆានែល Telegram ផ្ទាល់ខ្លួន ចុះផ្សាយដោយ newsukraine នៅថ្ងៃ ទី២១ ខែមិថុនា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារថ្លែងការណ៍នាពេលល្ងាច ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងអំណរគុណដល់យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាពិសេសទាហាននៃកងកម្លាំងប្រតិបត្តិការពិសេស។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា វិធានការទណ្ឌកម្មរយៈចម្ងាយឆ្ងាយ (ការវាយប្រហាររយៈចម្ងាយឆ្ងាយ) បានទៅដល់តំបន់ Tyumen ក្នុងប្រទេសរុស្ស៊ីហើយ ដែលនេះសំដៅទៅលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងដែលមានទីតាំងនៅក្នុងតំបន់នោះ។

ចម្ងាយពីរោងចក្រចម្រាញ់ប្រេង Tyumen នេះ ទៅកាន់ព្រំដែនរបស់ប្រទេសអ៊ុយក្រែន គឺមានប្រវែងប្រហែល ២,០០០ គីឡូម៉ែត្រ។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយ «ភារកិច្ចនេះត្រូវបានអនុវត្តដោយដ្រូនប្រភេទ FP ជំនាន់ថ្មីដែលត្រូវបានកម្ពស់កម្រិត ដែលឥឡូវនេះអាចទៅដល់គោលដៅក្នុងចម្ងាយរហូតដល់ ៣,០០០ គីឡូម៉ែត្រ។ ខ្ញុំពិតជាដឹងគុណដល់ក្រុមវិស្វករ Fire Point ខ្លាំងណាស់»។

មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ផែនការសម្រាប់វិធានការទណ្ឌកម្មរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកំពុងត្រូវបានអនុវត្ត។ លោកក៏បានជម្រាបជូនផងដែរថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងបន្តការវាយប្រហារក្នុងកម្រិតមធ្យម ដោយសំដៅទៅលើគោលដៅយោធានៅក្នុងទឹកដីរបស់អ៊ុយក្រែន ដែលត្រូវបានកាន់កាប់ជាបណ្តោះអាសន្ន។

ប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា វាជារឿងសំខាន់ណាស់ ដែលការវាយប្រហារនេះបានជះឥទ្ធិពលយ៉ាងពិតប្រាកដដល់ប្រព័ន្ធភស្តុភារយោធារបស់រុស្ស៊ី។

កងកម្លាំងការពារជាតិអ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Tyumen ដែលមានទីតាំងនៅចម្ងាយ ២,០០០ គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន។ នាពេលនេះ ការវាយប្រហារនេះត្រូវបានបញ្ជាក់ដោយផ្ទាល់ពីប្រធានាធិបតី លោក ហ្សេលេនស្គី តែម្ដង។

សូមរម្លឹកឡើងវិញថា កាលពីដើមសង្រ្គាម ដ្រូនអ៊ុយក្រែនអាចហោះបានត្រឹមចម្ងាយពីរបីរយគីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ វិស្វករអ៊ុយក្រែន (ដូចជាក្រុម Fire Point ដែលលោក ហ្សេលេនស្គី បានលើកឡើង) បានសម្រេចជោគជ័យក្នុងការពង្រីកសមត្ថភាពវាយប្រហារពីចម្ងាយ ២,០០០ គីឡូម៉ែត្រ (វាយប្រហារចំរោងចក្រ Tyumen នៅស៊ីបេរី) រហូតដល់ទៅ ៣,០០០ គីឡូម៉ែត្រ ដែលមានន័យថា ស្ទើរតែទូទាំងទឹកដីរុស្ស៊ីភាគខាងលិចទាំងមូលឥឡូវនេះស្ថិតក្នុងរង្វង់ព្រួញជម្រៅវាយប្រហាររបស់អ៊ុយក្រែន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម